ប្រតិបត្តិការ​យន្តហោះ​គ្មាន​មនុស្សបើក​របស់​អាមេរិក​មាន​ការ​ព្រមព្រៀង​ពី​អាជ្ញាធរ​ប៉ាគីស្ថាន?

កាលពីថ្ងៃ ​ពុធ នៅ​ក្នុង​ថ្ងៃ​ដែល​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ទាមទារ​ឲ្យ​អាមេរិក​បញ្ឈប់​ ប្រតិបត្តិការ​វាយប្រហារ​ដោយ​យន្តហោះ​​គ្មាន​មនុស្ស​បើក (Drone) នៅលើ​ទឹកដី​ប៉ាគីស្ថាន​ កាសែត​អាមេរិក​បាន​ចុះផ្សាយ​ឯកសារសម្ងាត់ ដែល​បង្ហាញ​ថា ប្រតិបត្តិការ​យន្តហោះ​ Drone នេះ បាន​ទទួល​ការ​យល់ព្រមពី​សំណាក់​រដ្ឋាភិបាល​ប៉ាគីស្ថាន​ខ្លួនឯង។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ អតីត​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​​ក៏​បាន​ចេញមុខ​ បដិសេធ ចំពោះ​សេចក្តី​រាយការណ៍​នេះ។

កាសែត ​អាមេរិក ឈ្មោះ The Washington Post បាន​ចុះផ្សាយ កាលពីថ្ងៃ​ពុធ ដោយ​បាន​ដកស្រង់​ប្រភព​ចេញ​ពី​ឯកសារ​សម្ងាត់​របស់ CIA បង្ហាញ​ថា ក្នុងរយៈពេល ៤ឆ្នាំ គឺ​ចាប់តាំង​ពី​ចុងឆ្នាំ​២០០៧ រហូតដល់​ចុង​ឆ្នាំ​២០១១ អាមេរិក​តែងតែ​បាន​ប្រាប់​អាជ្ញាធរ​ប៉ាគីស្ថាន​ អំពី​ប្រតិបត្តិការ​វាយប្រហារ​ទៅលើ​ក្រុមភេរវជន នៅលើ​ទឹកដី​ប៉ាគីស្ថាន ដោយ​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ហើយ​ថា មាន​ពេលខ្លះ អាជ្ញាធរ​ប៉ាគីស្ថាន​ថែមទាំង​បាន​ជួយ​អាមេរិក ក្នុងការ​​កំណត់​គោលដៅ​វាយប្រហារទៀតផង។

ក៏ប៉ុន្តែ នៅថ្ងៃ​ព្រហស្បតិ៍ លោក​យូស៊ូហ្វ ហ្ស៊ីឡានី (Yousuf Gilani) ដែល​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន ពីឆ្នាំ​២០០៨ ដល់ពាក់កណ្តាល​ឆ្នាំ​២០១២ បាន​បដិសេធ​ថា រដ្ឋាភិបាល​របស់​លោក​មិនដែល​បាន​អនុញ្ញាត​ឲ្យ​អាមេរិក​ធ្វើការ​វាយប្រហារ​ ដោយ​ប្រើ​យន្តហោះ​ Drone នៅលើ​ទឹកដី​ប៉ាគីស្ថាន​នោះទេ។

មន្រ្តី​ផ្សេងទៀត​របស់​ប៉ាគីស្ថាន​ក៏​បាន​ច្រានចោល​សេចក្តីរាយការណ៍​របស់ The Washington Post នេះ​ដែរ ដោយ​បាន​លើកឡើង​ថា អាមេរិក​ប្រឌិត​រឿងនេះឡើង ដើម្បី​ស្តារភាព​អាម៉ាស់​​របស់​ខ្លួន និង​ដើ​ម្បី​ទម្លាក់​ការទទួលខុសត្រូវ​មួយចំណែក​មកលើ​អាជ្ញាធរ​ប៉ាគីស្ថាន។

គួរបញ្ជាក់ថា ប្រតិបត្តិការ​​វាយប្រហារ​លើ​ក្រុមភេរវជន នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន​ ដោយ​ប្រើ​យន្តហោះ Drone តែងតែ​ជា​បញ្ហា​ចម្រូងចម្រាស នៅ​ក្នុង​ទំនាក់ទំនង​ រវាង​ប៉ាគីស្ថាន និង​សហរដ្ឋ​អាមេរិក ពីព្រោះ​ថា ប្រតិបត្តិការ​នេះ​តែងតែ​បណ្តាល​ឲ្យ​ស្លាប់​ជនស៊ីវិល​ និង​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​ពី​សំណាក់​ប្រជាជន​ប៉ាគីស្ថាន។

កាលពីថ្ងៃ​ពុធ នៅ​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក លោក​​ណាវ៉ាហ្ស ស្ហារីហ្វ (Nawaz Sharif) នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​បាន​ទទូច​ឲ្យ​លោក​អូបាម៉ា​បញ្ឈប់​រាល់​ ប្រតិបត្តិការ​យន្តហោះ Drone នៅលើ​ទឹកដី​ប៉ាគីស្ថាន។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ប៉ាគីស្ថាន​ក៏​បាន​បញ្ជាក់ផងដែរ​ថា បើទោះបី​ជា​កន្លង រដ្ឋាភិបាល​មុនៗ​របស់​ប៉ាគីស្ថាន​មាន​ការ​យល់ព្រម ឬ​គ្មាន​ ក៏ប៉ុន្តែ រដ្ឋាភិបាល​ប៉ាគីស្ថាន​បច្ចុប្បន្ន​មាន​ជំហរ​យ៉ាង​ច្បាស់លាស់ គឺ​ប្រឆាំង​ជា​ដាច់ខាត​នឹង​ប្រតិបត្តិការ​យន្តហោះ Drone របស់​អាមេរិក ដែល​ជា​ការ​រំលោភ​លើ​អធិបតេយ្យ​របស់​ប៉ាគីស្ថាន៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close