អតីតនាយករដ្ឋមន្ត្រីជប៉ុនប្រឆាំងនឹងនយោបាយនុយក្លេអ៊ែររបស់បក្សឯង
អតីត នាយករដ្ឋមន្ត្រីស្តាំនិយមរបស់ជប៉ុន លោក កូអ៊ីហ្ស៊ូមី (Koizumi) ដែលនៅក្នុងគណបក្សជាមួយនឹងលោកស្ហ៊ីនហ្សូ អាបេ (ជានាយករដ្ឋមន្ត្រីកំពុងកាន់អំណាច) បានបង្ហាញ ដោយចំហ និងដោយត្រង់ៗ នូវជំហរប្រឆាំងនឹងនុយក្លេអ៊ែរ ក្នុងពេលដែលលោកនាយករដ្ឋមន្ត្រីបច្ចុប្បន្ន កំពុងតែព្យាយាមលក់បច្ចេកវិទ្យានុយក្លេអ៊ែរជប៉ុន ទៅបរទេស។
មាន អាយុ ៧១ឆ្នាំ ជាអតីតនាយករដ្ឋមន្ត្រីជប៉ុន ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ លោក កូអ៊ីហ្ស៊ូមី ក៏ដូចអ្នកនយោបាយសេរីនិយមផ្សេងទៀតក្នុងជួរបក្សដែរ ធ្លាប់ជាអ្នកការពារថាមពលនុយក្លេអ៊ែរ និងជាមគ្គុទេសក៍ដ៏ចំណានម្នាក់របស់លោក ស៊ីនហ្សូអាបេ ប៉ុន្តែនៅថ្ងៃអង្គារម្សិលមិញនេះ លោក កូអ៊ីហ្ស៊ូមី បានផ្លាស់ប្តូរជំហរ១៨០° ចាត់ទុកការប្រើប្រាស់ថាមពលរំពឹងលើនុយក្លេអ៊ែរ ជាទង្វើ “គ្មានទំនួលខុសត្រូវ”។ ថ្វីដ្បិតតែលោកបដិសេធមិនសហការជាមួយនឹងបក្សសង្គមប្រជាធិបតេយ្យជា ប្រឆាំងមែន ប៉ុន្តែលោក កូអ៊ីហ្ស៊ូមី ដែលលែងមានតួនាទីនយោបាយទៅហើយនោះ អាចនឹងធ្វើសកម្មភាព ជំរុញមតិសាធារណៈឱ្យពុះកញ្ជ្រោលឡើងប្រឆាំងនយោបាយនុយក្លេអ៊ែររបស់ រដ្ឋាភិបាល។
តាមការពិតជំហរបញ្ច្រាសទិសរបស់ឥស្សរជននយោបាយស្តាំនិយមនេះ មិនជាខុសឆ្ងាយពីគោលការណ៍ដើមរបស់បក្សសេរីប្រជាធិបតេយ្យ ដែលដឹកនាំដោយលោកស៊ីនហ្សូអាបេប៉ុន្មានទេ ប៉ុន្តែដោយមូលហេតុសេដ្ឋកិច្ច និងដោយហេតុតែការស្រោចស្រង់ប្រទេសឱ្យមានសន្ទុះសេដ្ឋកិច្ចឡើង វិញជាអាទិភាពរបស់រដ្ឋាភិបាលនោះ ទើបលោកស៊ីនហ្សូអាបេ មិនត្រឹមតែចង់ដាក់ឱ្យដំណើរការឡើងវិញប្រតិករនុយក្លេអ៊ែរ ប៉ុណ្ណោះទេ លោកថែមទាំងបាននិងកំពុងព្យាយមាស្វែងរកទីផ្សារលក់បច្ចេកវិទ្យា នុយក្លេអ៊ែរនៅជុំវិញពិភពលោកទៀតផង។
ជាប្រតិកម្ម លោក ស៊ីនហ្សូ អាបេ បានតបថា នៅក្នុងកាលៈទេសៈបច្ចុប្បន្ន ជប៉ុនមិនអាចសន្យាបំបាត់នុយក្លេអ៊ែរបានឡើយ ! សូម្បីតែកូនប្រុសផ្ទាល់របស់លោក កូអ៊ីហ្ស៊ូមី ដែលគេមើលឃើញថាជាអនាគតអ្នកដឹកនាំជប៉ុនផងនោះ ក៏មិនបានគាំទ្រជំហររបស់ឪពុក ដោយសំអាងថាជាសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋជប៉ុន។ គ្រួសារទាំងមូលបានទទួលស្គាល់ថាលោក កូអ៊ីហ្ស៊ូមី មានគិតអ្វីនិយាយនោះ សូម្បីតែកំពុងកាន់អំណាចជានាយករដ្ឋមន្ត្រីក៏ដោយ។ តែលោក កូអ៊ីហ្ស៊ូមី មិនមែនមនុស្សទីមួយដែលបង្ហាញជំហរប្រឆាំងនឹងនយោបាយនុយក្លេអ៊ែរ ទេ ភរិយាផ្ទាល់របស់លោក ស៊ីនហ្សូអាបេ ក៏ធ្លាប់សម្តែងមតិប្រឆាំងជាសាធារណៈដែរកាលពីប៉ុន្មានខែមុន៕ដោយ អៀង សុខម៉ិញ(RFI)