ប៉ូលិសប្រកាសចាប់ខ្លួនបានជនពាក់ព័ន្ធនឹងភេរវកម្មនៅទីលានធានអានមេន
នៅ ថ្ងៃពុធទី ៣០ តុលានេះ ប៉ូលិសចិន បានប្រកាសចាប់ខ្លួនបានសកម្មជនអ៊ីស្លាមជ្រុលនិយម៥នាក់ ដែលមានពាក់ព័ន្ធនឹងឧប្បត្តិហេតុគ្រោះថ្នាក់រថយន្តបុកឆេះនៅ ទីលានធានអានមេន កាលពីថ្ងៃចន្ទ។ គ្រោះថ្នាក់ឡានផ្ទុះឆេះ ចំកណ្តាលរដ្ឋធានី ជាបេះដូងអំណាចកុម្មុយនិស្តចិន ដែលប៉ូលិស ទើបទទួលស្គាល់ និងហៅ ជាផ្លូវការពេញមាត់ ថាជា ទង្វើភេរវកម្ម។
ជាមួយ នឹងការប្រកាសចាប់បានជនសង្ស័យ៥នាក់ មានជាប់ពាក់ព័ន្ធនឹងភេរវកម្មនៅទីលានធានអានមេន ដែលពួកគេសុទ្ធសឹងជាជនជាតិអ៊ុយហ្គួរ បើមើលតាមឈ្មោះ ប៉ូលិសចិន ក៏បានបើកបង្ហាញអត្តសញ្ញាណអត្តឃាតជន ជាអ្នកបើករថយន្ត បុកហ្វូងមហាជន មុននឹងផ្ទុះឆេះ ថាមានឈ្មោះ Usmen Hassan ជិះដឹកម្តាយនិងប្រពន្ធ។ ក្នុងរថយន្តមានផ្ទុកទៅដោយ សាំង កាំបិត និងទង់ជាតិ សរសេរជ័យឃោសបែបសាសនាជ្រុលនិយម។ នេះបើតាមការលម្អិតព័ត៌មានរបស់ប៉ូលិស ដោយបន្ថែមថា ជាសកម្មភាពភេរវកម្ម ដែលគ្រោងទុក និងរៀបចំផែនការទុកជាមុន យ៉ាងហ្មត់ចត់។
ការចាប់ខ្លួន និងវែករកអត្តសញ្ញាណនេះ ជាលទ្ធផលនៃការសហការរបស់អាជ្ញាធរខេត្តស៊ីនជាំង។ ប៉ុន្តែ តំណាងសហគមន៍ជនជាតិភាគតិចអ៊ុយហ្គួរ បានប្រឆាំងតវ៉ានឹងរបាយការណ៍ប៉ូលិសនេះ ព្រោះក្រុងប៉េកាំងចេះតែចោទប្រកាន់ទម្លាក់កំហុសលើក្រុមជនជាតិ ភាគតិចអ៊ីស្លាមអ៊ុយហ្គួរ ជារហូត និងមិនដែលផ្តល់វត្ថុតាងឱ្យឃើញសោះ។
ស៊ីនជាំង ពេលនេះមិនត្រូវបានអនុញ្ញាតដោយអ្នកសារព័ត៌មានចេញចូលឡើយ។ គ្មានទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងគ្មានបានទទួលប្រយោជន៍ពីធនធានធម្មជាតិប្រេងនិងឧស្ម័នក្រោមដី បណ្តាជនអ៊ុយហ្គួរ នៅស៊ីនជាំង ព្រួយបារម្ភថាសំណុំរឿងភេរវកម្មនៅធានអានមេន ជាលេសសម្រាប់អាជ្ញាធរមួលបន្តឹងអំណាច និងសម្រាប់តែបម្រើឱ្យនយោបាយគាបសង្កត់បង្ក្រាបប៉ុណ្ណោះ៕ដោយ អៀង សុខម៉ិញ (RFI)