អ៊ុយក្រែន៖កម្លំាងប៉ូលិស​បាន​ធ្វើ​អន្តរាគមន៍​វាយ​បំបែក​ហ្វូង​បាតុករ

នៅ​ថ្ងៃ ​ពុធ ទី១១ ធ្នូ​នេះ​ក្នុង​ប្រទេស​អ៊ុយក្រែន ជិត ៣សប្តាហ៍ ក្រោយ​ពី​មាន​បាតុកម្ម​ប្រឆំាង​នឹង​រដ្ឋាភិបាល​ក្នុង​ទីក្រុង​គៀវ​មក កម្លំាង​ប៉ូលិស​បាន​សម្រេច​បើក​អន្តរាគមន៍​វាយបំបែក​ហ្វូង​បាតុករ​នៅ​លើ​ ទីលាន​ឯករាជ្យ​នា​វេលា​ម៉ោង ២ទៀប​ភ្លឺ​ព្រឹកមិញ។ បន្ទាប់​មក អន្តរាគមន៍​វាយបំបែក​ហ្វូង​បាតុករ​ក៏​បន្ត​មាន​នៅ​ម្តុំ​សាលាក្រុង​ផង​ដែរ។ សូម​រម្លឹក​ជូន​ថា ក្បួនបាតុកម្ម​នៅ​អ៊ុយក្រែន​ពេល​នេះ​បាន​កើត​មាន​ឡើង ក្រោយ​ពី​លោក​ប្រធានាធិបតី​អ៊ុយក្រែន​វិកទ័រ អ៊ីយ៉ានូកូវិច​បាន​សម្រេចចិត្ត​បែរ​ខ្នង​ដាក់​សហភាពអឺរ៉ុប ដោយ​ងាក​ទៅ​រក​ប្រទេស​រុស្ស៊ី។

ការ​ដែល​រដ្ឋអំណាច​អ៊ុយក្រែន​បាន​សម្រេចចិត្ត​វាយបំបែក​ ហ្វូងបាតុករ​ពេល​នេះ គឺ​ជា​រឿង​មួយ​ដែល​គ្រប់​គ្នា​បាន​រង់ចំា និង​អាច​ថា ជា​រឿង​មិន​អាច​ចៀស​រួច ព្រោះ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពោល​តំាង​ក្បួនបាតុកម្ម​បាន​ចាប់​ផ្តើម​ដំបូង​ជិត ៣សប្តាហ៍​កន្លង​ទៅ​មក ទំហំ​នៃ​ក្បួនបាតុកម្ម​ហាក់​ដូច​ជា​កាន់​តែ​មាន​ទ្រង់ទ្រាយ​កាន់​តែ​ធំ​ឡើងៗ ជា​រៀងរាល់​ថ្ងៃ។ ពី​ដំបូង ក្រុមបាតុករ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តែ​លើ​ទីលាន​ឯករាជ្យ​ដែល​ជា​កន្លែង​ និមិត្តរូប​​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌លឿងទុំ​ផ្តួល​រដ្ឋាភិបាល​កាល​ពី​ ឆ្នំា ២០០៤។ ក្រោយ​មក​ទៀត ក្បួនបាតុកម្ម​ក៏​បាន​ឆ្លង​រាលដាល​រហូត​ដល់​ទៅ​សាលាក្រុង​ទៀត។

ទន្ទឹម​គ្នា​នេះ ក្បួនបាតុកម្ម​ដែល​នៅ​ថ្ងៃ​ដំបូង ចូលរួម​ដោយ​ប្រជាជន​សាមញ្ញ​នោះ ក៏​ត្រូវ​បាន​ចូលរួម​ដោយ​ឥស្សរជន​នយោបាយ​មក​ពី​ក្រុម​គណបក្សប្រឆំាង​ដែរ ពិសេស​ក្រុម​របស់​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​អ៊ុយក្រែន អ៊ីយូលីយ៉ា ទីម៉ូឆេនកូ​ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ក្នុង​ពន្ធនាគារ និង​កំពុង​មាន​ជម្ងឺ​ធ្ងន់។

