សង្ឃភូមាបាតុកម្មប្រឆាំងទស្សនកិច្ចគណៈប្រតិភូអង្គការសហប្រតិបត្តិការអ៊ីស្លាម
នៅថ្ងៃអង្គារនេះ សង្ឃភូមាប្រមាណ៣០០អង្គ បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងទស្សនកិច្ចគណៈប្រតិភូអង្គការ សហប្រតិបត្តិការអ៊ីស្លាម។ តំណាងអង្គការនេះ និងចុះមកទស្សនកិច្ច នៅភូមា នៅសប្តាហ៍នេះ។ តំណាងរដ្ឋាភិបាលភូមាបានបញ្ជាក់ថា តំណាងអង្គការនេះ ត្រូវចុះមកទស្សនកិច្ចភូមានៅសប្តាហ៍នេះពិត មែន។
នៅថ្ងៃ អង្គារនេះ គោលដៅនៃបាតុកម្មរបស់សង្ឃភូមាប្រមាណជា៣០០អង្គ នៅក្រុងរ៉ង់ហ្គូន គឺដើម្បីប្រឆាំងទៅនឹងទស្សនកិច្ចគណៈប្រតិភូអង្គការសហប្រតិបត្តិការ អ៊ីស្លាម។ អង្គការសហប្រតិបត្តិការអ៊ីស្លាមមានសមាសភាពសមាជិក៥៧ប្រទេស។ គណៈប្រតិភូ អង្គការនេះនឹងមកបំពេញទស្សនកិច្ចនៅភូមា នៅថ្ងៃ១៥វិច្ឆិកា សប្តាហ៍ នេះ។
លោកសង្ឃភូមាបានចោទគណៈប្រតិភូអង្គការថា ពួកគេមកទស្សនកិច្ចចាប់អារម្មណ៍កិច្ចការផ្ទៃក្នុងភូមា។ យោងតាមសង្ឃភូមា គណៈប្រតិភូអង្គការនេះ នឹងលើកឡើងថា គឺអ្នកកាន់សាសនាព្រះពុទ្ធ ដែលបានធ្វើការសង្កត់សង្កិនអ្នកកាន់សាសនាអ៊ីស្លាមនៃសហគមន៍ភាគតិច នៅភូមា។
គួររំលឹកថា កាលពីខែតុលាកន្លងទៅ ភូមាបានរងគ្រោះដោយអំពើហិង្សាប្រឆាំងអ្នកកាន់ សាសនាអ៊ីស្លាម ក្នុងរដ្ឋរ៉ាក់ឃីនភាគខាងលិច ដែលហិង្សាបានសម្លាប់មនុស្ស៦នាក់។ កាលពីឆ្នាំ២០១២ អំពើហិង្សារវាងសហគមន៍អ្នកកាន់ពុទ្ធសាសនា និងអ្នកកាន់សាសនាអ៊ីស្លាម ក្នុងរដ្ឋរ៉ាក់ឃីនបានធ្វើអោយមនុស្សស្លាប់ជាង២០០នាក់។ បន្ទាប់ពីនោះមក សង្ឃភូមាជ្រុលនិយមមួយចំនួនបានដឹកនាំការបះបោររាលដាលដល់ភាគផ្សេងៗទៀត ក្នុងប្រទេស ដើម្បីប្រឆាំងជនជាតិភូមាដែលកាន់សាសនាអ៊ីស្លាម។
អំពើហិង្សាសហគមន៍ទាំងនេះ បានបង្ហាញច្បាស់ពីការរើសអើងសាសនារបស់ប្រជាជនភូមាទៅលើអ្នកកាន់សាសនា អ៊ីស្លាម ដែលមានត្រឹម៤ភាគរយប៉ុណ្ណោះ ក្នុងចំណោមប្រជាជនសរុបជិត៥៣លាននាក់ ក្នុងប្រទេស។
លោក យេ ហ្ទុត អ្នកនាំពាក្យប្រធានាធិបតី ថេន សេន បានបញ្ជាក់ថា ពិតជាមានទស្សនកិច្ចគណៈប្រតិភូនៃ អង្គការប្រតិបត្តិការអ៊ីស្លាម នៅភូមា ក្នុងសប្តាហ៍នេះមែន ហើយទស្សនកិច្ចនោះគឺចង់ពិភាក្សាពីស្ថានភាពអ្នកកាន់សាសនាអ៊ីស្លាម ក្នុងរដ្ឋរ៉ាក់ឃីនតែម្តង។ ប៉ុន្តែ លោក យេ ហ្ទុត បានបដិសេធពីពាក្យចចាមអារ៉ាមដែលថា ភូមាមានគំរោងបើកការិយាល័យអង្គការសហប្រតិបត្តិការអ៊ីស្លាមនេះ ក្នុងទឹកដីខ្លួន៕ដោយ ព្រំ សឿន សូលីណា (RFI)