បាន គីមូន ចោទប្រធានាធិបតីអាសាដពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ
កាលពីថ្ងៃសុក្រម្សិលមិញដែរ លោក បាន គីមូន ប្រធានអង្គការសហប្រជាជាតិ បានចោទប្រធានាធិបតីអាសាដ ថាបានបង្កឧក្រិដ្ឋកម្មជាច្រើនប្រឆាំងមនុស្សជាតិ។ លោក បាន គីមូនបានបន្ថែមថា របាយការណ៍ស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិនឹងផ្តល់ការសន្និដ្ឋាន ធ្ងន់ធ្ងរមួយ ស្តីពីការប្រើប្រាស់អាវុធគីមី នៅស៊ីរី។ នៅថ្ងៃសៅរ៍នេះ ប្រមុខការទូត អាមេរិក និងរុស្ស៊ី បានជួបពិភាក្សាគ្នា ជាបន្ត នៅទីក្រុងហ្សឺណែវ ស្តីពីការរក្សាសុវត្ថិភាពអាវុធគីមី ដែលស៊ីរីបានយល់ព្រមប្រគល់អោយអង្គការសហប្រជាជាតិ គ្រប់គ្រង។ ភាគី ទាំងពីរបានសំរេចចេញនូវកិច្ចព្រមព្រៀងមួយ ស្តីពីការ កំចាត់អាវុធគីមីនៅស៊ីរី។
ថ្វីបើ របាយការណ៍ស៊ើបអង្កេតអង្គការសហប្រជាជាតិ គ្មានទិសដៅបង្ហាញមុខអ្នកទទួលខុសត្រូវក្នុងការប្រើប្រាស់ អាវុធគីមី សម្លាប់ជនស៊ីវិល នៅស៊ីរីក្តី ប៉ុន្តែ នៅថ្ងៃសុក្រម្សិលមិញនេះ ប្រធានអង្គការសហប្រជាជាតិបានចោទលោកអាសាដចំមុខ តែម្តង ថាបានបង្កបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។ រយៈពេល២ឆ្នាំកន្លះមកនេះ សង្គ្រាមរ៉ាំរ៉ៃស៊ីរី បានសម្លាប់មនុស្សប្រមាណមួយសែនមួយម៉ឺននាក់ហើយ។
លោក បាន គីមូន បន្ថែមទៀតថា របាយការណ៍នោះនឹងចេញការសន្និដ្ឋានដ៏ធ្ងន់ធ្ងរ ទាក់ទងនឹងការប្រើ ប្រាស់អាវុធគីមី។ យោងតាមក្រុងប៉ារីស ខ្លឹមសាររបាយការណ៍ស៊ើបអង្កេតនេះ នឹងត្រូវបង្ហាញនៅថ្ងៃចន្ទស្អែកនេះហើយ។
នៅក្នុងការពិភាក្សាគ្នា នៅថ្ងៃសៅរ៍នេះ រវាងប្រមុខការទូតអាមេរិក ចន ឃែររី និងប្រមុខការទូតរុស្ស៊ី ស៊ែរហ្កី ឡាវ្រ៉ូវ ស្តីពីការរក្សាសុវត្ថិភាពអាវុធគីមី ដែលស៊ីរីបានយល់ព្រមប្រគល់អោយអង្គការសហប្រជាជាតិគ្រប់គ្រង ភាគីទាំងពីរគិតថានឹងត្រូវធ្វើអ្វីបន្តទៀត ប្រសិនស៊ីរីមិនព្រមប្រគល់អាវុធគីមីតាមការសន្យា។ គួររំលឹកថា ក្រុងវ៉ាស៊ីនតោនបានរំពឹងថា អាវុធគីមីនៅស៊ីរីមានដល់ទៅជាងមួយពាន់តោន។ ទោះយ៉ាង នេះក្តី លោកឃៃរី និងលោកឡាវ្រ៉ូវ បានព្រមព្រៀងគ្នាថា នឹងធ្វើដំណោះស្រាយតាមបែបសន្តិភាព។ ដោយឡែក ប្រធានាធិបតីអូបាម៉ា ដែលបានគាំទ្រយន្តការការទូតនោះ ក៏បានអំពាវនាវសហគមន៍អន្តរជាតិអោយត្រៀមខ្លួនធ្វើអន្តរាគមន៏យោធា ផងដែរ ប្រសិនបើកិច្ចប្រឹងប្រែងផ្នែកការទូតទាំងនោះជួបបរាជ័យ។
ទោះយ៉ាងនេះក្តី នៅអង្គការសហប្រជាជាតិ សេចក្តីសំរេចអោយមានអន្តរាគមន៍យោធានៅស៊ីរី ប្រហែលជាពិបាកនឹងអនុម័តបានណាស់ ប្រសិនបើរុស្ស៊ីជំទាស់។ ផ្ទុយទៅវិញ គេអាចបញ្ចូលជាខ្លឹមសារទាក់ទងមធ្យោបាយផ្សេងៗទៀត ទៅក្នុងអត្ថបទរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមធ្យោបាយទាំងនោះ ប្រហែលជារុស្ស៊ីអាចទទួលយកបាន បែបយ៉ាង ការដាក់ទណ្ឌកម្មដល់រដ្ឋាភិបាលស៊ីរីជាដើម៕ដោយ ព្រំ សឿន សូលីណា (RFI)