ឥណ្ឌាប្រារព្ធពិធីកំចាត់ជំងឺស្វិតដៃ ជើងបានដោយជោគជ័យ
នៅថ្ងៃចន្ទ ទី១៣ មករានេះ ឥណ្ឌាបានរៀបចំប្រារព្ធពិធីគ្មានករណីជំងឺស្វិតដៃ ជើងក្នុងរយៈពេល ៣ឆ្នំាកន្លងទៅ។ នៅពេលខាងមុខ និងប្រសិនបើករណីជំងឺស្វិតដៃ ជើងនឹងលែងលេចជារូបរាងនៅក្នុងទឹកដីឥណ្ឌាទៀតនោះ រដ្ឋាភិបាលទីក្រុងញូដែលីនឹងអាចប្រកាសជាផ្លូវការនូវការកំចាត់ជំងឺ ស្វិតដៃ ជើងបានជាស្ថាពរលើទឹកដីរបស់ខ្លួន។ គួរជម្រាបជូនថា អវត្តមានជំងឺស្វិតដៃ ជើងក្នុងទឹកដីឥណ្ឌាពេលនេះបានកើតមានឡើង ចំពេលដែលករណីជំងឺមួយនេះក៏កំពុងចុះឥទ្ធិពលនៅទូទំាងពិភពលោកដែរ។
គឺ ជាការបញ្ជាក់ជាផ្លូវការរបស់អង្គការសុខភាពពិភពលោកដែលថា ក្នុងរយៈពេល ៣ឆ្នំាជាប់ៗគ្នាចុងក្រោយនេះ គ្មានករណីជំងឺស្វិតដៃ ជើងណាមួយត្រូវបានរកឃើញនៅក្នុងទឹកដីឥណ្ឌាឡើយ។ តែគេត្រូវរង់ចំាការបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់របស់អង្គការ សុខភាពពិភពលោកលើកទឹកដីឥណ្ឌានាខែមីនាខាងមុខនេះសិន ទើបគេអាចសន្និដ្ឋានចុងក្រោយថា រដ្ឋាភិបាលទីក្រុងញូដែលីកំចាត់បានជាស្ថាពរនូវជំងឺស្វិតដៃ ជើងលើទឹកដីរបស់ខ្លួន។ គួររម្លឹកជូនថា វត្តមានជំងឺស្វិតដៃ ជើងចុងក្រោយនៅឥណ្ឌាបានកើតមានកាលពីថ្ងៃទី១៣ មករា ឆ្នំា ២០១១ នៅលើទារកស្រីម្នាក់អាយុ ១៨ខែ ក្នុងសង្កាត់អានាធិបតេយ្យមួយក្នុងទីក្រុង Calcutta។
ជោគជ័យរបស់រដ្ឋាភិបាលទីក្រុងញូដែលីក្នុងការកំចាត់មេរោគស្វិតដៃ ជើងត្រូវបានធ្វើឡើង តាមរយៈយុទ្ធនាការចាក់ថ្នំាបង្ការ។ ប្រមុខប្រតិបត្តិការប្រយុទ្ធប្រឆំាងនឹងជំងឺស្វិតដៃ ជើងរបស់អង្គការ Unicef ប្រចំាប្រទេសឥណ្ឌាបានប្រកាសទទួលស្គាល់ថា ឥណ្ឌាពិតជាបានបង្ហាញពិភពលោកអំពីសមត្ថភាពរបស់ខ្លួនក្នុងការ កំចាត់មេរោគមួយនេះ បើទោះបីជាខ្លួនមានប្រជាជនច្រើន និងកំពុងប្រឈមមុខនឹងបញ្ហាអនាម័យក៏ដោយ។
អ្វីជាការកត់សម្គាល់នោះគឺថា ចំពេលដែលឥណ្ឌាទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺស្វិតដៃ ជើង ករណីមេរោគមួយនេះក៏កំពុងចុះថយឥទ្ធិពលរបស់វានៅទូទំាងពិភពលោក ដែរ។ ជាក់ស្តែងនៅក្នុងប្រទេសនីហ្សេរីយ៉ា និងអាហ្វហ្កានីស្ថានដែលជាប្រទេសពីរក្នុងចំណោមប្រទេសទំាងបីជាមួយ ប្រទេសប៉ាគីស្ថានដែលជំងឺស្វតដៃ ជើងបានក្លាយជាជំងឺរាតត្បាតខ្លំាង។ តំាងពីឆ្នំា ២០១២ មក គេសង្កេតឃើញអត្រានៃជំងឺនេះបានធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុង ប្រទេសដែលឆ្លងរាតត្បាតដោយជំងឺស្វិតដៃ ជើង។ យោងតាមអ្នកឯកទេសជំងឺស្វិតដៃ ជើងរបស់អង្គការសុខភាពពិភពលោក ប្រសិនបើការធ្លាក់ចុះនៅបន្តមានយ៉ាងដូចនេះ គេអាចសន្និដ្ឋានថាប្រទេសអាហ្វហ្កានីស្ថាន និងនីហ្សេរីយ៉ាលែងមានជំងឺស្វិតដៃ ជើងទៀតឡើយក្នុងឆ្នំា ២០១៤ នេះ។ តែអ្វីដែលអង្គការសុខភាពពិភពលោកកំពុងព្រួយបារម្ភនោះ គឺវត្តមានជំងឺនេះនៅក្នុងទ្វីបអាហ្រ្វិក ពិសេសប្រទេសសូម៉ាលី។ រីឯប្រទេសស៊ីរីក៏កំពុងក្លាយជាដែនដីថ្មីរបស់ជំងឺស្វិតដៃ ជើងនេះដែរ៕ដោយ គួច គន្ធារ៉ា (RFI)