យុទ្ធនាការបំពាក់បូពណ៌ស ដល់បុរស ដើម្បីកាត់បន្ថយហិង្សាលើស្ត្រី
ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី ២៥វិច្ឆិកា ដល់ថ្ងៃទី ១០ខែធ្នូ បណ្តាញបុរសកម្ពុជា សហការជាមួយ អង្គការជាតិ និងអន្តរជាតិ បានផ្តួចផ្តើមគ្នា ប្រារព្ធនៅទិវាអន្តរជាតិមួយ ដែលគេឲ្យឈ្មោះថា ជាយុទ្ធនាការ ១៦ថ្ងៃ បំពាក់បូពណ៌ស ដល់បុរស ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី។
លោក ឆាយ គីមស៊រ ប្រធានកម្មវិធីទំនាក់ទំនងនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៏ដើម្បីកម្ពុជា បានឲ្យដឹងថា យុទ្ធនាការនេះ បង្កើតឡើងគឺក្នុងគោលបំណងលើកស្ទួយការចូលរួមចំនែករបស់បុរស ក្នុងការលុបបំបាត់អំពើហិង្សាទាំងផ្លូវចិត្ត និងផ្លូវកាយលើនារី។
សូមបញ្ជាក់ថា យុទ្ធនាការបំពាក់បូពណ៌ស ដល់បុរសនេះ មិនមែនត្រឹមតែជាការយកបូពណ៌ស ទៅពាក់លើអាវ របស់បុរសនោះទេ។ ប៉ុន្តែយុទ្ធនាការនេះ គឺមានទាំងសកម្មភាពមួយចំនួនផ្សេងទៀត រួមមានការរៀបចំមិទ្ទិញ ការដើរដង្ហែក្បួនតាមទីសាធារណៈ កម្មវិធីពិភាក្សាតាមទូរទស្សន៍ ការជជែកពិភាក្សាតាមវិទ្យុ និងការប្រគុំតន្ត្រីចល័តតាមបណ្តោយផ្លូវជាតិលេខ ៥ និងតាមកន្លែងផ្សេងទៀត ដើម្បីផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋ បានយល់កាន់តែច្បាស់ពីតួនាទីរបស់បុរសពិត ក្នុងការលើកតម្កើន តំលៃស្ត្រី៕ Cambodia News