ទឹម រដ្ឋា ធុញទ្រាន់ផ្ទះល្វែង
សារព័ត៌មាន Cambodia News /
ភ្នំពេញ៖ ថ្មីៗនេះ តារាសម្តែង និងបង្ហាញម៉ូដទឹម រដ្ឋា បានបង្ហើបឱ្យដឹងថា នាងមានគម្រោងទិញផ្ទះថ្មី ដែលជាផ្ទះវីទ្បាស្កឹមស្កៃ នៅសម្រាប់ផែនការឆ្នាំថ្មី២០១៤ នេះដើម្បីលើករាសីឱ្យបាន ព្រមៗគ្នាស្របពេលដែលការងារសិល្បៈកាន់តែកាក់កប និងបោះពួយលឿនទៅមុខ។
ចំពោះផ្ទះល្វែងដែលរដ្ឋា និងក្រុមគ្រួសាររស់នៅតាមបណ្តោយផ្លូវម៉ៃដា (ផ្លូវ២០០៤) នៃរាជធានីភ្នំពេញសព្វថ្ងៃនេះ រងការរំខានអារម្មណ៍ជាប្រចាំ ដោយសារតែបណ្តោយផ្លូវនោះមានដីហុយគ្រប់ម៉ោង បោសសម្អាតមិនឈ្នះ ហើយផ្លូវនោះក៏ខូចជាច្រើនកន្លែង និងស្ទះចរាចរណ៍ទៀត ម្នាក់ៗធុញទ្រាន់គ្រប់គ្នាពីបញ្ហាផ្ទះក្បែរផ្លូវធំមាន មនុស្សទៅមកកកកុញច្រើន ធ្វើឱ្យធុញរាល់លើក ។
បែប នេះហើយទើបក្រុមគ្រួសាររបស់តារាល្បីឈ្មោះ ទឹម រដ្ឋា នាំគ្នាគិតពិចារណារកកន្លែងស្នាក់នៅថ្មីណាមួយវិញ ដើម្បីសម្រួលអារម្មណ៍តានតឹងដោយគ្រោងលក់ផ្ទះចាស់នោះចោល យកលុយដើម្បីបង្គ្រប់ទិញផ្ទះថ្មីតាមបំណងប្រាថ្នាវិញម្តង ។ គម្រោងទិញផ្ទះថ្មីនោះ ជាប្រភេទផ្ទះវីទ្បា ។
កញ្ញាទឹម រដ្ឋា បានទទួលស្គាល់ថា នាងពិតជាគិតគូរដើររកទិញផ្ទះថ្មីជាប្រភេទផ្ទះវីទ្បា មែន ព្រោះបងប្អូនឪពុកម្តាយស្របគំនិតគ្នាយល់ព្រមពីគម្រោងមួយនេះ ដែរ ។ បើបងប្អូននាងទិញប្រភេទផ្ទះល្វែងដូចមុនក៏បាន តែមកពីយល់ថា ធ្លាប់រស់នៅឆ្អែតឆ្អន់យូរហើយ ណាមួយផ្ទះល្វែងមិនសូវធំ ខណៈបងប្អូនសុទ្ធតែមានយានជំនិះគ្រប់គ្នា ទើបពិបាករកកន្លែងចត ។ ក្រុមគ្រួសារនាងចង់បានកន្លែងណាធំទូលាយម្តងកុំឱ្យស្មុគ ចិត្តតទៅទៀត ។ ម៉្យាងទៀតនាងមិនចង់ហក់លោតរកផ្ទះថ្មីទេ បើផ្ទះចាស់របស់នាងមិនមានបញ្ហាហុយដី ស្ទះចរាចរណ៍ និងទឹកលិចទេនោះ ។
ក្នុងផែនការទិញវីទ្បាថ្មី ដោយចំណោយទឹកប្រាក់រាប់ម៉ឺនដុល្លារ ហើយដោយមិនចង់ឱ្យមានការជជីកសួរនាំជុំវិញរឿងមានលុយ ច្រើនបែបនេះ រដ្ឋាបាននិយាយការពារខ្លួនថា បើគិតទៅផ្ទះល្វែងសព្វថ្ងៃនេះ មានតម្លៃយ៉ាងហោចណាស់១០ម៉ឺនដុល្លារដែរ ព្រោះគេបំពាក់របស់របរ ល្អៗ ដូច្នេះបើចំណោយលុយរាប់ម៉ឺនដុល្លារទៅហើយគួរតែទៅទិញផ្ទះណា មើលទៅប្រសើរជាងនេះ ។
រដ្ឋាបានលើកឡើងថា វីទ្បានៅក្នុងបុរីខ្លះគេលក់ក្នុងតម្លៃជិត២០ម៉ឺនដុល្លារ ល្មមពិចារណាបាន ហើយផ្ទះក៏ធំស្រួលនៅទៀតផង ។ ម៉្យាងទៀតបើនិយាយរឿងលុយ គឺនាងមានចំណែកខ្លះដែរ ឯចំណែកផ្សេងទៀតគឺបានពីឪពុកម្តាយ និងបងប្អូនជួយសហការគ្នា សម្រាប់ទិញ៕