ដូច្នេះ​ឃើញ​ថា បន្តិច​ម្តងៗ ចលនា​បះបោរ​របស់​ប្រជាជន​បាន​ក្លាយ​ទៅ​ជា​វិបត្តិនយោបាយ​ធ្ងន់ធ្ងរ​មួយ​ដែល​ អ៊ុយក្រែន​កំពុង​ជួបប្រទះ​ជា​ថ្មី។ បន្តិចម្តងៗ ចលនា​បះបោរ​របស់​ប្រជាជន​បាន​និង​កំពុង​រុញច្រាន​ប្រទេស​អ៊ុយក្រែន​ឲ្យ​ ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នៃ​ការ​សងសឹក​គ្នា​រវាង​ក្រុម​លោក​ប្រធានាធិបតី​ វិកទ័រ អ៊ីយ៉ានូកូវិច និង​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​អ៊ីយូលីយ៉ា ទីម៉ូឆេនកូ។ ឥស្សរជន​នយោបាយ​ទំាង​ពីរ​រូប គឺ​ជា​គូបដិបក្ខ​នយោបាយ​ស្លាប់រស់​ដោយ​គ្មាន​មេត្តា​នឹង​គ្នា​ឡើយ។ ការ​ដែល​លោកស្រី​ទីម៉ូឆេនកូ​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​សព្វថ្ងៃ ក៏​ជា​ស្នាដៃ​របស់​​លោក​វិកទ័រ អ៊ីយ៉ានូកូវិច​ដែរ។

អាមេរិក​ព្រមាន​រដ្ឋាភិបាល​អ៊ុយក្រែន​ឲ្យ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ

មុន​នឹង​ចាត់​វិធានការ​ក្តៅ​នៅ​ពេល​នេះ លោក​ប្រធានាធិបតី​អ៊ុយក្រែន​អ៊ីយ៉ានូកូវិច​ធ្លាប់​បាន​ស្នើ​ក្រុមបាតុករ​ឲ្យ ​ចូល​ចរចា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី។ តែ​ភាគី​នីមួយៗ​នៅ​តែ​បន្ត​ប្រកាន់​ជំហរ​តែ​រៀងៗ​ខ្លួន។ លោក​អ៊ីយ៉ានូកូវិច​នៅ​តែ​ចង់​រៀបការ​ជាមួយ​រុស្ស៊ី តែ​នៅ​ខាង​ប្រជាជន​វិញ គឺ​ចង់​រៀបការ​ជាមួយ​សហភាព​អឺរ៉ុប​ជាង ព្រោះ​គេ​យល់​ថា រៀបការ​ជាមួយ​អឺរ៉ុប គឺ​មាន​អនាគត​ល្អ និង​ភ្លឺស្វាង​ជាង​រៀបការ​ជាមួយ​រុស្ស៊ី​ដែល​ពួក​ធ្លាប់​បាន​ភ្លួក​រសជាតិ​ រួច​ហើយ​នៅ​ក្នុង​អតីតកាល។

ជម្រើស​កម្លំាងបាយ​របស់​រដ្ឋាភិបាល​ទីក្រុងគៀវ​ពេល​នេះ​បាន​ទទួល​ការ​រិះគន់ ​ពី​គ្រប់ទិសទី​ទំាង​អស់ ព្រោះ​ថា វា​ជា​ការ​ប្រើ​អំពើហិង្សា​បង្រ្កាប​លើ​ហ្វូង​បាតុករ​អហិង្សា។ នៅ​ក្នុង​ចំណោម​ប្រតិកម្ម​ទិតៀន​ទំាង​នោះ ប្រតិកម្ម​របស់​សហរដ្ឋអាមេរិក​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រតិកម្ម​ដែល​មាន​ លក្ខណៈ​ព្រមាន​ខ្លំាង។ លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី​បាន​ថ្លែង​ថា ចម្លើយ​របស់​រដ្ឋអំណាច​ចំពោះ​បាតុករ​នៅ​ពេល​នេះ ជា​ចម្លើយ​មួយ​មិន​អាច​ទទួល​បាន និង​មិន​ល្អ​ទាល់តែសោះ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ។

លោក​ចន ឃែរី​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​របស់​អាមេរិក​ដែល​ចង់​ឃើញ​ការ​គោរព​ លទ្ធិប្រជាធិបតេយ្យ​ដែល​លោក​យល់​ថា ជា​តម្លៃសាកល មិនមែន​ជា​តម្លៃ​សម្រាប់​តែ​សហរដ្ឋអាមេរិក​ម្នាក់​ទេ។ លោក​ចន ឃែរី​បាន​អំពាវនាវ​ឲ្យ​រដ្ឋអំណាច​អត់ធ្មត់ គោរព​ជីវិត​ប្រជាពលរដ្ឋ និង​ថា រដ្ឋាភិបាល ជា​អ្នកទទួល​ខុសត្រូវ​ទំាង​ស្រុង​ចំពោះ​សន្តិសុខ​របស់​ប្រជាជន​អ៊ុយក្រែន។ ទន្ទឹម​គ្នា​នេះ លោក​ប្រមុខ​ការទូត​អាមេរិក​ក៏​បាន​ស្នើ​រដ្ឋអំណាច​អ៊ុយក្រែន​ឲ្យ​ទទួល​យក​ ឆន្ទៈ​របស់​ប្រជាជន​ដែល​ចង់​បាន​សន្តិភាព តុលាការ និង​អនាគត​នៅ​ក្នុង​សហភាពអឺរ៉ុប។

