អ.ស.បយកថ្ងៃ២វិច្ឆិកា ជាថ្ងៃប្រារព្ធទិវាអន្តរជាតិប្រឆាំងការមិនដាក់ទោសបទឧក្រិដ្ឋលើអ្នកសារព័ត៌មាន
នៅថ្ងៃអង្គារកន្លងទៅនេះ គណៈកម្មាធិការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានសម្រេចយកថ្ងៃ២វិច្ឆិកា រៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹងការមិនដាក់ទោសបទឧក្រិដ្ឋ លើអ្នកសារព័ត៌មាន។ ថ្ងៃ២វិច្ឆិកា គឺចួនគ្នាទៅនឹងថ្ងៃ២វិច្ឆិកា ឆ្នាំ២០១៣ កន្លងមក ជាថ្ងៃដែលអ្នកសារព័ត៌មានជនជាតិបារាំងពីររូប នៃវិទ្យុបារាំងអន្តរជាតិយើង បានត្រូវក្រុមអាល់កៃដា ប្រចាំអាហ្វ្រិកខាងត្បូង AQMI ចាប់ជាចំណាប់ខ្មាំង និងធ្វើឃាតនៅប្រទេសម៉ាលី។
នៅថ្ងៃ អង្គារដើមសប្តាហ៍នេះ គណៈកម្មាធិការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានអនុម័តយកថ្ងៃ២វិច្ឆិកា រៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹងការមិនមានការដាក់ទោស បទឧក្រិដ្ឋលើអ្នកសារព័ត៌មាន។ ការអនុម័តនេះធ្វើឡើងដោយមិនបានឆ្លងតាមរយៈការបោះឆ្នោតនោះទេ ប៉ុន្តែ គ្រប់ប្រទេសសមាជិកអង្គការសហប្រជាជាតិ បានយល់ព្រមអោយមានការអនុម័តនេះ។
ក្រុងប៉ារីសបានសុំអោយថ្ងៃ ២វិច្ឆិកានេះ ក្លាយជាថ្ងៃនៃទិវាអន្តរជាតិដើម្បីការពារគ្រប់អ្នកសារព័ត៌មាន ទូទាំងពិភពលោក។ ថ្ងៃ២វិច្ឆិកា គឺចួននឹងថ្ងៃ២វិច្ឆិកា ឆ្នាំ២០១៣ ជាថ្ងៃដែលអ្នកសារព័ត៌មានជនជាតិបារាំងពីររូប នៃវិទ្យុបារាំងអន្តរជាតិ RFI ត្រូវគេធ្វើឃាតនៅប្រទេសម៉ាលី។ ថ្ងៃ២វិច្ឆិកានោះ នៅម៉ាលី អ្នកសារព័ត៌មានទាំងពីររូប គឺលោកស្រី Gislaine Dupont និងលោក Claude Verlon ទើបតែបានសម្ភាសន៍អ្នកតំណាងសហគមន៍ទូអារេកមួយរូប។ នៅពីមុខផ្ទះអ្នកតំណាងសហគមន៍រូបនេះ ជនប្រដាប់អាវុធមួយក្រុម ដែលជាក្រុមអាល់កៃដាប្រចាំអាហ្វ្រិកខាងត្បូង ហៅថា AQMI បានចាប់ខ្លួនអ្នកសារព័ត៌មានបារាំងទាំងពីររូប ជាចំណាប់ខ្មាំង ហើយបានសម្លាប់ពួកគាត់ ក្នុងថ្ងៃ២វិច្ឆិកាដដែល។
បុរសជួញដូរគ្រឿងញៀនមួយរូបមកពីសហគមន៍ទូអារេក និងមានជាប់ពាក់ព័ន្ធជាមួយក្រុមឧទ្ទាម AQMI កំពុងត្រូវបានតាមស្វែងរកចាប់ខ្លួន ព្រោះបុរសនេះប្រហែលជាបានរៀបចំផែនការចាប់អ្នកសារព័ត៌មាន វិទ្យុបារាំងអន្តរជាតិទាំងពីររូប។
អង្គការអ្នកយកការណ៍គ្មានព្រំដែនបានស្វាគមន៍ដល់ការសំរេចរបស់អង្គការ សហប្រជាជាតិដែល បានកំណត់យកថ្ងៃ២វិច្ឆិកា នេះ ប្រារព្ធទិវាអន្តរជាតិ ដើម្បីប្រឆាំងនឹងការមិនដាក់ទណ្ឌកម្មលើបទឧក្រិដ្ឋប្រឆាំង អ្នកសារព័ត៌មាន។ សំរាប់អង្គការអ្នកយកការណ៍គ្មានព្រំដែន តាមរយៈការសំរេចយកថ្ងៃ២វិច្ឆិកា ជាទិវាអន្តរជាតិនេះ អង្គការសហប្រជាជាតិបានបញ្ជូនសារដ៏មានអត្ថន័យធ្ងន់មួយ ទៅដល់រាល់ជនដែលសម្លាប់អ្នកសារព័ត៌មាន។
គួររំលឹកថា ចាប់តាំងពីដើមឆ្នាំ២០១៣មក អ្នកសារព័ត៌មាន៥២នាក់ ក្នុងពេលបេសកម្មការងារខ្លួន ត្រូវបានគេសម្លាប់ នៅប្រទេសម៉ាលី ស៊ីរី សូម៉ាលី ប៉ាគីស្ថាន និងប្រេស៊ីល៕ដោយ ព្រំ សឿន សូលីណា (RFI)