ស្ថានទូត​និង​កុងស៊ុល​អាមេរិក​១៩​កន្លែង​ បន្ត​បិទ​ទ្វារ​រហូត​ដល់​ថ្ងៃ​១០​សីហា​

នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​​ថា​ ស្ថានទូត​និង​កុងស៊ុល​ខ្លួន​​​ចំនួន​១៩​កន្លែង នៅ​មជ្ឈិម​បូព៌ា​ និង​អាហ្វ្រិក​ ​ត្រូវ​បន្ត​​បិទទ្វារ​​​រហូតដល់​​ដល់​ថ្ងៃ​១០​សីហា ដើម្បី​សុវត្ថិភាព​សន្តិសុខ​របស់​បុគ្គលិកការងារ​ទាំងអស់​​ រួម​ទាំង​អ្នក​បំពេញ​បេសកកម្ម​នានា​​ផ្សេងទៀតរបស់​អាមេរិក ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅទីនោះ។ វិធានការ​សុវត្ថិភាព​សន្តិសុខ​នេះ ធ្វើឡើង​បន្ទាប់​​ពី​អាមេរិក​បាន​ទទួល​ការ​គំរាម​កំហែងភេរវកម្ម​​​​ជាច្រើន​ ដែល​គួរ​អោយ​ជឿជាក់​បាន​​ ពីសំណាក់​​​ក្រុម​ឧទ្ទាម​អាល់កៃដា។​

ស្ថានទូតនិង​កុងស៊ុល​អាមេរិក​​​១៩​កន្លែង​ នៅ​មជ្ឈិមបូព៌ា​ និង​អាហ្វ្រិក ដែល​ត្រូវ​បន្ត​បិទទ្វារពី​ថ្ងៃ​ចន្ទ​នេះ​​រហូត​ដល់​ថ្ងៃសៅរ៍ ​១០​សីហា​​​​​នោះ​ រួម​មាន​ស្ថានទូត​ជាង​១៥​ ដែល​​​បិទទ្វារ​រួចហើយ​​​​កាលពី​ថ្ងៃ​អាទិត្យ​ ​ និង​៤​ស្ថានទូត​ថ្មី​ផ្សេងទៀត។ ស្ថានទូត​ទាំងនេះ មាន​​នៅប្រទេស​​អេហ្ស៊ីប យេម៉ែន ហ្ស៊កដានី កាតារ​ អារ៉ាប៊ី សាអ៊ូឌីត រឺ​ក៏​​រ៉ូវ៉ាន់ដា ជាដើម។ ការបន្តបិទទ្វារ​នេះ គឺ​ដើម្បី​ការពារ​សន្តិសុខ​បុគ្គលិកការងារ​​ក្នុង​ស្រុក និង​បណ្តា​បេសកជន​អាមេរិក​​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅទីនោះ។

ដោយឡែក​ នៅ​ថ្ងៃ​ចន្ទ​នេះ ស្ថានទូតអាមេរិក​​ផ្សេងៗ​ទៀត​ដែល​បាន​បិទទ្វារ​រួច​មកហើយ​ នៅ​អ៊ីរ៉ាក់ អាល់ហ្សេរី រឺ​ក៏​អាហ្វហ្កានីស្ថានជាដើមនោះ នឹង​បើក​ទ្វារ​ដំណើរការ​ឡើងវិញ។

បន្ទាប់​​ពី​​​ទទួល​បាន​ការ​គំរាម​កំហែងភេរវកម្ម​ជាច្រើន​ដែល​​​អាច​យក​ ជាការ​បាន ពីសំណាក់​​​ក្រុម​ឧទ្ទាម​អាល់កៃដាមក​ អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​​ព្រហស្បតិ៍​​មុន​ថា នឹង​បិទទ្វារ​ស្ថានទូត​និង​កុងស៊ុល​យ៉ាងហោច​ណាស់​ក៏​២៥​កន្លែង​ដែរ។ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​​អាមេរិក បាន​ចាប់​បាន​​សំឡេង​សន្ទនា​​រវាង​ក្រុម​អាល់កៃដា​និង​បណ្តាញ​​​ខ្លួន ស្តីពី​​សកម្មភាព​រៀបចំ​គម្រោង​វាយប្រហារ​​​អាមេរិក។ ក្នុង​ព័ត៌មាន ទាំងនេះ ក៏​មាន​ប្រាប់​ពី​ថ្ងៃខែ​នៃ​ការ​វាយប្រហារ​​ផងដែរ។ ក្រុងវ៉ាស៊ីនតោន​គិតថា ការវាយប្រហារ​នេះ នឹង​ធ្វើ​ឡើង​នៅ​មជ្ឈិមបូព៌ា រឺ​ក៏​នៅ​ជុំវិញស្ថានទូត​ណាមួយ។ ​មេដឹកនាំ​ក្រុម​អាល់កៃដាថ្មី អាល់ហ្សាវ៉ាហ៊ីរី បាន​​ចោទ អាមេរិក​ថាបាន​​រួមដៃ​ជាមួយ​កងទ័ព​អេហ្ស៊ីប ​​ទម្លាក់​​​ប្រធានាធិបតីមរស៊ី។​​

​ទាក់ទង​នឹង​សុវត្ថិភាព​សន្តិសុខ​នេះដែរ បណ្តា​បស្ចិម​ប្រទេស​ដូច​ជា បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ក៏​បាន​ប្រកាស​បិទទ្វារ​​ស្ថានទូត​ខ្លួន​នៅ​ទីក្រុង​សាណា ប្រទេស​យេម៉ែន​ផងដេរ​។ កាលពី​ថ្ងៃ​អាទិត្យ​កាណាដា បាន​សំរេច​ចិត្ត​បិទទ្វារ​​ស្ថានទូត​ខ្លួន​ នៅ​​​បង់ក្លាដែស៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close