ប្រធានាធិបតីរុស្ស៊ីទាមទារអោយប្រទេសហូឡង់ធ្វើការសុំទោសចំពោះការចាប់ខ្លួនអ្នកការទូតរុស្ស៊ី
នៅថ្ងៃអង្គារនេះ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានទាមទារអោយប្រទេសហូឡង់ធ្វើការសុំទោសចំពោះការដែលប៉ូលិសហូឡង់ បានចាប់ខ្លួនអ្នកការទូតរុស្ស៊ីម្នាក់។ យោងតាមរុស្ស៊ី កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ ប៉ូលិសបានប្រើកម្លាំងបាយ ឃាត់ខ្លួនអ្នកការទូតខ្លួន ហើយបានឃុំរូបអ្នកការទូតនេះ អស់រយៈពេលជាច្រើនម៉ោង មុននឹងដោះលែងទៅវិញ។ ក្រសួងការបរទេសហូឡង់ បានប្រាប់ថា រង់ចាំអោយមានព័ត៌មានទាក់ទងការប៉ះទង្គិចនេះអោយបានក្បោះក្បាយសិន ទើបអាចពន្យល់បកស្រាយបញ្ហានេះបាន។
ការប៉ះទង្គិច បានកើតឡើង កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ រវាងប៉ូលិសហូឡង់ និងលេខាទី១នៃស្ថានទូតរុស្ស៊ីប្រចាំប្រទេសហូឡង់ គឺលោក ឌីមីទ្រី បូរ៉ូឌីន។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី ប៉ូលិសហូឡង់បានចូលទៅចាប់ខ្លួន អ្នកការទូតរុស្ស៊ី បូរ៉ូឌីន នៅគេហដ្ឋានរបស់លោក នៅទីក្រុងឡាអេ។ ប៉ូលិសបានវាយដំលោក បូរ៉ូឌីន ហើយបានដាក់ខ្នោះលោក និងនាំលោកទៅកាន់ស្នងការប៉ូលិស។ ប៉ូលិសបានដោះលែងលោកទៅវិញ នៅព្រឹកថ្ងៃចន្ទម្សិលមិញ តែមិនបានពន្យល់លោកពីមូលហេតុនៃការប៉ះទង្គិចនេះឡើយ។
រដ្ឋាភិបាល ក្រុងម៉ូស្គូ ប្រាប់ថា ប៉ូលិសហូឡង់បានយកលេសថា ការចាប់ខ្លួននេះ ដោយសារតែអ្នកការទូតរុស្ស៊ីរូបនេះ បានធ្វើបាបកូនៗរបស់គាត់។ ក្រសួងការបរទេសរុស្ស៊ី បានកោះហៅឯកអគ្គរដ្ឋទូតហូឡង់ ប្រចាំនៅក្រុងម៉ូស្គូ ដើម្បីប្រាប់ថា រុស្ស៊ីមិនអាចទទួលយកទង្វើនេះបានឡើយ។ ប្រធានាធិបតីរុស្ស៊ី បានទាមទារអោយរដ្ឋាភិបាលហូឡង់ ធ្វើការពន្យល់ និងសុំទោសចំពោះទង្វើនេះ។ លោក ពូទីន លើកឡើងថា ទង្វើនេះជាការរំលោភបំពានដ៏ច្រឡើសបើស ទៅលើអនុសញ្ញាទីក្រុងវីយេន។
ទំនាក់ទំនងរវាងរុស្ស៊ី និងហូឡង់ បានចាប់ផ្តើមតានតឹង តាំងពីថ្ងៃ១៩កញ្ញាមកម្ល៉េះ គឺនៅពេលដែលរុស្ស៊ីបានស្កាត់ចាប់នាវាអង្គការបរិស្ថាន Greenpeace Arctic Sunrise និងបានចាប់ខ្លួនអ្នកនៅនាវានោះ៣០នាក់ ក្នុងនោះមាន២៦នាក់ មិនមែនជាជនជាតិរុស្ស៊ី។ ក្រុងម៉ូស្គូបានចោទពួកគេពីបទធ្វើការប្លន់ជាក្រុម។ ជនទាំងអស់នោះ អាចទទួលទោសជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ ដោយសារតែពួកគេបានឡើងទៅ កាន់ទីតាំងប្រេងឥន្ធនៈរុស្ស៊ីមួយកន្លែង ដើម្បីបរិហារពីបញ្ហាទាក់ទងការបំផ្លាញបរិដ្ឋាន នៅទីនោះ។
ប្រទេសហូឡង់ បានប្តឹងតុលាការអន្តរជាតិប្រឆាំងរុស្ស៊ី ដោយបានលើកឡើងថា មុននឹងរុស្ស៊ីធ្វើការឃាត់នាវាអង្គការបរិដ្ឋាននោះ រុស្ស៊ីគួរតែសុំការអនុញ្ញាតពីខ្លួនជាមុនសិន ព្រោះថា នាវានោះមានដាក់សញ្ញាថា ជានាវារបស់ប្រទេសហូឡង់៕ដោយ ព្រំ សឿន សូលីណា (RFI)