ក្រសួងព័ត៌មានអំពាវនាវឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុកចែករំលែកព័ត៌មានពិតប្រាកដ
ភ្នំពេញ៖ កាលពីថ្ងៃទី១៥ សីហា ក្រសួងព័ត៌មានបានចេញលិខិត អំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមដូចជាហ្វេសប៊ុក គោរពវិជ្ជាជីវៈសារព័ត៌មាន និងផ្សព្វផ្សាយនូវព័ត៌មានពិតប្រាកដជៀសវាងការញុះញង់អុជអាល ដែលបង្កការភ័យខ្លាងក្នុងសង្គម។
ក្នុងលិខិតចុះផ្សាយ របស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីរក្សានូវស្ថេរភាពសង្គម និងការពារនូវបាតុភាពដែលនាំដល់អំពើហិង្សានោះ គ្រប់ប្រព័ន្ធផ្សពផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមដែលគេចង់សំដៅលើ ហ្វេសប៊ុក នោះ ត្រូវឈរលើភាពជាក់លាក់ត្រឹមត្រូវដោយផ្អែកតាមព័ត៌មានពិតជាក់ស្តែង ប្រកបដោយវិជ្ជាជីវៈ មិននឹងចុះផ្សាយព័ត៌មាន និងចែករំលែកបន្តក្នុងសង្គមហ្វេសប៊ុក។
ប្រការដែលព័ត៌មានទាំងអស់ឈរលើភាពជាក់លាក់ មិនបំភ្លើស នេះ ហើយដែលក្រសួងព័ត៌មានបានអះអាងថា នឹងចៀសវាងបាននូវការបំប៉ោង បំភិតបំភ័យ ញុះញង់អុជអាលប៉ុនប៉ងឱ្យមានអំពើហិង្សា និងការភ័យខ្លាចក្នុងសង្គម។
ប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុកដែលបច្ចុប្បន្ន បានក្លាយទៅជាឧបករណ៍ឃោសនានយោបាយ និង ឧបករណ័បំពងសម្លេងយ៉ាងមានសក្តានុពលក្នុងសង្គមខ្មែរដែលប្រជាពលរដ្ឋ ខ្មែរភាគច្រើនជាយុវជនជាអ្នកប្រើប្រាស់។
យ៉ាងណាក៏ដោយ ការអំពាវនាវរបស់ក្រសួងព័ត៌មានឱ្យប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមគោរពវិជ្ជាជីវ និងផ្អែកលើព័ត៌មានពិតប្រាកដនាពេលនេះ ជាការក្រើនរំលឹកដល់អ្នកប្រើប្រាស់ និងអ្នកទទួលដំណឹងចេះថ្លឹងថ្លែងមុននឹងចែកចាយព័ត៌មានដោយផ្អែកលើ ស្មារតីផលប្រយោជន៍ជាតិជាធំ៕ នាង/Cambodia News