ពូជដំណាំធន់នឹងជាតិប្រៃអាចមានលក់នៅលើទីផ្សារនៅក្នុងពេលពីរបីឆ្នាំទៀត
អ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យ Tasmania ប្រទេសអូស្ត្រាលីមានទំនុកចិត្តចំពោះការអភិវឌ្ឍពូជដំណាំដែលធន់ នឹងភាពប្រៃនៅពីរបីឆ្នាំខាងមុខនេះ។
ទូទាំងពិភពលោក ដីចំនួន៣ហិកតារដែលគេប្រើសម្រាប់ដាំដំណាំ និងចិញ្ចឹមសត្វ ត្រូវបាត់បង់រាល់ពេល១នាទីម្ដងដោយសារតែកម្រិតជាតិប្រៃខ្ពស់ ក្នុងដី។
សាស្ត្រាចារ្យ Sergey Shabala មកពីសកលវិទ្យាល័យ Tasmania និយាយថា សន្តិសុខអាហារ គឺជាឧបសគ្គដ៏ធំមួយដែលសហគមន៍ទូទាំងពិភពលោកកំពុងជួបប្រទះ។ លោកមានប្រសាសន៍ថា នៅឆ្នាំ២០៥០ ពិភពលោកនេះ អាចនឹងមានមនុស្សរស់នៅជាង ៩ពាន់លាននាក់។ ដូច្នេះត្រូវតែបង្កើនផលិតផលឲ្យបានប្រមាណជា៧០%។
ឥឡូវ នេះ អ្នកស្រាវជ្រាវមួយក្រុមកំពុងបង្កើតពូជដំណាំ ដែលអាចធន់នឹងជាតិប្រៃ។ លោក Richard Doyle មកពីវិទ្យាស្ថានកសិកម្មនៃរដ្ឋ Tasmania មានប្រសាសន៍ថា រុក្ខជាតិទាំងនោះអាចនឹងមានលក់នៅលើទីផ្សារនៅក្នុងពេលពីរ បីឆ្នាំទៀត។
មកទល់ពេលនេះកម្រិតជាតិប្រៃនៃដីបានធ្វើឲ្យកសិករអូស្ត្រាលីបាត់បង់ថវិកាជាង១ពាន់លានដុល្លារ៕ (Radio Australia)