ជំហានឆ្ពោះ​ទៅ​គ្រប់គ្រង​ទឹក​អាស៊ីត​ដ៏​តឹងតែង​ដើម្បី​ការពារស្ត្រី

នៅ​ប្រទេស​ឥណ្ឌា តុលាការ​កំពូល​ទើប​ចេញ​សាលក្រម​​​ឱ្យ​រដ្ឋ​ក្នុង​សហព័ន្ធ​ទាំង​អស់​​ គ្រប់គ្រង់​ការ​លក់​ដូរ​ទឹកអាស៊ីត ឱ្យ​បាន​តឹង​តែង​បំផុត​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​វាយប្រហារ​ជះ​ទឹក​អាស៊ីត​លើ​ស្ត្រី​ភេទ។  អាស៊ីត​ស៊ុលហ្វួរិច ក្លរីឌ្រិច មា​ន​ធ្វើ​ចរាចរណ៍​ទិញ​លក់​ដោយ​សេរី​ ពេញ​ផ្ទៃ​ប្រទេស​ ព្រោះ​ជា​ផលិតផល​ដែល​ប្រើ​ជាទូទៅ​សម្រាប់​សម្អាត​​ផ្ទះ​សម្បែង​ ឬ​សម្រាប់​ឧស្សាហកម្ម ប៉ុន្តែ​ក៏​ត្រូវ​បាន​បុរសៗ​ទិញ​យកទៅ​​​ ជះ​ដាក់​មុខ​ស្ត្រី​ៗ​ដើម្បី​សងសឹក​។ គេ​សង្កេត​ឃើញ​មាន​ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​រាប់រយ​ករណី​ ក្នុង​មួយ​ឆ្នាំៗ។

តុលាការ​កំពូល​បាន​ដាក់​កំហិត ឱ្យ​ពេល​បី​ខែ​ដល់​អាជ្ញាធរ​ រដ្ឋាភិបាលតំបន់​ទាំង​អស់​ អនុម័ត​ច្បាប់​កំណត់​ការ​ធ្វើ​ពាណិជ្ជកម្ម​ទឹក​អាស៊ីត​​ ដ៏​តឹង​តែង​បំផុត ដែល​មាន​ចែង​ដូច​តទៅ ៖ ហាម​មិន​ឱ្យ​លើក​ទឹក​អាស៊ីត​ដល់​ក្មេង​មិន​ទាន់​ពេញ​វ័យ (ក្រោម​១៨​ឆ្នាំ)។ បន្ទាប់​មកទៀត​ អ្នក​ទិញ​ត្រូវ​មាន​បង្ហាញ​អត្តសញ្ញាណប័ន​ដល់​​អ្នក​លក់​ទើប​អាច​ទិញ​ផលិតផល ​អាស៊ីត​ណាមួយ​បាន។ ធ្វើ​យ៉ាង​ដូច្នេះ​គេ​អាច​ស្គាល់មុខ​ និង​មានដាន​អ្នក​ទិញ។ ចំពោះ​ពាណិជ្ជករ និង​អ្នក​លក់​វិញ ត្រូវ​ធ្វើ​របាយការណ៍​ប្រកាស​អំពី​បរិមាណ​អាស៊ីត​នៅ​ក្នុង​ឃ្លាំង និង​ចំនួន​លក់​ដូរ​ប្រចាំ​ថ្ងៃ​ដល់​ប៉ូលិស។ ជា​ចុង​ក្រោយ អាជ្ញាធរ ត្រូវ​បង់​ប្រាក់​សំណង​៤០០​០អឺរ៉ូ​ដល់​ជន​រងគ្រោះ ព្រមទាំង​ចេញ​ថ្លៃ​ព្យាបាលទៀត។

កាលពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១២ ពេល​មាន​បាតុកម្ម​ជាតិ​ប្រឆាំង​នឹង​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​ស្ត្រី សភា​ឥណ្ឌា​បាន​អនុម័ត​ច្បាប់​ជា​លើកទីមួយ ដាក់​ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​ថា ជា​ទង្វើ​ឧក្រិដ្ឋកម្ម​ ដោយ​ត្រូវ​ទទួលទោស​ជាប់​ពន្ធនាគារ​១០​ឆ្នាំ។ ប៉ុន្តែ​ការ​ដាក់​ទោស​លើ​បុរស​ចិត្ត​អមិត្ត​នេះ​​គ្រប់គ្រាន់​ទេ​។ ការ​វាយ ប្រហារ​ទឹកអាស៊ីត​នៅ​តែ​មាន​ច្រើន​ករណី​ដដែល​ នា​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។

សមាគមន៍​ជន​រងគ្រោះ​បាន​សម្តែង​ការ​អបអរ​ចំពោះ​ចំណាត់ការ​ថ្មី​របស់​តុលាការ ​កំពូល ព្រោះ​ ឧទាហរណ៍​ជាក់​ស្តែង​នៅ​ប្រទេស​បង់ក្លាដែស ដែល​វិធានការ​បែបនេះ​បាន​កាត់​បន្ថយ​ការ​វាយប្រហារ​ដោយ​ទឹកអាស៊ីត​គួរ​ឱ្យ​ កត់​សម្គាល់។ ប៉ុន្តែ​គេ​ត្រូវ​រង់​ចាំ​មើល​ក្រិត្យ​ច្បាប់​ចូល​ជា​ធរមាន​សិន​ និង​ពិសេស​រង់ចាំ​មើល​ការ​អនុវត្តន៍​ជាក់​ស្តែង​​សិន​ ទើប​អាច​និយាយ​អំពី​ប្រសិទ្ធិភាព​ច្បាប់​បាន៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close