យុវជនប្រតិកម្មរហ័សក្រុងភ្នំពេញចូលរួមវគ្គបំប៉នពិសេសលើសមត្ថភាពព័ត៌មាន
ក្រុមការងារយុវជនប្រតិកម្មរហ័សរាជធានី ប្រមាណ ៥០០ នាក់ ត្រូវបានបំប៉នលើសមត្ថភាពព័ត៌មាន តាមរយៈការចូលរួមវគ្គបំប៉នពិសេស ដើម្បីពង្រឹងការងារបន្ថែម លើការងារតាមដាន ការប្រមូល ការសរសេរ និងការបញ្ចេញព័ត៌មាន នៅតាមបណ្ដាញផ្សព្វផ្សាយព័ត៌មានក្នុងសង្គមកម្ពុជា កាលពីថ្ងៃទី២១ ឧសភា ២០១២ នៅរាជធានីភ្នំពេញ។
អភិបាលរងរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានលើកឡើងថា យុវជនត្រូវយកចិត្តទុកដាក់ ក្នុងការចាប់យកចំណេះដឹងបន្ថែមឲ្យបានច្បាស់លាស់ ហើយត្រូវបំពេញតួនាទីរបស់ខ្លួន នៅក្នុងសកម្មភាពបម្រើផលប្រយោជន៍លើវិស័យព័ត៌មាន ដល់ប្រជាពលរដ្ឋ ព្រមទាំងការពារនូវសមិទ្ធផល និងសន្ដិភាព ដែលសម្រេចបាន។
លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពពត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយថា ការចែករំលែកនូវការយល់ដឹង និងបទពិសោធន៍ការងារថ្មីៗ បន្ថែមដល់ក្រុមយុវជន ក្នុងការយកទៅប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៅក្នុងសង្គម។
លោកបានបន្តថា យុវជនទាំងអស់ត្រូវក្ដាប់ព័ត៌មាន និងបញ្ចេញព័ត៌មានឲ្យបានលឿនប្រកបដោយប្រសិទ្ធភាព សម្រាប់បកស្រាយពន្យល់ដល់សាធារណជនឲ្យបានដឹង ហើយប្រព័ន្ធផ្សព្វផ្សាយបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ជាពិសេសក្រុមយុវជនត្រូវទទួលព័ត៌មានឲ្យបានឆាប់រហ័ស ដើម្បីយកមកបកស្រាយពន្យល់ទៅប្រជាពលរដ្ឋ អំពីការពិតនៃសភាពការណ៍ ស្របតាមការយល់ដឹង និងទស្សនៈរបស់ប្រជាពលរដ្ឋ៕