តោះ! យើងទៅបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា
នៅម៉ោង ១២ យប់មិញនេះ គឺជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេស។
គណបក្សនយោបាយទាំងអស់ដែលបានចូលរួមឃោសនាស្វែងរកសំឡេងឆ្នោតគាំទ្រពីប្រជាពលរដ្ឋនោះក៏បានបញ្ចប់សកម្មភាពរបស់ខ្លួនតាមកាលកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែរ។
នៅមុនម៉ោង ១២ យប់ ម្សិលមិញ គណបក្សនីមួយៗបានខិតខំទៅតាមសមត្ថភាព និងលទ្ធភាពរបស់ខ្លួន ដើម្បីឃោសនាទាញយកប្រជាប្រីយភាពនៅក្នុងឃុំ-សង្កាត់ ដោយមានការជួយពីតំណាងរាស្រ្ត និងសមាជិកបក្សទាំងនៅមូលដ្ឋាន និងនៅថ្នាក់ជាតិរបស់ខ្លួនរៀងៗខ្លួន។
នៅអំឡុងពេលឃោសនាបោះឆ្នោតនោះ គណបក្សជាច្រើនក្នុងចំណោមគណបក្សទាំង ១០ បានដង្ហែរឡានតូចធំដែលមានផ្ទាំងបដាផ្សព្វផ្សាយពីបក្សក៏ដូចជាឧគ្ឃោសនស័ព្ទបំពងសំឡេងបន្លឺនូវបទចំរៀងសាទរគណបក្ស អមដោយម៉ូតូជាច្រើនគ្រឿងពាសពេញផ្លូវ ទៅតាមបែបបទនិងគោលនយោបាយគណបក្សនីមួយៗ។
ដោយឡែក គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាចក៏បានប្រឹងប្រែងស្វែងរកអ្នកគាំទ្របន្ថែមទៀតពីប្រជាជនដែលនឹងទៅឆ្នោតនាថ្ងៃទី ៣ មិថុនា ស្អែកនេះដែរ។
«ជយោ គណបក្សប្រជាជនកម្ពុជា! ដោយសារប្រជាជន ដើម្បីប្រជាជន ជយោ គណបក្សប្រជាជនដ៏រុងរឿង!» នេះគឺជាសម្លេងស្រែកហ៊ោរកញ្ជ្រាវ អបអរសារទរ របស់ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាដែលកំពុងតែដង្ហែរក្បួនតាមដងវិថីនានា គ្រប់ច្រករហ្ហកទាំងអស់នៅរាជធានីភ្នំពេញ។
លោក ព្រហ្ម គន្ធ ប្រធានគណឃោសនាអប់រំភ្នំពេញនៃគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា៖ «ពួកគាត់(អ្នកគាំទ្រ) សុទ្ធសឹងតែជាសមាជិកអចិន្ត្រៃយ៍របស់បក្សហើយពួកគាត់ស្ម័គ្រចិត្តមកជួយឃោសនាបក្ស ដោយទឹកចិត្តស្រលាញ់បក្ស»។
លោកបានបង្ហើបឲ្យដឹងពីដំណើរការនៃការហែរគណបក្សនេះថា៖ ការរៀបចំដង្ហែរគណបក្សនេះគឺចាប់ផ្តើមដោយការកោះអញ្ជើញពីទីស្នាក់ការធំទៅកាន់ ទីស្នាក់ការតូចៗតាមខណ្ឌនីមួយៗ។
អុ្នកទទួលរៀបចំកោះហៅសមាជិកអ្នកហែរបក្ស ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា៖ «គេអត់បង្ខំឲ្យប្រជាជនទៅហែរទេ តែគេកំណត់ថា មួយខណ្ឌត្រូវមាន៣ ទៅ ៥ឡាន (ឡានហែរគណបក្ស) ហើយគេពុំបានកំណត់ចំនួនមនុស្សនោះទេ តែបើគេប្រាប់អញ្ចឹងយើងដឹងហើយថាត្រូវធ្វើម៉េច»។
ចំពោះការចួលរួមហែរគណបក្សនេះដែរ មានអ្នកចួលរួមហែរមួយចំនួនបានសម្តែងការពេញចិត្ត និងភាពរីករាយដែលពួកគាត់បានចំនាយកំលាំង និងពេលវេលាដើម្បីជួយឃោសនាគណបក្ស។
លោកហួត ឡា អាយុ៣១ឆ្នាំ ដែលជាអ្នកដែលបានចួលរួមហែរគណបក្សប្រជាជនកម្ពុជា បាននិយាយថា៖ «អ្នកដែលស្រលាញ់បក្សពេលមកហែរ គេមិនដែលមាត់អីទេ ណាស់តែយកអ្នកក្រៅមកតើ!»។
