ក្រសួងមហាផ្ទៃចេញបំរាមមិនឲ្យយកលទ្ធផលនៃការបោះឆ្នោតលេងជាល្បែងភ្នាល់
Cambodia News/
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកក្កដា នេះ ក្រសួងមហាផ្ទៃ បានចេញបំរាមមួយប្រាប់ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ មិនឲ្យមានការយល់លទ្ធផល នៃការបោះឆ្នោតខាងមុខលេងជាល្បែងភ្នាល់នោះឡើយ។
ការចេញបំរាមនេះធ្វើឡើងបន្ទាប់ពីនៅតាមបណ្តាខេត្តរាជធានីមួយ ចំនួនដូចជា រាជធានីភ្នំពេញ ខេត្តព្រៃវែង បានកើតឡើងនូវសកម្មភាពយកលទ្ធផលឆ្នោតរបស់គណបក្សនយោបាយមកលេងជា ល្បែងភ្នាល់ខុសច្បាប់។
បើតាមក្រសួងមហាផ្ទៃ ទង្វើនេះ គឺជាទង្វើខុសច្បាប់ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ម្យ៉ាងទៀតជាការផ្សព្វផ្សាយ ឬការស្ទង់មតិខុសច្បាប់មួយ ដែលបង្កឲ្យមានចលាចល និងប៉ះពាល់ដល់ដំណើរការបោះឆ្នោត ដែលបាននឹងកំពុងប្រព្រឹត្តទៅក្នុងបរិយាកាសមួយដ៏ល្អប្រសើរ។
សូមបញ្ជាក់ថា ការចេញបំរាមរបស់ក្រសួងមហាផ្ទៃនេះ គឺបន្ទាប់មួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ្នកនាំពាក្យរាជរដ្ឋាភិបាលកាល ពីម្សិលមិញ បានដាក់បញ្ជាឲ្យមានការតាមចាប់ខ្លួនអ្នកដែលធ្វើការស្ទង់មតិ ក្លែងបន្លំស្តីពីលទ្ធផល នៃការបោះឆ្នោតខាងមុ្ទខ៕