ខ្យល់ព្យុះ ទីហ្វុង ឧទ្ធរកំពុងបោកបក់លើកោះហុងកុងនៅថ្ងៃពុធនេះ

បន្ទាប់ពី​បាន​បោកបក់​លើ​ប្រទេស​ ហ្វីលីពីន​ដែល​បាន​បង្កអោយ​មនុស្ស​ស្លាប់​៦​នាក់ ខ្យល់ព្យុះ​ទីហ៊្វុង​ ឈ្មោះ​ឧទ្ធរ កំពុង​វាយប្រហារ​ក្រុងហុងកុង នៅថ្ងៃពុធនេះ។ ខ្យល់​ព្យុះ​ដែល​ត្រូវបាន​ចាត់ទុកចូលក្នុង​ប្រភេទ​គ្រោះថ្នាក់ខ្ពស់ បាន​តម្រូវអោយ​អាជ្ញាធរ​ប្រកាស​បិទផ្សារភាគហ៊ុន សាលារៀន និង​ជើងយន្តហោះ​ជាច្រើន។

ទីក្រុង​ ហុងកុង​កំពុង​ទទួលរង​ការ​វាយ​ប្រហារ ពី​ខ្យល់​ព្យុះ​ទីហ៊្វុង ឈ្មោះ ឧទ្ធរ បន្ទាប់ពី​ខ្យល់​ព្យុះ​នេះ​បាន​វាយ​ប្រហារ​ប្រទេស​ហ្វីលីពីន​ដែល​បាន​ធ្វើ​ បង្ក​អោយ​មនុស្ស​ស្លាប់​៦​នាក់។

ដោយសារ​កំលាំង​ខ្យល់ព្យុះ​ដែល​ត្រូវ​បាន​ចាត់​ទុក​ចូល​ក្នុង​ប្រភេទ គ្រោះថ្នាក់ រដ្ឋាភិបាល​ក្រុង​ហុងកុង​បាន​បញ្ជា​អោយ​បិទទ្វារ​ទីផ្សារ​ភាគហ៊ុន សាលារៀន ជាដើម។ អាជ្ញាធរ​នៃ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ហុងកុង​បាន​ប៉ាន់ស្មាន​ទុកថា ជើង​យន្តហោះ​ប្រហែល​១០០ នឹង​ត្រូវ​លុបចោល និង​ ១៧៤​ជើង​ហោះហើរ​ផ្សេងទៀត​នឹង​ត្រូវ​ពន្យា​ពេល​ហោះហើរ​ដែរ។ រីឯ​នាវា​ចម្លង​រវាង​កោះហុ​ងកុង​ និង​ចិន​ដីគោក​ក៏​ត្រូវ​បាន​ផ្អាក​ដូចគ្នា។

នៅ​ក្នុង​ទីក្រុង​វិញ ទីក្រុង​បាន​ប្រែ​ក្លាយ​ជា​ស្ងាត់ជ្រងំ​ដោយសារតែ​ប្រជាជន​បាន​សំងំ​នៅ​ក្នុង ​ផ្ទះ ហើយ​នៅ​តាម​ដងផ្លូវ​មួយ​ចំនួន មាន​ដើមឈើ​បាន​បាក់​ដួលរលំ​​ពេញផ្លូវ។ នៅ​ថ្ងៃ​ពុធ​នេះ ខ្យល់ព្យុះ ឧទ្ធរ​បាន​ធ្វើដំណើរ​ចេញពី​ហុងកុង​ឆ្ពោះទៅ​ខេត្ត​ក្វាងទុង​ ដែល​ស្ថិត​នៅ​ក្នុង​ភាគ​អាគ្នេយ៍​ក្នុង​ប្រទេ​សចិន។ នៅ​ពេល​នេះ​ រដ្ឋាភិបាល​នៃ​ខេត្ត​ ក្វាងទុង​ក៏​កំពុង​ត្រៀម​វិធានការ ដើម្បីជួយ​សង្គ្រោះពលរដ្ឋ​​ក្នុង​ករណី​គ្រោះថ្នាក់ ដោយសារ​ខ្យល់ព្យុះ​នេះ។ ខ្យល់​ព្យុះ​ដែល​នឹង​បង្ក​អោយ​មាន​ការ​បាក់ដី​ផ​ងដែរ នេះបើតាម​ការផ្សព្វផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន។

គួរ​រំលឹកឡើងវិញ​ថា ខ្យល់ព្យុះ​ ឧទ្ធរ​ ដែល​បាន​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន​នោះ បាន​បង្កអោយ​ពលរដ្ឋ​ហ្វីលីពីន​៦​នាក់​ស្លាប់ ៥​នាក់​ទៀត​បាន​បន្ត​បាត់​ខ្លួន ជាង​៤​ម៉ឺន​នាក់​គ្មាន​ជម្រក និង​បង្ក​អោយ​មាន​ទឹកជំនន់​ទៀត​ផង៕ដោយ លាង ដឺលុច (RFI)

Related Articles

Back to top button
Close
Close