ជប៉ុនសុំអង្គការពាណិជ្ជកម្មពិភពលោកជួយអន្តរាគមន៍រឿងកូរ៉េខាងត្បូងហាមការនាំចូលត្រីជប៉ុនក្នុងស្រុក
ប្រទេសជប៉ុនបានសុំអោយអង្គការ ពាណិជ្ជកម្មពិភពលោក ជួយធ្វើអន្តរាគមន៍ក្នុងវិវាទរវាងជប៉ុន និងកូរ៉េខាងត្បូង ដែលបានហាមឃាត់ការនាំចូលត្រីជប៉ុន ចូលក្នុងស្រុកខ្លួន។ នេះបើយោងតាមសារព័ត៌មានបារាំង AFP ចុះផ្សាយនៅថ្ងៃអង្គារ ទី៨តុលានេះ។ កន្លងមក ក្រុងសេអ៊ូលបានហាមឃាត់ការនាំចូលផលិតផលត្រី ដែលគេនេសាទបាននៅភាគឥសានជប៉ុន ជិតតំបន់ហ្វ៊ូគូស្ហ៊ីម៉ា ដោយសារខ្លាចថា ត្រីទាំងនោះមានផ្ទុកនូវធាតុវិទ្យុសកម្មនុយក្លេអ៊ែរ។
យោងតាម សារព័ត៌មានបារាំង AFP ចុះផ្សាយនៅថ្ងៃអង្គារនេះ ជប៉ុនចង់អោយគណៈកម្មាធិការទទួលបន្ទុកវិធានការសុខភាពអនាម័យ នៃអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា OMC នោះ អោយពិភាក្សាជាមួយកូរ៉េខាងត្បូង អំពីកំហិតកំណត់ដែលក្រុងសេអ៊ូលបានអនុវត្ត ក្នុងការហាមឃាត់ផលិតផលត្រីសមុទ្រជប៉ុន ចូលក្នុងទឹកដីកូរ៉េខាងត្បូង។
កាលពីខែមុន ក្រុងសេអ៊ូលបានពង្រីកការហាមឃាត់ការនាំផលិតផលត្រីដែលគេនេសាទបាន នៅភាគឥសានជប៉ុន ជិតមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វ៊ូគូស្ហ៊ីម៉ា ចូលមកក្នុងទឹកដីកូរ៉េខាងត្បូង ដោយសារតែខ្លាចផលិតផលត្រីទាំងនោះ មានផ្ទុកនូវធាតុវិទ្យុសកម្ម ប៉ះពាល់ដល់សុខភាព។ ក្រុងសេអ៊ូលមិនត្រឹមតែហាមឃាត់ត្រីនាំមកពីខេត្តហ្វ៊ូគូស្ហ៊ីម៉ា ប៉ុណ្ណោះទេ ថែមទាំងហាមឃាត់ត្រីនាំមកពីក្រុងធំៗចំនួន៧ផ្សេងទៀតផងដែរ។ បើគិតទៅ គឺស្មើនឹងពាក់កណ្តាលតំបន់ភាគខាងជើងនៃកោះ ហុងស្ហ៊ូ ដែលជាកោះធំបំផុតនៅជប៉ុន។ ការហាមឃាត់នេះ បានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនអគ្គិសនីតេបកូជប៉ុន បានសារភាពថា មានទឹកហូរចេញពីមជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្វ៊ូគូស្ហ៊ីម៉ា ចូលទៅក្នុងសមុទ្រ។
ទីភ្នាក់ងារជប៉ុនប្រាប់ថា ខ្លួននឹងពន្យល់អង្គការពាណិជ្ជកម្មពិភពលោកថា ផលិតផលសមុទ្ររបស់ជប៉ុន សុទ្ធតែបានទទួលការត្រួតពិនិត្យយ៉ាងតឹងតែង ស្របតាមក្បួនខ្នាតអន្តរជាតិ ហើយការហាមឃាត់របស់ក្រុងសេអ៊ូលគ្មានគ្រឹះអ្វីច្បាស់លាស់នោះទេ។ ជប៉ុនចង់អោយកូរ៉េខាងត្បូងលុបចោលការហាមឃាត់ទាំងអស់នេះទៅវិញ។
អ្នកវិភាគមួយចំនួនគិតថា ការដែលកូរ៉េខាងត្បូងហាមឃាត់ផលិតផលត្រីសមុទ្រជប៉ុនចូលទៅក្នុង ទឹកដីខ្លួននេះ ក៏ប្រហែលអាចមកពីប្រទេសនេះ មានជម្លោះផ្សេងទៀតជាមួយជប៉ុនផងដែរ ដូចជាជម្លោះកោះតូចៗជាដើម។ លើសពីនេះ កូរ៉េខាងត្បូងមិនបានពេញចិត្តអាកប្បកិរិយារបស់ជប៉ុន ដែលធ្លាប់ដាក់អាណានិគមលើទឹកដីខ្លួននោះទេ៕ដោយ ព្រំ សឿន សូលីណា (RFI)