អង្គការFAO ប្រកាសអាសន្នពីការខ្ជះខ្ជាយចំណីអាហារនៅអាស៊ីប៉ាស៊ីហ្វិក
នៅថ្ងៃអង្គារនេះ អង្គការទទួលបន្ទុកកសិកម្ម និងម្ហូបអាហារនៃអង្គការសហប្រជាជាតិ ហៅកាត់ថា FAO បានរិះគន់បរិហារនិងប្រកាសអាសន្នអំពីការកើនឡើងនៃការខ្ជះខ្ជាយចំណីអាហារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ គិតចាប់ពីពេលបង្កបង្កើនផលស្រែចំការ រហូតដល់ពេលចែកចាយចំណីអាហារ ក្នុងចំណោមផលដែលប្រមូលបាន១០០ភាគរយ មាន៣០ភាគរយ ត្រូវបានខ្ជះខ្ជាយលែងប្រើប្រាស់។ លើសពីនេះ ប្រជាជនក្នុងតំបន់ក៏មានទំលាប់អាក្រក់ ដោយបានខ្ជះខ្ជាយបោះចោលម្ហូបអាហារ ដែលជាធម្មតាគេនៅអាចបរិភោគបានរយៈពេលច្រើនថ្ងៃទៀត។
នៅថ្ងៃពុធ នេះ ប្រទេសចំនួន២០ មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីហ្វីលីពីនរហូតដល់ប៉ាគីស្ថាន នឹងបញ្ចប់កិច្ចពិភាក្សាគ្នាស្តីពីបញ្ហាខ្ជះខ្ជាយចំណីអាហារ ដែលកំពុងតែមានការកើនឡើង នៅក្នុងតំបន់។ នៅក្នុងកិច្ចពិភាក្សាដែលបានចាប់ផ្តើមតាំងពីថ្ងៃអង្គារម្សិលមិញ អង្គការទទួលបន្ទុកកសិកម្ម និងម្ហូបអាហារនៃអង្គការសហប្រជាជាតិ ហៅកាត់ថា FAO បានបរិហារនិងប្រកាសសញ្ញាអាសន្នពីបញ្ហាខ្ជះខ្ជាយនេះ។
លោក Hiroyuki Konuma តំណាងអង្គការFAO បានប្រាប់ថា បន្ទាប់ពីមានការប្រមូលផលស្រែចំការ បរិមាណចំណីអាហារជាមធ្យមជិត៣៥ភាគរយ ត្រូវបានបាត់បង់ រឺក៏ខ្ជះខ្ជាយលែងប្រើការ។ បើនិយាយពីធញ្ញជាតិនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺមានប្រមាណជា៣០ភាគរយ បានបាត់បង់ ក្រោយការប្រមូលផលរួច។ ហើយបើគិតពីការបាត់បង់បន្លែនិងផ្លែឈើវិញ គឺមានរហូតដល់ទៅ៤២ភាគរយឯណោះ។ ឪនភាពនៃគំរោងបង្កបង្កើនផល ការវាយលុកនៃសត្វល្អិតក្នុងស្រែចំការ ភាពអន់ខ្សោយនៃរបៀបដឹកនាំស្បៀងអាហារ សុទ្ធសឹងជាមូលហេតុដែលនាំអោយមានការខ្ជះខ្ជាយដ៏សន្ធឹកសន្ធាប់នេះ។
ទន្ទឹមនេះដែរ ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាជននៅអាស៊ីអគ្នេយ៍តែម្នាក់ប៉ុណ្ណោះ បានខ្ជះខ្ជាយចំណីអាហារប្រមាណជា១២០គីឡូក្រាម។ បរិមាណនេះតិចជាងនៅអឺរ៉ុប និងអាមេរិកខាងជើង។ នៅទីនោះ ប្រជាជនម្នាក់បានបោះចោលចំណីអាហារដែលនៅអាចបរិភោគបាននៅឡើយ ដល់ទៅ ៣០០ គីឡូក្រាមក្នុងមួយឆ្នាំ។ ដើម្បីទប់ស្កាត់បញ្ហាអស់នេះ អង្គការFAO បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបង្កើនឃោសនាផ្សព្វផ្សាយ ក្នុងទិសដៅផ្លាស់ប្តូររបៀបរបបនៃការទទួលទានអាហារ ដែលគួរតែត្រូវអនុវត្តដល់កុមារនានាផងដែរ។
យោងតាមអង្គការ FAO ម្ហូបអាហារដែលខ្ជះខ្ជាយនៅទូទាំងពិភពលោកត្រឹមតែបរិមាណ១ភាគ ៣ប៉ុណ្ណោះ គឺអាចជួយសង្គ្រោះជនរងគ្រោះដោយការអត់ឃ្លាន បាន៨៧០លាននាក់។ បច្ចុប្បន្នមនុស្ស៥៣៦លាននាក់ កំពុងតែរងគ្រោះអត់ឃ្លាន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក៕ដោយ ព្រំ សឿន សូលីណា (RFI)