ក្រសួង​ការ​ងារ​អំ​ពាវ​នាវ​កម្មករ​កុំ​ឲ្យ​ចូល​រួម​ធ្វើ​បាតុក​ម្ម​នៅ​ថ្ងៃ​ទី​៧​ ​កញ្ញា

ភ្នំ​ពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា ​បាន​ចេញ​លិខិត​មួយ អំពាវនាវ​ឲ្យ​កម្មករ​ទាំងអស់​កុំ​ស្តាប់​ការ​ញុះញង់​របស់​អ្នក​នយោបាយ ចូល​រួម​ធ្វើ​បាតុកម្ម ដោយ​ត្រូវ​រក្សា​ភាព​នឹងនរ និង​បន្ត​ការងារ​របស់​ខ្លួន​ជា​ធម្មតា។

imageការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​យក​ថ្ងៃ​ទី៧ ខែ​កញ្ញា ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​គេ​ជឿ​ថា កម្មករ​រោងចក្រ​អាច​ជា​កម្លាំង​ចលករ​មួយ​ចូល​រួម​ក្នុង​ហ្វូង​បាតុកម្ម​នោះ។

ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ស្នើសុំ​ឲ្យ​កម្មករ​អត់ធ្មត់ ទុក​ឲ្យ​គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ដោះស្រាយ​តាម​នីតិវិធី និង​ស្រប​ច្បាប់​ជា​ធរមាន ហើយ​កម្មករ​ទាំងអស់​ត្រូវ​បន្ត​បំពេញ​ភារកិច្ច​តាម​តួនាទី​រៀងៗ​ខ្លួន ចៀសវាង​ការ​ចូល​រួម​តាម​ការ​ញុះញង់​អូស​ទាញ និង​ការ​ឃោសនា​របស់​អ្នក​នយោបាយ ដែល​ធ្វើ​ឲ្យ​បាត់​បង់​សណ្ដាប់​ធ្នាប់​សាធារណៈ ប៉ះពាល់​ដល់​ជីវភាព​របស់​កម្មករ។

ប្រធាន​សហជីព​ការងារ​កម្ពុជា លោក អាត់ ធន បញ្ជាក់​ការ​សម្រេច​ចិត្ត​ចូល​រួម​ធ្វើ​បាតុកម្ម ឬ​មិន​ចូល​ធ្វើ​បាតុកម្ម ជា​សិទ្ធិ​របស់​កម្មករ។ លោក​បន្ថែម​ថា ពេល​វេលា​នេះ រដ្ឋាភិបាល ឬ​ស្ថាប័ន​របស់​រដ្ឋ មិន​គួរ​ចេញ​លិខិត​ហាម ឬ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ចូល​រួម​ធ្វើ​បាតុកម្ម ដោយ​អហិង្សា​នោះ​ទេ។ ប៉ុន្តែ វិធី​ដែល​បញ្ចៀស​បញ្ហា​ផ្សេងៗ កើត​ឡើង​ជា​ចៃដន្យ ដូច​ជា​ការ​ប្រើ​ហិង្សា​ណា​មួយ​នោះ គឺ​អ្នក​នយោបាយ​ត្រូវ​ដោះស្រាយ​បញ្ហា​ដែល​សេសសល់​ជា​មុន​សិន។

យ៉ាង​ណា ប្រធាន​ក្រុម​ប្រឹក្សា​សហជីព​ជាតិ​កម្ពុជា លោក សោម អូន បញ្ជាក់​ថា កម្មករ​មិន​ត្រូវ​ចូល​រួម​ធ្វើ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​ទេ ព្រោះ​បាតុកម្ម​នោះ​មិន​មែន​ជា​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​ឡើយ ប៉ុន្តែ ជា​បាតុកម្ម​ដែល​កើត​ចេញ​ពី​អ្នក​នយោបាយ ដែល​ចង់​កេង​ចំណេញ​អ្វី​មួយ។

លោក សោម អូន គាំទ្រ​ទាំង​ស្រុង​ចំពោះ​លិខិត​អំពាវនាវ​របស់​ក្រសួង​ការងារ ដោយ​បញ្ជាក់​ថា ប្រសិន​កម្មករ​ចាក​ចេញ​ពី​រោងចក្រ​ទៅ​ចូល​រួម​ធ្វើ​បាតុកម្ម​នោះ អាច​ប៉ះពាល់​នឹង​សន្តិ​សុខ​​ការងារ​របស់​កម្មករ៕ Cambodia News

Related Articles

Back to top button
Close
Close