អនាគត​នយោបាយ​របស់​លោក​វិកទ័រ អ៊ីយ៉ានូកូវិច​កំពុង​ផុយស្រួយ

វា​ហាក់​ដូច​ជា​រហ័ស​ពេក​ដែល​គេ​ហ៊ាន​និយាយ​ថា លោក​វិកទ័រ អ៊ីយ៉ានូកូវិច​នឹង​ធ្លាក់​ពី​អំណាច។អ្វី​ដែល​គេ​អាច​និយាយ​បាន​នៅ​ពេល​នេះ​ គឺ​ថា កៅអី​ប្រធានាធិបតី​របស់​លោក​កំពុង​រង្គោះរង្គើ។ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា នៅ​អ៊ុយក្រែន ចលនា​បះបោរ​របស់​ប្រជាជន​ធ្លាប់​បាន​ធ្វើ​ឲ្យ​ខ្ទាត​ប្រធានាធិបតី​ជា​ច្រើន​ នាក់​កន្លង​មក​ហើយ។ ដូច្នេះ​ថា​មិន​ត្រូវ​ទេ ចំពោះ​អនាគត​របស់​លោក​វិកទ័រ អ៊ីយ៉ានូកូវិច។

អ្វី​ដែល​ប្រជាជន​កំពុង​ក្តៅក្រហាយ​ពេល​នេះ គឺ​ការ​សម្រេចចិត្ត​របស់​លោក​អ៊ីយ៉ានូកូវិច​ដែល​សម្រេច​រត់ចោល​សហភាព​អឺរ៉ុប ទៅ​ឱប​រុស្ស៊ី។ សព្វថ្ងៃ​នេះ លោក​អ៊ីយ៉ានូកូវិច​កំពុង​ជាប់​ស្នេហ៍​បេះ​មិន​ចេញ​ជាមួយ​អតីត​ចៅហ្វាយ​ខ្លួន គឺ​រុស្ស៊ី។ រុស្ស៊ី​ដែល​លោក​ប្រធានាធិបតី​ពូទីន​បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទំាង​អស់​ ដើម្បី​ទាញ​អ៊ុយក្រែន​ឲ្យ​មក​នៅ​ខាង​ខ្លួន។ ជំហរ​របស់​លោក​អ៊ីយ៉ានូកូវិច​ឱប​រុស្ស៊ី​មក​ពី​លោក​យល់​ថា រកស៊ី​ជាមួយ​ចៅហ្វាយ​ចាស់​ដែល​ធ្លាប់​ដឹង​ចិត្ត​គ្នា វា​គ្រាន់​ជាង​រកស៊ី​ជាមួយ​អ្នក​ថ្មី។ តែ​នេះ មិន​មែន​ជា​ការ​យល់ឃើញ​របស់​ប្រជាជន​អ៊ុយក្រែន​ភាគ​ច្រើន​ទេ។

ដូច្នេះ​ឃើញ​ថា អនាគត​របស់​លោក​អ៊ីយ៉ានូកូវិច គឺ​វា​អាស្រ័យ​លើ​ជំហរ​របស់​លោក​តែ​ម្នាក់​គត់។ បើ​លោក​អាច​នឹង​ប្តូរ​ជំហរ​របស់​ខ្លួន​នា​ពេល​ខាង​មុខ លោក​នឹង​អាច​រួច​ខ្លួន​បាន​មួយ​រយៈ តែ​ប្រហែល​ជា​គ្មាន​សង្ឃឹម​ទេ​សម្រាប់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។ មួយ​វិញ​ទៀត និង​ក្រៅ​ពី​ការ​សម្រេច​ចិត្ត​របស់​ប្រជាជន​អ៊ុយក្រែន អនាគត​របស់​លោក​អ៊ីយ៉ានូកូវិច​ក៏​កំពុង​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​រុស្ស៊ី ​ដែរ ព្រោះ​ថា ទោះ​បី​ជា​អ៊ុយក្រែន​ជា​រដ្ឋ​មួយ​ឯករាជ្យ​ក៏​ដោយ ក៏​រុស្ស៊ី​នៅ​តែ​ព្យាយាម​តំាង​ខ្លួន​ជា​អាណាព្យាបាល​ដដែល៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close