គណៈកម្មការ​អឺរ៉ុប​ចង់ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​ បេលី​ និង​ហ្គីណេ​ ពី​ការ​ធ្វេសប្រហែស​​​​រឿង​​នេសាទ​ខុសច្បាប់​

នៅថ្ងៃ​អង្គារ​នេះ គណៈ​កម្មការ​អឺរ៉ុប​បាន​សុំអោយ​ប្រទេស​សមាជិក​​ខ្លួន​នានា ដាក់​ទណ្ឌកម្ម​ទៅលើ​​ប្រទេស​កម្ពុជា បេលី និង​ហ្គីណេ ពី​ការ​ធ្វេស​ប្រហែស ក្នុង​​​​ការទប់ស្កាត់​ការ​​នេសាទ​ខុសច្បាប់​។ ប្រទេស​ទាំងបី​នេះ ត្រូវ​បាន​បញ្ចូល​ក្នុង​​បញ្ជី​ខ្មៅ ជា​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​មិនព្រម​សហការ​លើ​បញ្ហា​នេះ។ ​ប្រទេសសហភាព​អឺរ៉ុបទាំង២៨ ​អាច​នឹង​ដាក់ទណ្ឌកម្ម​បិទទ្វារ​ទីផ្សារ​មិនទទួល​​​យក​ត្រី​នាំមកពី​រ​​​​ កម្ពុជា បេលី និង​ហ្គីណេ ​​នោះទេ។​

នៅថ្ងៃ ​អង្គារ​នេះ គណៈ​កម្មការ​អឺរ៉ុប​​នៅ​ក្រុងព្រុចសែល បាន​សុំអោយ​ប្រទេស​សមាជិក​​ខ្លួន​នានា ដាក់​ទណ្ឌកម្ម​​ទៅលើ​​ប្រទេស​កម្ពុជា បេលី និង​ហ្គីណេ ពី​ការ​ធ្វេស​ប្រហែស​ក្នុងការ​ទប់ស្កាត់​ការ​នេសាទ​ខុសច្បាប់។ ប្រទេសសហភាព​អឺរ៉ុប​ទាំង២៨ មានពេល​វេលា​រហូត​ដល់​​ខែកុម្ភៈ​ ឆ្នាំ​២០១៤ ដើម្បី​សំរេច​ថា តើ​ខ្លួន​​អាច​នឹង​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ទាំង៣​នេះ ទៅតាម​សំណូមពរ​របស់​គណៈកម្មការ​អឺរ៉ុប​រឺក៏​យ៉ាងណា។

សហភាព ​អឺរ៉ុប​អាច​នឹង​ហាមឃាត់​មិនអោយ​មាន​កិច្ច​ប្រតិបត្តិការ​រួមគ្នា​​ ស្តីពី​ការនេសាទ រឺ​ក៏​កិច្ចព្រមព្រៀង​​នេសាទ ជាមួយ​​កម្ពុជា បេលី និងហ្គីណេ។ ដោយឡែក​ ​សហភាពអឺរ៉ុប​ក៏​មិន​អាច​ចូល​ទៅ​នេសាទ​ ​ក្នុង​ដែនទឹក​ប្រទេស​ទាំងបី​​​នេះ ​បាន​ដូច​មុន​​ទៀត​ឡើយ។

​បើ​ប្រទេស​ទាំង២៨​នៃ​សហភាពអឺរ៉ុប​​ សំរេច​ថា​ដាក់ទណ្ឌកម្ម​ ដោយ​មិន​ព្រម​ទទួល​យក​ត្រី​នាំមក​ពីកម្ពុជា ពី​បេលី និងហ្គីណេ​នោះទេ នេះ​គឺ​ជា​លើកទីមួយ​ហើយ ដែល​សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម​ប្រឆាំង​ទៅ​នឹង​ប្រទេស​តតិយលោក។ ក្រៅពី​ប្រទេស​ទាំងបី​នេះ គណៈកម្មការ​អឺរ៉ុប​ក៏បាន​ព្រមានផងដែរ ដល់​​​ប្រទេស​កូរ៉េខាងត្បូង ហ្កាណា និង​រដ្ឋ​គួរ៉ាសាវ ដែល​ជា​រដ្ឋឯករាជ្យ​មួយនៃ​កោះអង់ទី នៅ​សមុទ្រ​ការ៉ាអ៊ីប​ ពី​បញ្ហា​​​ធ្វេសប្រហែស​ក្នុង​ការ​ទប់ស្កាត់​និង​បង្ក្រាប​ការ​នេសាទ​ ខុសច្បាប់​នេះ​។

យោងតាម​គណៈកម្មការ​អឺរ៉ុប​ ជារៀង​រាល់ឆ្នាំ ត្រី​ប្រមាណ​ជា​១១លាន ទៅ​១៦លានតោន ត្រូវ​បាន​គេ​នេសាទ​ខុសច្បាប់។ បរិមាណ​នេះ​​ត្រូវ​នឹង​១៥ភាគរយ នៃ​បរិមាណ​ត្រី​ដែល​នេសាទ​បាន​នៅ​ទូទាំងពិភព​លោក។ បញ្ហា​នេសាទ​ខុសច្បាប់​បែបនេះ ជាការ​គំរាមកំហែង​ដល់​ធនធាន​​ជីវសាស្ត្រ​​ និង​សេដ្ឋកិច្ច​​ក្នុង​តំបន់។

ប្រទេស​អេស្ប៉ាញ​ដែល​មាន​​​​​ឧស្សាហកម្ម​នេសាទ​នាំមុខគេ​​ ​នៅសហភាព​អឺរ៉ុប​ ពិសេស​មាន​សកម្មភាព​នេសាទ​សំខាន់​ នៅប្រទេស​ហ្គីណេ​នោះ បាន​សំដែង​ការ​ប្រុងប្រយ័ត្ន​ចំពោះ​​សំណើ​អោយ​មាន​ការ​អនុម័ត​​ទណ្ឌកម្ម​ នេះ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close