អគ្គមគ្គុទេសក៍កូរ៉េខាងជើងដកតំណែងថ្នាក់ដឹកនាំជាន់ខ្ពស់ដូចដកស្មៅ
លោក គីម ជុងអ៊ុន ដែលទើបឡើងកាន់តំណែងជាអគ្គមគ្គុទេសក៍កូរ៉េខាងជើង បន្តពីឪពុកកាលពីចុងឆ្នាំ២០១១ បាននិងកំពុងក្តោបអំណាច ក្នុងដៃ ណែនឡើងៗ ! ដើម្បីពង្រឹងភាពជាត្រួតត្រាប្រទេសយ៉ាងពេញទំហឹងនោះ មេដឹកនាំ វ័យក្មេងខ្ចីរូបនេះ បានប្តូរផ្លាស់តំណែងមន្ត្រីជាន់ខ្ពស់កំពូលរបស់ប្រទេសជិតពាក់ កណ្តាល ខ្លះដកចេញទាំងស្រុង ខ្លះត្រូវផ្ទេរទៅកាន់តួនាទីថ្មី។ នេះបើរបាយការណ៍ផ្លូវការរបស់កូរ៉េខាងត្បូង ចេញផ្សាយនៅថ្ងៃអង្គារម្សិលមិញ។
ការ ដកឬផ្ទេរតំណែងមេដឹកនាំជាន់ខ្ពស់ គឺជាទម្លាប់ និងជាមធ្យោបាយដ៏ ប្រសើរមួយសម្រាប់ពង្រឹង និងត្រួតត្រាអំណាច បានណែនក្នុងដៃ។ ប៉ុន្តែនៅលើកនេះ ជាចំនួនដ៏ច្រើន ! អ្នកទទួលខុសត្រូវយោធាជាន់ខ្ពស់៩៧នាក់ ក្នុងចំណោមឥស្សរជនកំពូល នៃបក្សកុម្មុយនិស្ត និងរដ្ឋាភិបាល ចំនួន ២១៨ ត្រូវប្តូរផ្លាស់ ដោយដាក់ជំនួសមកវិញ ជាឥស្សរជនវ័យក្មេង ឱ្យសក្តិសមនឹងក្រសែភ្នែកអគ្គមគ្គុទេសក៍វ័យក្មេង។ ឥស្សរជនដែលរងការប៉ះពាល់ ពីការរុះរើតំណែងនេះ ភាគច្រើនជាមនុស្សចាស់តែងតាំងក្នុងសម័យ លោក គីម ជុងអ៊ីល ជាឪពុក ទទួលមរណភាពកាលពីខែធ្នូ២០១១។
សម្រាប់អ្នកឯកទេសកូរ៉េខាងជើងនៅសាកលវិទ្យាល័យសេអ៊ូល ពេលនេះ លោក គីមជុងអ៊ុន ដែលមានអាយុប្រមាណ ៣០ឆ្នាំ បានក្លាយមេដឹកនាំប្រទេស និងសម្រេចក្តោបអំណាចស្នងត្រកូល បានលឿនជាការគ្រោងទុកទៅទៀត។ មិនតែប៉ុណ្ណោះ បើតាមភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង លោក គីមជុងអ៊ុន កំពុងតែស្ថាបនាបន្ថែម ពង្រឹងភាពជាអ្នកដឹកនាំផ្តាច់ការត្រកូលគីម ជំនាន់ទីបី ដែលដឹកនាំរបបកុម្មុយនិស្តព្យុងយ៉ាង តាំងពីឆ្នាំ១៩៤៨មក។
ទន្ទឹមនឹងការពង្រឹងភាពជាអគ្គមគ្គុទេសក៏ ដ៏កំពូលនេះ របាយការណ៍មួយទៀតបញ្ជាក់ពីការដាក់ឱ្យដំណើរមជ្ឈមណ្ឌល យ៉ុងព្យុន ឡើងវិញ ដើម្បីបន្តពង្រឹងកម្មវិធីនុយក្លែអ៊ែររបស់ខ្លួន មិនខ្វល់នឹងបម្រាបអន្តរជាតិទេ។ ប្រភពព័ត៌មានអាមេរិក និងរុស្ស៊ី បានលើកឡើងពីសកម្មភាពនេះ កាលពីដើមខែកញ្ញា ហើយប៉ាន់ប្រមាណថា មជ្ឈមណ្ឌលនុយក្លេអ៊ែរ ដ៏ចាស់ទ្រុឌទ្រោម មានលទ្ធភាពចម្រើនសារធាតុផ្លុយតូនីញ៉ូមបាន៦គ.ក្រ. ក្នុងមួយឆ្នាំ សម្រាប់យកមកពង្រីកការផលិតគ្រាប់បែកនុយក្លេអ៊ែរ។ កាលពីខែមេសា កូរ៉េខាងជើងខ្លួនឯង ក៏បានប្រកាសដាក់ឱ្យដំណើរការឡើងវិញមជ្ឈមណ្ឌលនុយក្លេអ៊ែរដែលបិទ ទ្វារតាំងពីឆ្នាំ២០០៧ ក្រោយពីមានកិច្ចព្រមព្រៀងអន្តរជាតិគាំទ្រ ដោយសហរដ្ឋអាមេរិក៕ដោយ អៀង សុខម៉ិញ (RFI)