ផល​វិបាក​នៃ​អំពើ​ហិង្សា​​ក្នុង​គ្រួសារ

ដោយ  ផល សុវណ្ណវត្តី
Cambodia News

នៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន អំពើហិង្សាក្នុងគ្រួសារនៅតែជាបញ្ហាចោទ ដែល​ធ្វើ​ឲ្យអន្តរាយ ហើយបានបន្ទុចបង្អាក់ការអភិវឌ្ឍ និងសេចក្តីសុខ សុភមង្គល​នៅ​ក្នុង​គ្រួសារ​ផង និងនៅក្នុងសង្គមជាតិផង។

ស្ទើរតែជារៀងរាល់ថ្ងៃ ដែល​សារ​ព័ព៌​មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ពីបញ្ហា​អំ​ពើ​ហិង្សា​ក្នុង​គ្រួសារ ដែលក្នុងនោះមានប្តីវាយប្រពន្ធ ឪពុក វាយកូន ពេលខ្លះ ប្រពន្ធកាប់ប្តី កូន​សម្លាប់​ឪពុក។ល។ និង។ល។ ដែលនាំសមាជិកគ្រួសារខ្លះបានធ្លាក់ខ្លួនពិការ បាត់ បង់ កម្លាំង ពលកម្ម និងបាត់បង់ជីវិតក៏មាន ហើយ​អ្នក​ដែល​បង្ក​របួស​ស្នាម​ក៏​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់ពីច្បាប់ព្រហ្មទណ្ឌ ដែល​នាំ​ឲ្យ​ជាប់​ពន្ធនា​គារ។ ទាំង​នេះ​សុទ្ធ​តែ​ជា​បន្ទុក​របស់​សង្គម។

កន្លងមក រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដោយមានអង្គការ Trocaire ផង​បាន​ខិតខំជួយផ្សព្វផ្សាយ និង​បង្កើន​ការ​យល់​ដឹង​ពី​ផល​វិបាក​ដែល​បណ្តាល​មក​ពី​អំពើ​ហិង្សា​ក្នុង​​គ្រួសារតាមរយៈការអប់រំដោយផ្ទាល់ផង និងដោយប្រយោលផង។  កាលពីដើមឆ្នាំ ២០១២ នេះ អង្គការ Trocaire បាន​ជួយ​បណ្តុះ​បណ្តាល​ដល់​អ្នក​សារព័ត៌​មាន​ទាំង​ផ្នែក​បោះ​ពុម្ព ទាំងវិទ្យុ និងតាមគេហទំព័រ និង​ក្រុម​និសិត្ស​សារព័ត៌មានចំនួន ១៥ នាក់ ដើម្បី​ឲ្យ​ពួកគេ​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​សាធារណជន​ពី​ផលវិបាក​ដែល​បណ្តាល​មក​ពី​ការ​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ។

លោកស្រី រស់ សុភាពនាយិកាប្រតិបត្តិនៃអង្គការ យេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា មាន​ធ្លាប់បានប្រសាសន៍ថា ការ​ប្រើប្រាស់​អំពើ​ហឹង្សា​រវាង​បី្ត និងប្រពន្ធ ការ​ប្រើប្រាស់​អំពើ​ហឹង្សា​ក្នុងគ្រួសារគឺវាខុសទាំងស្រុងហើយ ប៉ុន្តែត្រូវអាស្រ័យទៅលើច្បាប់អំពើហឹង្សា និង​កិច្ចការ​ពារ​ជន​រង​គ្រោះ ទើបគិតទៅដល់ច្បាប់ក្រមព្រហ្មទណ្ឌ។

លោក​ស្រី បានបញ្ជាក់ថា ការប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារពេលខ្លះ នាំ​ឲ្យ​សមាជិក​ក្នុង​គ្រួសារ​បានបឹ្តងផ្តល់គ្នា ដែលនាំឲ្យ​ខាត​ពេល​វាលា​ក្នុង​ការងារ និង​ការ​ប្រកប​មុខរបរ​ផ្សេងៗ​ ហើយប្រសិនបើគ្រួសារណាមានឪពុកម្តាយ ឬ​ក៏​អាណា​ព្យាបាល​ស្ថិត​ក្នុង​ស្ថាន​ភាព​​​នេះ គឺ​អាច​បណ្តាល​ឲ្យកូនៗមានអារម្មណ៍មិនល្អ ដែល​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​រៀនសូត្ររបស់ពួកគេ។

លោក​ស្រីបានបន្ថែម ការប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារគឺនាំឲ្យខាតបង់ ដោយ​លោក​ស្រីទទូចថា ប្រសិន​បើមាន​បញ្ហា​គូជម្លោះ​ដែល​ជា​សមាជិក​ក្នុងគ្រួសារត្រូវតែចេះអត់ធ្មត់ និងរកវិធីដោះស្រាយដោយសន្តិវិធីជាជាងការប្រើហិង្សា។

អ្នកបំពេញការងារអប់រំស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារបានឲ្យដឹងថា អំពើ​ហិង្សា​ក្នុងគ្រួសារមិនមែនមានតែលើផ្លួវកាយនោះទេ តែ​ក៏មានហិង្សារផ្លួវចិត្ត និង​ផ្នែក​សេដ្ឋ​កិច្ច​ផងដែរ៕  (អត្ថបទនេះសរសេរឡើងក្រោមការគាំទ្រពីអង្គការ Trocaire)  ២៨ ឧសភា ឆ្នាំ ២០១២)

Related Articles

Back to top button
Close
Close