ឪពុកមារបស់លោកគីម ជុងអ៊ុន ទំនងជាត្រូវបានគេដកតំណែង
ឪពុកមារបស់លោកគីម ជុងអ៊ុន គឺលោក ចាង សុងថែក ដែលត្រូវបានគេមើលឃើញថា ជាមនុស្សដ៏មានអំណាចម្នាក់នៅកូរ៉េខាងជើង ត្រូវបានគេដកចេញពីតំណែង ហើយមនុស្សជំនិតរបស់លោកមួយចំនួនត្រូវបានកាត់ទោសប្រហារជីវិត។ នេះបើយោងតាមការអះអាងរបស់ទីភ្នាក់ងារចារកិច្ចកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ។ ការដកតំណែងនេះ បើសិនជាពិតជាកើតមានមែន គឺជាហេតុការណ៍ដ៏សំខាន់មួយ នៅកូរ៉េខាងជើង ចាប់តាំងពីលោកគីម ជុងអ៊ុន ឡើងមកកាន់អំណាចជំនួសឪពុករបស់លោក។
ទីភ្នាក់ងារ ចារកិច្ចកូរ៉េខាងត្បូង (National Intelligence Service) បានរាយការណ៍ប្រាប់គណៈកម្មការសភា នៅថ្ងៃអង្គារនេះថា លោក ចាង សុងថែក ត្រូវបានដកតំណែងជាអនុប្រធានគណៈកម្មការការពារជាតិ ដែលជាស្ថាប័នមានអំណាចកំពូលខាងកងទ័ព នៅកូរ៉េខាងជើង។ បន្ថែមពីលើនេះទៀត មនុស្សជំនិតពីររូបរបស់លោកចាង សុងថែក ត្រូវបានគេកាត់ទោសប្រហារជីវិតជាសាធារណៈ កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅនេះ។
គួរបញ្ជាក់ថា លោកចាង សុងថែក ត្រូវជាឪពុកមាថ្លៃរបស់លោកគីម ជុងអ៊ុន។ ភរិយារបស់លោក គឺជាប្អូនស្រីបង្កើតរបស់លោកគីម ជុងអ៊ីល ឪពុករបស់លោកគីម ជុងអ៊ុន។ លោកចាង សុងថែក ត្រូវបានគេមើលឃើញថា ជាអ្នកដែលបានដើរតួនាទីសំខាន់បំផុត នៅក្នុងការរៀបចំឲ្យលោកគីម ជុងអ៊ុន ស្នងតំណែងពីឪពុក កាលពីចុងឆ្នាំ២០១១កន្លងទៅ។ អ្នកវិភាគជាច្រើនធ្លាប់បានលើកឡើងថា លោក ចាង សុងថែក គឺជាឥស្សរជន ដែលអំណាចធំលំដាប់ទី២ នៅកូរ៉េខាងជើង បន្ទាប់ពីលោកគីម ជុងអ៊ុន។
រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើមានដើមហេតុអ្វី ដែលនាំឲ្យមានការដកតំណែងលោកចាង សុងថែកបែបនេះ ហើយថា តើការដកតំណែងនេះអាចពង្រឹង ឬធ្វើឲ្យធ្លាក់ចុះខ្សោយ នូវអំណាចរបស់លោកគីម ជុងអ៊ុន? គេក៏មិនអាចដឹងប្រាកដនៅឡើយដែរថា តើការដកតំណែងលោកចាង សុងថែកនេះ គឺជាគំនិតផ្តួចផ្តើមរបស់លោកគីម ជុងអ៊ុនផ្ទាល់ ឬក៏ដោយសារតែលោកទទួលសម្ពាធពីខាងណា? ក៏ប៉ុន្តែ អ្នកជំនាញខាងកិច្ចការកូរ៉េខាងជើងយល់ថា ការដកតំណែងលោកចាង សុងថែក មិនអាចធ្វើឡើងទៅរួចទេ ប្រសិនបើគ្មានការយល់ព្រមពីសំណាក់លោក គីម ជុងអ៊ុន។
កាលពីខែមុននេះ វិបសៃត៍ឈ្មោះ Daily North Korea ដែលមានទីតាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយជាទូទៅមានប្រភពព័ត៌មានច្រើន ពីខាងក្នុងរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានចុះផ្សាយអត្ថបទមួយ អះអាងថា អំណាច និងឥទ្ធិពលរបស់លោកចាង សុងថែក នៅក្នុងជួរថ្នាក់ដឹកនាំកូរ៉េខាងជើងត្រូវធ្លាក់ចុះខ្សោយ ដោយសារតែលោកលែងជាមនុស្សជំនិត និងគួរជាទីទុកចិត្តរបស់លោកគីម ជុងអ៊ុន៕ដោយ សេង ឌីណា (RFI)