លោកបានបន្តទៀតថា៖ រាល់ពេលដង្ហែរគណបក្សម្តងៗ គាត់ត្រូវបានគេកោះហៅពីក្រុមអ្នកដឹកនាំ ហើយគាត់បានទទូលនូវអាហារសំរន់ក៏ដូចជាអាហារថ្ងៃត្រង់ និងបន្ថែមដោយប្រាក់ឧបត្ថម្ភពីសំណាក់អ្នកខាងលើ។
ពាក់ព័ន្ធនឹងអាហារសំរន់ និងប្រាក់ឧបត្ថម្ភទាំងនេះ ឯកឧត្តមព្រហ្ម គន្ធ បានបន្តទៀតថា៖ «ជាការពិតទៅ បក្សអត់មានឲ្យអីទេ គឺមានត្រឹមតែទឹកសុទ្ធ និងបាយថ្ងៃត្រង់បន្តិចបន្តួចគ្រាន់ទុកជាជំនួយស្មារតីដល់ពួកគាត់តែប៉ុណ្ណោះ។»
អុ្នកទទួលរៀបចំកោះហៅសមាជិកអ្នកហែរបក្ស ដែលសុំមិនបញ្ចេញឈ្មោះដដែលនេះ បានបង្ហើបទៀតដែរថា៖ «បក្សមិនឲ្យលុយទេ ប៉ុន្តែអ្នកដែលពេញចិត្តបក្ស មានមុខមាត់នៅក្នុងបក្សបានជួយឧបត្ថម្ភដល់អ្នកចួលរួមហែរ ក្នុងម្នាក់ពីរម៉ឺនរៀលមួយព្រឹក»។
បើទោះបីជាមានការអះអាងពីសំណាក់អ្នកចួលរួមក៏ដូចជាអ្នកកោះហៅយ៉ាងណាក៏ដោយ ក៏លោក ព្រហ្ម គន្ធ បានបញ្ជាក់ថា៖ «ការឲ្យជាទឹកប្រាក់នានាត្រូវបានហាមឃាត់នៅអំឡុងពេលឃោសនាបោះឆ្នោតឃុំ សង្កាត់នេះដោយយោងតាមច្បាប់ដែលបានចែងដោយគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត»។
យោងតាមសៀវភៅណែនាំស្តីពីការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣របស់គណៈកម្មាកាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា តាមប្រការ ៨.២ ចំនុច ៨.២.១ និង ៨.២.២ ការឃោសនាបោះឆ្នោតត្រូវដំណើរការក្នុងរយៈពេល១៥ថ្ងៃ មុនពេលបោះឆ្នោត ហើយគ្រប់សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ត្រូវចាប់ផ្តើមពីម៉ោង៦ព្រឹករហូតដល់ម៉ោង១២យប់។ ដូច្នោះហើយនាឆ្នាំនេះ ការឃោសនាបោះឆ្នោតត្រូវបានចាប់ផ្តើមពីថ្ងៃទី១៨ ខែឧសភារហូតដល់ថ្ងៃទី៣០ ខែឧសភា ២០១២។
គួរបញ្ជាក់ដែរថា នេះគឺជាការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ហើយ។ កាលពីលើកទី១គឺនៅ ឆ្នាំ២០០២ និងលើកទី២នៅឆ្នាំ២០០៧។ ចំពោះការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១២នេះដែរ គឺមានការចួលរួមពីគណបក្ស១០ធំៗ ដូចជាគណបក្សប្រជាជនកម្ពុជា សមរង្ស៊ី ហ្វុន ស៊ិនប៉ិច សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សិទ្ធមនុស្ស នរោត្តមរណប្ញទ្ធិ ខ្មែរឈប់ក្រ សញ្ជាតិខ្មែរ ជាតិចលនាប្រជាធិបតេយ្យ និងសាធារណរដ្ឋប្រជាធិបតេយ្យ។
លោក ព្រហ្ម គន្ធ បាននិយាយថា គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សតែមួយគត់ដែលបានចូលរួមចំណែកស្តារ និងអភិវឌ្ឃន៍ប្រទេសតាំងពីបាតដៃទទេចាប់ពីថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ មក ដោយលោកបានស្រែកបន្ទរថា «តោះ! យើងទៅបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី ៣ មិថុនា ឆ្នាំ ២០១២ នេះ។ ជយោ! គណបក្សប្រជាជនកម្ពុជា»៕ ដោយ៖ កញ្ញា រិទ្ធី លំអរពេជ្រ លោក ហេង ហ្គិចលី និងលោក មែរ ច័ន្ទប៉ូលីដេត