បារាំង​ទៅ​ចែចង់​ម៉ាឡេ​ស៊ី​លក់​​យន្តហោះ​ប្រដេញ​និង​នុយក្លេអ៊ែរ​ស៊ីវិល

ការ ​លក់​យន្តហោះ​ប្រដេញ​ប្រភេទ Rafale និង​បច្ចេកវិទ្យា​នុយក្លេអែរ​ស៊ីវិល​ គឺ​ជា​ប្រធានបទ​សំខាន់​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្រ្តី​ បារាំង នៅ​ប្រទេស​ម៉ាឡេស៊ី​សប្តាហ៍​ក្រោយ​នេះ ក្នុង​ក្រប ខ័ណ្ឌ​ទស្សនកិច្ច​មួយជុំ​នៅ​អាស៊ី។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ស្និទ្ធ​នឹង​នាយក​រដ្ឋមន្ត្រី​។

 លោក ​នាយក​រដ្ឋមន្ត្រី​បារាំង Jean-Marc Ayrault នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​នៅ​អាស៊ី​ ដោយ​ចាប់​ផ្តើម​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​មក​កូរ៉េខាង​ត្បូង និង​នូវែលកាលីដូនី នៅ​​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ។

កម្មវត្ថុ​នៃ​​​​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការនេះ គឺ​ចង់​អូសទាញ​ឱ្យ​​ ​ម៉ាឡេស៊ី​ ​ជ្រើសរើស​ទិញ​យន្តហោះ​ចម្បាំង​ពី​បារាំង ព្រោះ​បារាំង​ជា​ប្រទេស​អ្នក​ផ្គត់ផ្គង់​ដំបូង​គេ​បង្អស់​ សម្ភារៈ​យោធា​ដល់​ម៉ាឡេស៊ី ឯ​ចំណែក​ម៉ាឡេស៊ី​វិញ​ក៏​ជា​ប្រទេស​ដៃគូ​ទី៥​របស់​បារាំង​ ប្រចាំ​តំបន់​អាស៊ី បន្ទាប់​ពីចិន ជប៉ុន សិង្ហបុរី និង​កូរ៉េខាង​ត្បូង។

ម៉ាឡេស៊ី ត្រូវ​ការ​ប្តូរ​យន្តហោះ​ចម្បាំង​ចាស់​គំរិលប្រភេទ MIG-២៩​ ចេញ​ ដោយ​មាន​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​ថ្មី​មក​ចំនួន​១៨​គ្រឿង នៅ​ឆ្នាំ​២០១៥។ នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​ប្រកួត​ប្រជែង​ទាំង​៥ គេ​សង្កេត​ឃើញ​មាន​ក្រុមហ៊ុនផលិត​យន្តហោះ​​បារាំង Dassault ស្ថិត​ក្នុង​ជម្រើស​របស់​ម៉ាឡេស៊ី​មួយ​ស្រាប់​ទៅ​ហើយ។  យន្តហោះ​ប្រដេញ​បារាំង​មាន​គូប្រជែង​​ធំៗដូចជា Eurofighter Typhoon​របស់ក្រុមហ៊ុន​រួម​អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី – Gripen​របស់​ក្រុមហ៊ុន​Saab ស៊ុយអែត – F/A ១៨E/F Boeing​ អាមេរិក​ និង​យន្តហោះ​ប្រដេញ​រុស្ស៊ី​Su-៣០។

ក្រៅ​អំពី​វិស័យ​យោធា​ ម៉ាឡេស៊ី​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍នឹង​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិលផង​ ដែរ ថ្វីដ្បិត​តែ​មិន​មែន​ជា​តម្រូវ​ការ​បន្ទាន់​ភ្លាម​ ក្នុង​ពេល​បច្ចុប្បន្ន​មែន ប៉ុន្តែវិស័យ​ថាមពល​នុយក្លេអ៊ែរ​នេះ​មាន​ចែង​ក្នុង​គម្រោង​​​ស្វែង​រក​ ប្រភពទូទៅ​។

គម្រោង​សាង​សង់​ខ្សែ​រថភ្លើង​ល្បឿន​លឿន ភ្ជាប់​ពីទីក្រុង​ កូឡាឡាំពួរ ទៅ​ក្រុង​សិង្ហបុរី​ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​​បារាំង​សំឡឹង​ឃើញ​ និង​ចង់​ដណ្តើម​យក​ទីផ្សារ​នេះ​​ នា​ឱកាស​ទស្សនកិច្ច​របស់​លោក​នាយក​ រដ្ឋមន្ត្រី​បារាំង​នៅ​ម៉ាឡេស៊ី​​​ដែរ៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close