អាមេរិក​ថា​នឹង​ជួយ​អ៊ីរ៉ាក់​ទប់ទល់​នឹង​អាល់កៃដា ​តែ​មិន​បញ្ជូន​ទាហាន​ត្រឡប់​ទៅ​អ៊ីរ៉ាក់​វិញ​ទេ

កាលពីថ្ងៃ​សៅរ៍​ម្សិលមិញ ​ក្រុម​ភេរវជន​អាល់កៃដា​នៅ​អ៊ីរ៉ាក់​​បាន​វាយ​ដណ្តើម​កាន់កាប់​ទីក្រុង Fallujah ដែល​ធ្លាប់​ជា​សមរភូមិ​ដ៏​សំខាន់​មួយ កាលពី​​ពេល​ដែល​ទាហាន​អាមេរិក​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា​នឹង​ជួយ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ក្នុងការ​ប្រយុទ្ធ​តទល់​នឹង​ក្រុម​អាល់កៃដា ក៏ប៉ុន្តែថា អាមេរិក​នឹង​មិន​បញ្ជូន​ទាហាន​ឲ្យ​វិល​ត្រឡប់​ទៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​វិញ ​នោះទេ។

ទីក្រុង Fallujah គឺ​ជា​ក្រុង​យុទ្ធសាស្រ្ត​សំខាន់​មួយ ស្ថិត​នៅ​ខាង​លិច​រដ្ឋធានី​បាកដាដ។ កាល​ពី​ពេល​ដែល​កងទ័ព​អាមេរិក​កំពុង​ឈរជើង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ក្រុង​ Fallujah គឺ​ជា​ទីតាំង ដែល​តែងតែ​មាន​ការ​វាយប្រយុទ្ធ​គ្នា​ជា​រឿយៗ រវាង​ទាហាន​អាមេរិក និង​ក្រុម​អាល់កៃដា។

បើ​យោងតាម​មន្រ្តី​យោធា​អ៊ីរ៉ាក់ គិត​ត្រឹម​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ទីក្រុង​ Fallujah មួយផ្នែក​ត្រូវ​ធ្លាក់​ទៅក្នុង​ដៃ​ក្រុម​អាល់កៃដា ចំណែក​ឯ​មួយ​ផ្នែក​ទៀត ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ក្រុម​កុលសម្ព័ន្ធ ដែល​ស្និទ្ធ​នឹង​អាល់កៃដា។

គួរបញ្ជាក់ថា នៅ​អ៊ីរ៉ាក់​ប្រជាជន​ភាគច្រើន​គឺ​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ ស្ហ៊ីអ៊ីត។ រដ្ឋាភិបាល​អ៊ីរ៉ាក់​បច្ចុប្បន្ន​នេះ​ក៏​ត្រូវ​គ្រប់គ្រង​ដោយ​ពួក​ស្ហ៊ីអ៊ីត ​ដែរ។ ក៏ប៉ុន្តែ អ្នក​កាន់​និកាយ​ស៊ុននីត​នៅ​​អ៊ីរ៉ាក់​តែងតែ​នាំគ្នា​តវ៉ា​ថា ពួកគេ​ត្រូវ​រងគ្រោះ​ដោយ​ការ​រើសអើង​ពី​សំណាក់​អាជ្ញាធរ ហើយ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ ​ពួកគេ​ក៏​បាន​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល។

កាល​ពីដើម​​សប្តាហ៍​មុន ជំរំ​បាតុកម្ម​របស់​សហគមន៍​ស៊ុននីត​ត្រូវបាន​​​​កងកម្លាំង​រដ្ឋាភិបាល​​ បំបែក ហើយ​ការ​វាយប្រយុទ្ធគ្នា​ក៏​បាន​ផ្ទុះឡើង រវាង​​ក្រុម​ឧទ្ទាម​ស៊ុននីត​ស្និទ្ធ​នឹង​អាល់កៃដា និង​កងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់។ ការ​វាយប្រយុទ្ធគ្នា ដែល​បាន​រាលដាល​ រហូត​ធ្វើ​ឲ្យ ​ក្រុង​ Fallujah ត្រូវ​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង់​ទាំងស្រុង​របស់​​ក្រុម​អាល់កៃដា ដែល​ជា​រឿង​មិន​ធ្លាប់​មាន ចាប់តាំង​ពី​​កងទ័ព​អាមេរិក​ចូល​ឈ្លានពាន​អ៊ីរ៉ាក់ កាល​ពី​ឆ្នាំ​២០០៣។

នៅថ្ងៃ​អាទិត្យ​នេះ លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​សម្តែង​នូវ​ការព្រួយបារម្ភ ចំពោះ​ស្ថាន​ភាព​នៅ​អ៊ីរ៉ាក់ ហើយ​បាន​សន្យាថា អាមេរិក​នឹង​ជួយ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​អាល់កៃដា។ ក៏ប៉ុន្តែ​លោក​ក៏​បាន​បញ្ជាក់​ផងដែរ​​ថា ការវាយប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​អាល់កៃដា គឺ​ជា​ភារកិច្ច​របស់​ទាហាន​អ៊ីរ៉ាក់ ហើយ​អាមេរិក​មិនមាន​គម្រោង​បញ្ជូន​ទាហាន​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​វិញ​ ទេ៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close