ភេរវកម្មនៅស្ថានីយរថភ្លើងរុស្ស៊ី សម្លាប់មនុស្សយ៉ាងហោច១៤នាក់
នៅថ្ងៃអាទិត្យនេះ នៅប្រទេសរុស្ស៊ី មានមនុស្សយ៉ាងហោច១៤នាក់ បានស្លាប់ និងជាង១០នាក់ទៀតរងរបួស ក្នុងអំពើភេរវកម្មអត្តឃាតមួយ នៅស្ថានីយរថភ្លើង Voldgograd ស្ថិតនៅភាគខាងត្បូងប្រទេស ជិតតំបន់អសន្តិសុខកូកាសរុស្ស៊ី។ ក្រសួងសុខាភិបាលរុស្ស៊ីប្រាប់ថា មានមនុស្សរបួសដល់ទៅជាង៥០នាក់ឯណោះ។ អាជ្ញាធរកំពុងបើកការស៊ើបអង្កេត។
នៅ រុស្ស៊ី ថ្ងៃអាទិត្យនេះ ភេរវជនអត្តឃាតបំផ្ទុះគ្រាប់បែក នៅពីមុខច្រកចូលស្ថានីយរថភ្លើង វ៉ុលហ្កូក្រាដ គឺជាស្ត្រីមួយរូប។ ស្ត្រីរូបនោះបានដាក់គ្រាប់បែកអត្តឃាត ទំងន់ប្រមាណជា១០គីឡូក្រាម។ នៅពេលកើតហេតុការណ៍ ម្សិលមិញ មានអ្នកដំណើរជាច្រើនកំពុងស្ថិតនៅច្រកចូលស្ថានីយរថភ្លើង វ៉ុលហ្កូក្រាដ។ ស្ថានីយនេះដើមឡើយ មានឈ្មោះថា ស្ថានីយស្តាលីនក្រាត។
បន្ទាប់ ពីមានហេតុការណ៍ភេរវកម្មសម្លាប់មនុស្សនេះមក ប្រធានាធិបតីរុស្ស៊ី បានចេញបញ្ជាអោយអាជ្ញាធរមានសមត្ថកិច្ចជួយដល់អ្នករងរបួសអោយបាន ដិតដល់ និងបានបញ្ជាអោយមានវិធានការសន្តិសុខតឹងតែង នៅស្ថានីយរថភ្លើងវ៉ុលហ្កូក្រាដនេះ។ ក្រសួងមហាផ្ទៃរុស្ស៊ីវិញ បានប្រកាសពង្រឹងសន្តិសុខនៅគ្រប់ទីកន្លែងសំខាន់ៗផ្សេងទៀត គ្រប់ស្ថានីយរថភ្លើង និងអាកាសយានដ្ឋានផងដែរ។
ស្ថានីយរថភ្លើងវ៉ុលហ្កូក្រាដដែលមានកើតហេតុការណ៍ភេរវកម្មនេះ គឺស្ថិតនៅក្បែរតំបន់កូកាសរុស្ស៊ី ជាតំបន់អសន្តិសុខ។ ចាប់តាំងពីឆ្នាំ១៩៩៩ មក អំពើភេរវកម្មសម្លាប់មនុស្សជាច្រើន បានវាយប្រហារប្រទេសរុស្ស៊ី។ ភេរវជនអត្តឃាត ច្រើនជាស្ត្រី ដែលគេអោយប្រសិទ្ធនាមថា ស្ត្រីម៉េម៉ាយខ្មៅងងិត។ ភេរវជនស្ត្រីនេះ គឺជាអាវុធអាទិភាព នៅក្នុងក្រសែភ្នែករបស់ក្រុមឧទ្ទាមអ៊ីស្លាម។ ក្រុមឧទ្ទាមអ៊ីស្លាមបានព្យាយាមបង្កើតរដ្ឋអ៊ីស្លាមមួយ នៅតំបន់កូកាសភាគខាងជើង។
កាលពីខែកក្កដា ប្រធានក្រុមឧទ្ទាម ឈ្មោះ ដូគូ អ៊ូម៉ារ៉ូវ ដែលជាសត្រូវកំពូលរបស់រដ្ឋាភិបាលក្រេមឡាំង បានអំពាវនាវអោយមានការវាយប្រហារប្រឆាំងនឹងកីឡាអូឡាំពិកទឹកកក ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃ៧កុម្ភៈ ខាងមុខ នៅសុតឈី ភាគខាងត្បូងរុស្ស៊ី។ ទីកន្លែងប្រកួតកីឡានេះ ស្ថិតនៅមិនឆ្ងាយពីតំបន់កូកាសរុស្ស៊ីប៉ុន្មានឡើយ៕ដោយ ព្រំ សឿន សូលីណា (RFI)