ប្រទេសអារ៉ាបប្រទាញប្រទង់គ្នារឿងអារ៉ាប៊ីសាអ៊ូឌីតបដិសេធកៅអីសមាជិកក្រុមប្រឹក្សាសន្តិសុខ
ការបដិសេធរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត មិនទទួលយកកៅអីជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្ថិតនៅតែជាបច្ចុប្បន្នភាពសំខាន់មួយ។ នៅថ្ងៃអាទិត្យម្សិលមិញ ប្រមុខដឹកនាំសម្ព័ន្ធអារ៉ាប បានប្រកាសគាំទ្រជំហររបស់អារ៉ាប៊ីសាអ៊ូឌីត ក្នុងខណៈដែលប្រទេសជាសមាជិកផ្សេងៗទៀត គំរាមថានឹងអាចជ្រើសរើសបេក្ខភាពប្រទេសអារ៉ាបថ្មីមួយទៀត ទៅជំនួសកៅអីទំនេរនោះ។
សម្រាប់ប្រធានសម្ព័ន្ធអារ៉ាប អារ៉ាប៊ីសាអ៊ូឌីត ធ្វើត្រូវ ដែលបដិសេធមិនទទួលយកនាទីជាសមាជិកក្រុម ប្រឹក្សាសន្តិសុខ ព្រោះស្ថាប័ននេះមិនដែលទទួលបន្ទុកគិតគូរជួយដោះស្រាយបញ្ហាឱ្យ បណ្តាប្រទេសអារ៉ាបទេ។ ហើយប្រទេសអារ៉ាបក៏មិនដែលមានការទទួលខុសត្រូវសម្រាប់រក្សា សន្តិភាព និងសុវត្ថិភាពអន្តរជាតិដែរ ! ផ្ទុយទៅវិញ គឺក្រុមប្រទេសអារ៉ាបជាអ្នករងគ្រោះអំពីអសមត្ថភាពរបស់ក្រុមប្រឹក្សា មានជាអាទិ៍ សំណុំរឿងប៉ាឡេស្ទីន និងជម្លោះនៅស៊ីរី។
នេះជាលើកទីមួយ ក្នុងប្រវត្តិក្រុមប្រឹក្សាសន្តិសុខ ដែលមានប្រទេសបានជាប់ឆ្នោត បែរជា បដិសេធមិនព្រមទទួលកៅអីជាសមាជិកមិនអចិន្ត្រៃយ៍ដូច្នេះ។ ប្រទេសជាច្រើនបានសម្តែងការងឿយឆ្ងល់នឹងសេចក្តីសម្រេចចិត្តរបស់ អារ៉ាប៊ីសាអ៊ូឌីត ព្រមទាំងបញ្ចេញប្រតិកម្មរិះគន់តបវិញផង។ អាមេរិកដែលក្រុងរីយ៉ាតចង់ចង្អុលមុខខ្លាំងជាងគេនោះ បានត្រឹមបង្ហើរសម្តីថាជាសិទ្ធិរបស់អារ៉ាប៊ីសាអ៊ូឌីត ក្នុងការសម្រេចចិត្តអ្វីមួយ ព្រោះក្រុម ប្រឹក្សាសន្តិសុខបានធ្វើអ្វីដែលគួរច្រើនណាស់ហើយ។
មានតែក្រុមប្រទេសអារ៉ាបដូចគ្នាប៉ុណ្ណោះ ដែលបានបង្ហាញការយល់ចិត្ត ប៉ុន្តែក៏បានបង្ខំឱ្យអារ៉ាប៊ីសាអ៊ូឌីត ប្តូរចិត្ត ទៅទទួលយកភារកិច្ចជាសមាជិកមិនអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី ១មករា សម្រាប់រយៈពេលពីរឆ្នាំ ដើម្បីការពារផលប្រយោជន៍តំបន់ដើមបូព៌ា ជាពិសេសក្នុងបរិបទជាប្រវត្តិសាស្ត្រ ដូចនាពេលបច្ចុប្បន្ននេះ។
ប្រសិនបើអារ៉ាប៊ីសាអ៊ូឌីត នៅតែចចេសបដិសេធ ក្រុមប្រទេសអារ៉ាប ត្រូវតែជ្រើសរើស ក្នុងពេលដ៏ខ្លីៗខាងមុខនេះ បេក្ខភាពប្រទេស យ៉េមែន ឬ កូវ៉ែត ស្ថិតនៅលំដាប់លើគេអាចមក ជំនួសប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
សូមបញ្ជាក់ថារហូតមកទល់នឹងម៉ោងនេះ អារ៉ាប៊ីសាអ៊ូឌីត មិនទាន់បានចេញសេចក្តីជូនដំណឹងអ្វីជាផ្លូវការ ទៅអង្គការសហប្រជាជាតិទេ៕ដោយ អៀង សុខម៉ិញ (RFI)