បាតុករភូមាទាមទារឲ្យរដ្ឋាភិបាលលុបចោលច្បាប់ដាក់ទោសលើសកម្មភាពនយោបាយ
មនុស្ស រាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្ម នៅថ្ងៃអាទិត្យនេះ ក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសភូមា ដើម្បីទាមទារឲ្យរដ្ឋាភិបាលលុបចោលនូវរាលច្បាប់ទាំងឡាយណា ដែលរឹតបន្តឹងសិទ្ធិសេរីភាព ព្រមទាំងបញ្ឈប់រាល់ការចាប់ខ្លួនអ្នកដែលធ្វើសកម្មភាពទាក់ទងនឹងរឿង នយោបាយ។
បាតុករបានប្រមូលផ្តុំគ្នា រយៈពេលប្រមាណជា ២ម៉ោង នៅក្បែរសាលាក្រុងរ៉ង់ហ្គូន ដោយនាំគ្នាស្រែកនូវពាក្យស្លោកទាមទារឲ្យរដ្ឋាភិបាលផ្តល់នូវ សិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋ។
សកម្មជនការពារសិទ្ធិមនុស្សភូមា ដែលជាអ្នករៀបចំបាតុកម្ម បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា រហូតមកទល់នឹងពេលនេះ នៅមានអ្នកទោសនយោបាយចំនួន ៣៥នាក់ទៀត ដែលកំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំងនៅឡើយ បើទោះជារដ្ឋាភិបាលបានប្រកាសលើកលែងទោសអ្នកទោសនយោបាយមួយក្រោម ចុងក្រោយ តាំងពីថ្ងៃទី៣១ធ្នូកន្លងទៅ។
គួររំឭកឡើងវិញថា លោកប្រធានាធិបតីថេន សេន ដែលកាលពីមុនធ្លាប់ស្ថិតក្នុងចំណោមមេដឹកនាំរបបសឹកភូមា បានរៀបចំធ្វើកំណែទម្រង់ជាច្រើន ចាប់តាំងពីឆ្នាំ២០១០មក រហូតបានទទួលនូវការកោតសរសើរពីសំណាក់សហគមន៍អន្តរជាតិ ហើយទណ្ឌកម្មជាច្រើនក៏ត្រូវបានគេដកចេញពីភូមា។ លោកថេន សេន ធ្លាប់បានសន្យាថា នឹងដោះលែងអ្នកទោសនយោបាយឲ្យអស់នៅត្រឹមដំណាច់ឆ្នាំ២០១៣។
អង្គការការពារសិទ្ធិមនុស្សនៅតែបន្តសម្តែងនូវក្តីបារម្ភ ជុំវិញច្បាប់មួយចំនួន ដែលកំពុងស្ថិតនៅជាធរមាននៅឡើយ ជាពិសេស ច្បាប់ហាមឃាត់ការធ្វើបាតុកម្ម ដោយគ្មានការអនុញ្ញាត។ គេបារម្ភខ្លាចថា ទៅថ្ងៃអនាគត រដ្ឋាភិបាលភូមាយកច្បាប់នេះ ដើម្បីចាប់ខ្លួនអ្នករិះគន់រដ្ឋាភិបាល។ ម្យ៉ាងទៀត ការចាប់ខ្លួនប្រជាជន នៅក្នុងជម្លោះដីធ្លី ក៏ជាក្តីបារម្ភដ៏ធំមួយផងដែរ។
នៅពីថ្ងៃអាទិត្យ ក្រៅពីបានទាមទារឲ្យលុបចោលច្បាប់ដែលរឹតបន្តឹងសិទ្ធិសេរីភាពពលរដ្ឋ ក្រុមបាតុករភូមាក៏បានទាមទារផងដែរឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បច្ចុប្បន្ន ដែលតាក់តែងឡើងដោយអតីតមេដឹកនាំរបបសឹក ហើយដែលចែងផ្តល់ជាស្វ័យប្រវត្តិ នូវអាសនៈរដ្ឋសភា ១ភាគ ៤ ទៅឲ្យមេដឹកនាំយោធា ដោយមិនឆ្លងកាត់ការបោះឆ្នោត។ ម្យ៉ាងទៀត រដ្ឋធម្មនុញ្ញនេះហាមឃាត់លោកស្រីអ៊ុង សានស៊ូជី មិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី ដោយសារតែលោកស្រីមានកូនកាន់សញ្ជាតិអង់គ្លេស៕ដោយ សេង ឌីណា (RFI)