ឥណ្ឌូណេស៊ី កោះហៅអគ្គរដ្ឋទូតអូស្ត្រាលី ឲ្យឆ្លើយបំភ្លឺទាក់ទងនឹងការស៊ើបការណ៍សម្ងាត់
ឥណ្ឌូណេស៊ី បានកោះហៅឯកអគ្គរាជទូតអូស្ត្រាលីលោក Greg Moriarty ប្រចាំនៅក្រុងហ្សាការតា ឲ្យឆ្លើយបំភ្លឺការចោទប្រកាន់ថា អូស្រ្ដាលីបានប្រើស្ថានទូតរបស់ខ្លួនក្នុងក្រុងហ្សាការតា ជាមូលដ្ឋានសម្រាប់ប្រតិបត្ដិ ការស៊ើបការណ៍សម្ងាត់។
ក្រសួងការបរទេសឥណ្ឌូណេស៊ីនិយាយថា ឥណ្ឌូណេស៊ីមិនអាចទទួលយកការរំលោភធ្ងន់ធ្ងរផ្នែកសន្តិសុខដូច្នេះបាននោះទេ។
សារព័ត៌មាន Fairfax ក្នុងប្រទេសអូស្រ្ដាលីបានរាយការណ៍ថា អូស្ត្រាលីបានប្រើស្ថានទូតរបស់ខ្លួន ដើម្បីស៊ើបការណ៍សម្ងាត់អំពីភេរវករ និងអ្នកជួញដូរមនុស្ស ក៏ប៉ុន្តែផ្តោតសំខាន់ទៅលើការប្រមូល ព័ត៌មានសម្ងាត់ទាក់ទងនឹងកិច្ចការនយោបាយ, ការទូត និងសេដ្ឋកិច្ច។
ក្រសួងការបរទេសឥណ្ឌូណេស៊ីថ្លែងថា អ្វីដែលមាននៅក្នុងរបាយការណ៍នោះ មិនបានឆ្លុះបញ្ចាំងនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសឥណ្ឌូណេស៊ី និងអូស្ត្រាលីឡើយ៕ (Radio Australia)