មន្ត្រីជាន់ខ្ពស់​គណបក្ស​កុំម្មុយនិស្ត​ចិន​មួយរូប​ ត្រូវ​បណ្តេញ​ចេញ​ពី​ជួរ​បក្ស​

យោងតាម​សារព័ត៌មានផ្លូវការ​​ចិន​ថ្មី ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គណបក្ស​កុំម្មុយនិស្ត​ចិន បាន​បណ្តេញមន្ត្រី​​ជាន់ខ្ពស់​មួយរូប គឺ​​លោក Liu Tienan ដែល​មាន​ឋានៈ​ស្មើ​​អនុ​រដ្ឋមន្ត្រី​អោយចេញ​ពី​ជួរគណបក្ស។ លោក Liu គឺ​ជា​អតីត​​​នាយក​រងនៅ​​​​​​ទីភ្នាក់ងារ​ផែនការ​​​ ដែល​ជា​ទីភ្នាក់ងារ​ដ៏​មាន​ឥទ្ធិពល​នៅ​ចិន។ លោក ​ Liu បាន​ធ្វើ​ខុសពី​សីលធម៌​ ដោយ​សារ​​​បំពាន​អំណាច​​បុណ្យសក្តិ​ ​​ស៊ីសំណូក​សូកប៉ាន់ រក​ប្រយោជន៍​អោយ​ក្រុមគ្រួសារ​​ខ្លួន។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ កាសែត​ចិន​ថ្មី​បាន​លើកឡើង​ថា យោងតាម​គណៈកម្មការ​វិន័យ​គណបក្ស​កុំម្មុយ និស្តចិន​ លោក Liu Tienan និងក្រុមគ្រួសារ​បាន​ទទួល​​ប្រាក់​សំណូក​​ច្រើន​លើសលប់។ ការ​បណ្តេញ​លោក​ Liu Tienan ចេញ​ពី​ជួរគណបក្ស​កុំម្មុយនិស្ត​ចិន​នេះ​ ​​ធ្វើឡើង ​បន្ទាប់​ពីពេល​ដែល​លោក ​​ Liu ត្រូវ​បាន​ដកហូត​ពីតំណែង​​​ដឹកនាំ​ជាន់ខ្ពស់​នានា​​។

លោក ​ Liu ធ្លាប់​កាន់ការងារ​នៅ​គណៈកម្មការ​ជាតិ​ដើម្បី​កំណែទំរង់ និង​ការអភិវឌ្ឍន៍​ ដែល​ទទួលបន្ទុក​គំរោង​ឧស្សាហកម្ម​ធំៗ​នៅចិន។ ហើយ​រហូត​​ដល់​ខែ​មិនា កន្លងទៅ​ លោក​ក៏ជា​មេដឹកនាំ​មួយរូប​នៃ​ទីភ្នាក់ងារ​ថាមពល​ជាតិ​ចិន​ផងដែរ។ កាលពី​ខែ​ឧសភា​ មន្ទីរ​រៀបរៀង​នៃ​គណបក្ស​កុំម្មុយនិស្ត​ចិន បាន​ដក​ហូត​តំណែងដឹកនាំ​​ទាំងអស់​នេះ​ពី​ Liu Tienan។

នៅ​​ចុង​ឆ្នាំ​២០១២ Luo Changping ជាអគ្គ​​នាយករង​ទស្សនាវដ្តី​សេដ្ឋកិច្ច​ Caijing ដ៏​​មាន​ឥទ្ធិពល​​​នៅ​ចិន បាន​ចោទ​​លោក Liu Tienan នៅ​លើ​​គេហទំព័រ​អ៊ីនថឺនេតខ្លួនថា លោក Liu ​បាន​​កេងប្រយោជន៍​​បុណ្យសក្តិ​ ​​បំរើ​​ផលប្រយោជន៍​ក្រុមគ្រួសារ។ នាយករង​ទស្សនាវដ្តី​ Caijing បាន​ទទួល​​ព័ត៌មាន​ទាក់ទង​បញ្ហា​នេះ ​តាម​រយៈ​​​ស្រី​កំណាន់​ចិត្ត​លោក Liu ដែល​បាន​ទូរសព្ទ​ទាក់ទង​​​ពី​ប្រទេស​ជប៉ុនមក។ អគ្គ​នាយករង​ទស្សនាវដ្តី​នេះ​​ចំណាយពេល​មួយឆ្នាំ​ ដើម្បី​ផ្ទៀងផ្ទាត់​ មុន​នឹង​ចោទប្រកាន់​​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កុំម្មុយ និស្ត​ចិន។

យោងតាម​អ្នកសង្កេតការណ៍​នានា​ Liu Tienan គឺ​ជា​​មន្ត្រី​ដឹកនាំ​ជាន់ខ្ពស់​ចិន​មួយ​រូប​​ ​​មាន​ជួរ​ឋានៈ​ស្មើ​នឹង​អនុ​រដ្ឋមន្ត្រី​ ដែល​បាន​​ខ្ទាត​ចេញ​ពី​គណបក្ស​​​បន្ទាប់​ពី​រង​ការបរិហារ​តាម​អ៊ីនថឺនេត។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ អ៊ីនថឺនេត​បាន​ក្លាយ​ជា​សៃវៀន​នៃ​ការ​បរិហារ​​អំពើ​ពុករលួយ​ និង​ការ​រំលោភ​អំណាច​​​ នៅ​ប្រទេស​ចិន។ ប្រធានាធិបតី​ថ្មី ស៊ី ជីនពីង​ ដែល​​ឡើង​កាន់​តំណែង កាលពី​ខែ​មិនា​ បាន​សន្យា​​ប្រយុទ្ធ​​ប្រឆាំង​អំពើ​ពុករលួយ​ឥត​​ប្រណី​​ដៃឡើយ មិន​ថាត្រូវកំចាត់​សត្វ​​​​​រុយ​រឺ​ក៏​ប្រហារសត្វ​​ខ្លានោះទេ៕  ​ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close