សម្តេចប៉ាប​អំពាវនាវ​ឲ្យ​ពិភពលោក​បន់ស្រន់​នៅ​ថ្ងៃទី៧ កញ្ញា ដើម្បី​សន្តិភាព​នៅ​ស៊ីរី

នៅ​ថ្ងៃ​អាទិត្យ ទី១ កញ្ញា សម្តេចសង្ឃ​កាតូលិក François បាន​អំពាវនាវ​ឲ្យ​ប្រជាជន​នៅ​ទូទំាង​ពិភពលោក​ចូលរួម​តមអាហារ​នៅ​ថ្ងៃទី៧ កញ្ញា​ដើម្បី​សន្តិភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ការ​អំពាវនាវ​របស់​សម្តេចប៉ាប François បាន​ធ្វើ​ឡើង ដោយ​យក​គំរូ​តាម​សម្តេចប៉ាប Jean-Paul ទី២ នៅ​ក្រោយ​មហា​ភេរវកម្ម​ថ្ងៃទី១១ កញ្ញា ឆ្នំា ២០០១ នៅ​សហរដ្ឋអាមេរិក។

ថ្ងៃទី៧ កញ្ញា​ដែល​សម្តេចប៉ាប François បាន​ចាត់​ទុក​ជា​ថ្ងៃ​បន់ស្រន់ និង​តមអាហារ​ដើម្បី​សន្តិភាព​នៅ​ស៊ីរី ត្រូវ​បាន​សម្តេចប៉ាប​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ពី​ប្រជាជន​គ្រប់ស្រទាប់ ​វណ្ណៈ​ទំាង​អស់​នៅ​ទូទំាង​ពិភព លោក ដោយ​មិន​ប្រកាន់​អ្នកកាន់សាសនា​ណា​មួយ​ទេ។ នៅ​ក្នុង​សារ​អំពាវនាវ​នោះ​ដដែល ប្រមុខ សង្ឃ​កាតូលិក​ក៏​បាន​ថ្កោលទោស​ចំពោះ​ការ​ប្រើ​អាវុធគីមី​សម្លាប់​ ជនស៊ីវិល ព្រម​ទំាង​ប្រឆំាង​ដាច់​ខាត​ចំពោះ​អន្តរាគមន៍​យោធា​លើ​ប្រទេស​ស៊ីរី។

« សម្លេង​ដែល​ទំាង​អស់​គ្នា​ត្រូវ​ស្រែក​នៅ​ពេល​នេះ គឺ​សម្លេង​សន្តិភាព គឺ​មិន​មែន​សម្លេង​សង្រ្គាម​ទេ » នេះ​ជា​ការ​បញ្ជាក់​របស់​សម្តេចប៉ាប François ដោយ​ព្រះអង្គ​យក​តាម​គំរូ​ឃ្លាឃ្លោង​របស់​សម្តេចប៉ាប Paul ទី៦ ដែល​បាន​ថ្លែង​នៅ​វេទិកា​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នំា ១៩៦៤ ចំ​ពេល​សង្រ្គាម​វៀតណាម។

ដោយ​មិន​បាន​ប្រកាស​ចំៗ​ពី​អ្នកទទួលខុសត្រូវ​នៅ​ក្នុង​ការ​ប្រើ​អាវុធគីមី​ នៅ​ស៊ីរី​កាល​ពី​ថ្ងៃទី២១ សីហា សម្តេចប៉ាប​បាន​មាន​ព្រះបន្ទូល​ថា នឹង​មាន​ការ​កាត់ទោស​ពី​ព្រះជាម្ចាស់ និង​ពី​ប្រវត្តិសាស្រ្ត​លើ​ទង្វើ​ដែល​មនុស្ស​ម្នាក់ៗ​បាន​​ធ្វើ និង​ដែល​គ្មាន​នរណា​ម្នាក់​អាច​​គេចផុត​បាន​ឡើយ។ ទន្ទឹម​គ្នា​នេះ សម្តេចប៉ាប François ក៏​បាន​ជម្រុញ​ឲ្យ​ភាគី​ជម្លោះ​នីមួយៗ​នៅ​ស៊ីរី​ផ្តើម​កិច្ចចរចា​ដោយ​ សន្តិវិធី និង​ចៀសវាង​ការ​ប្រឈមមុខ​គ្នា​យ៉ាង​ងងឹតងងល់។

សារ​អំពាវនាវ​ស្រដៀងគ្នា​នេះ​ក៏​ត្រូវ​បាន​សម្តេចប៉ាប​បញ្ជូន​ទៅ​កាន់​ សហគមន៍​អន្តរជាតិ​ដែរ ដោយ​ព្រះអង្គ​បាន​ជម្រុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ដោយ ​ឈរ​លើ​មូលដ្ឋាន​នៃ​កិច្ចសន្ទនា​ដើម្បី​សន្តិ ភាព​នៅ​ស៊ីរី។ យោង​តាម​សម្តេចប៉ាប មិនមែន​ការ​ប្រើ​អំពើហិង្សា​ទេ​ដែល​នំា​ឲ្យ​មាន​សន្តិភាព​នោះ សង្រ្គាម​ស្រែក​ហៅ​សង្គ្រាម អំពើហិង្សា​ស្រែក​ហៅ​អំពើហិង្សា។

គួរ​បញ្ជាក់​ជូន​ថា សារ​អំពាវនាវ​របស់​សម្តេចប៉ាប François ឲ្យ​មាន​ការ​បន់ស្រន់ និង​តមអាហារ​នៅ​ថ្ងៃទី៧ កញ្ញា​ដើម្បី​សន្តិភាព​នៅ​ស៊ីរី​បាន​ធ្វើ​ឡើង ២ថ្ងៃ​មុន​ការ​ចូល​បវេសនកាល​របស់​សភា​អាមេរិក​នៅ​ថ្ងៃទី៩ កញ្ញា។ សភា​អាមេរិក​ដែល​នឹង​ត្រូវ​ពិនិត្យ និង​អនុម័ត​សំណើ​របស់​លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា​ដែល​សុំ​ប្រើ​កម្លំាងទ័ព​វាយប្រហារ​ប្រទេស​ស៊ីរី៕ដោយ គួច គន្ធារ៉ា​(RFI)

Related Articles

Back to top button
Close
Close