ហ្វីហ្វី បដិសេធស្នេហាបែបឆក់កណ្តៀត
ភ្នំពេញ៖ តារាបង្ហាញម៉ូដ និងពិធីការិនីរូបស្រស់ កញ្ញា ហ្វីហ្វី ត្រូវបានមហាជនកត់សម្គាល់ថា ជាតារាមួយដួង ដែលមានរូបសម្បត្តិស្រស់សោភា និងសិចស៊ី គួរឲ្យចាប់អារម្មណ៍ ជាមួយនឹងរូបរាងដ៏សិចស៊ីនេះ បានធ្វើឲ្យប្រុសៗមួយចំនួន ដែលបានឃើញសម្រស់នាងហើយ អត់ទ្រាំសរសើរមិនបាន ទើបធ្វើឲ្យបុរសខ្លះ បានយកប្រាក់ធ្វើជាធ្នាក់ ដើម្បីស្ទួចយកបេះដូងរបស់នាង។
ទោះជាយ៉ាង កញ្ញា ហ្វីហ្វី មិនចាប់អារម្មណ៍ នឹងស្នេហាបែបឆក់កណ្តៀតនោះទេ ក្នុងវ័យ២៤ឆ្នាំ កូនក្រមុំអ្នកក្រុងតាខ្មៅរូបនេះ មានសម្រស់កាន់តែស្រស់ស្អាតដូចផ្កា ដែលបណ្តាលឲ្យកន្លង់មួយចំនួនចោលរោម ឆ្វែលឆ្វាត់ ចង់ក្រេបរសពិដោរបុប្ផាមួយទងនេះ។
ប៉ុន្តែទោះជាយ៉ាងណា ហ្វីហ្វី ហាក់មិនចាប់អារម្មណ៍នឹងកន្លង់ទាំងនោះឡើយ រហូតមានអ្នកខ្លះ បានបោះលុយធ្វើជានុយស្ទូចយកបេះដូងនាងទៀតផង តែនាងថា មិនទទួលយកស្នេហាបែបនេះជាដាច់ខាត។ ការបដិសេធនឹងអ្នកប្រមាញ់បេះដូងទាំងនោះ ក៏បណ្តាលឲ្យស្រីស្រស់រូបនេះ ដេកភ័យម្តងៗដែរ ត្បិតអីនាងខ្លាចគ្មានសុវត្ថិភាពផ្ទាល់ខ្លួន។
ជាមួយនឹងការបដិសេធ ហ្វីហ្វី បានបើកភ្លើងខៀវផងដែរ ប្រសិនបើមានគេស្រលាញ់នាងដោយស្មោះពិតមែន សូមចូល ដល់ប៉ាម៉ាក់ និងប្អូនរបស់នាង ប្រហែលជានាងអាចសម្រេចចិត្តជ្រើសរើសបាន ប៉ុន្តែសូមឲ្យអ្នកនោះនៅកំលោះ មិនយកទេពោះម៉ាយ ហើយក៏រិតតែមិនបៀតផងដែរ អ្នកមានប្រពន្ធកូនហើយ។ យ៉ាងណាក្តីនាងថា បុរសនោះ មិនចាំបាច់មានពេកទេ ហើយអ្វីដែលនាងសូមម្យ៉ាងទៀតនោះ គឺមិនយកទេអ្នកសិល្បៈដូចគ្នា តែសូមពិចារណាទៅលើអ្នករកស៊ី ឬអ្នកជំនួញវិញ។
ស្រីស្អាត ហ្វីហ្វី ជាអតីតសិស្សរៀននៅវិទ្យាល័យ ហ៊ុនសែន តាខ្មៅ នាងសិក្សាបានត្រឹមថ្នាក់ទី១២ ក៏ឈប់រៀន ប៉ុន្តែសព្វថ្ងៃនៅរៀនភាសាគង់គ្លេស និងចិន ក្រៅម៉ោង។ នាងមានបងប្អូន៥នាក់ ប្រុស១។ គ្មានបងប្អូនមួយណាដែលមាននិស្ស័យចូលចិត្តសិល្បៈដូចនាងទេ។ ទៅថ្ងៃអនាគត នាងចង់ក្លាយជាតារាសម្តែង និងចម្រៀង មួយរូបដែលទទួលបានការគាំទ្រពីមហាជនយ៉ាងច្រើន៕ ស.រ/Cambodia News