អង់គ្លេសដាក់គំនាបលើភូមាឱ្យគោរពសិទ្ធិមនុស្ស
នាឱកាសទទួលស្វាគមន៍ នៅទីក្រុងឡុងដ៍ថ្ងៃចន្ទម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រីអង់គ្លេស ដេវីត កាមឺ រោន (David Cameron) បានជំរុញលោកប្រធានាធិបតីភូមា ថេន សេន ដែលធ្លាប់ជាអតីតមេទាហាន គោរពនិងការពារសិទ្ធិមនុស្ស។ នេះជាលើកទីមួយដែល ប្រធានាធិបតីភូមា អញ្ជើញទៅបំពេញ ទស្សនកិច្ច ផ្លូវការ នៅអង់គ្លេស – ប្រទេសដែលធ្លាប់ធ្វើអាណានិគមលើភូមា។
ជាមួយ នឹងការលាកម្រាលព្រំក្រហមទទួលស្វាគមន៍ លោកនាយករដ្ឋមន្ត្រីអង់គ្លេស បានសម្តែងការអបអរ និងចាត់ទុកដំណើរមកដល់ក្រុងឡុងដ៍របស់លោកប្រធានាធិបតីភូមា ថេន សេន ថាជាទស្សនកិច្ច ជាប្រវត្តិសាស្ត្រ។
ក្នុងជំនួបម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រីអង់គ្លេស បានឆ្លៀតជំរុញភូមា ផ្តើមចេះគិតគូរ ពីពាក្យថា គោរពសិទ្ធិមនុស្ស និងដោះស្រាយវិបត្តិសហគមន៍នៅក្នុងតំបន់។ សិទ្ធិមនុស្ស ចង់សំដៅលើក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលជ្រកកោនក្នុងទឹកដីភូមា ប៉ុន្តែមិនត្រូវបានទទួលស្គាល់ថាជនជាតិភាគតិចមួយទេ និងត្រូវរងគ្រោះពីភាពរើសអើងសាសនា។ ការប៉ះទង្គិចហិង្សាទើបតែនឹងបានផ្ទុះឡើងរវាងបណ្តាជនភូមាអ្នក កាន់ព្រះពុទ្ធសាសនា និងក្រុមអ៊ីស្លាមភាគតិចរ៉ូហ៊ីងយ៉ា រហូតមានស្លាប់ជាង២០០នាក់ និងរាប់សិបនាក់ភៀសខ្លួន។
ប៉ុន្តែជាទូទៅ ទាំងសហគមន៍អន្តរជាតិ ទាំងអង់គ្លេស សុទ្ធតែ បានទទួលស្គាល់ និងកោតសរសើររដ្ឋាភិ បាលស៊ីវិលថ្មីភូមា ចំពោះសកម្មភាពធ្វើកំណែទម្រង់ជាច្រើនគួរឱ្យកត់សម្គាល់ នារយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ។ ដើម្បីជាការលើកទឹកចិត្ត កាលពីឆ្នាំទៅ លោក ដេវីត កាមឺរោន បានក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសដំបូងគេ ដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅភូមា។
លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រីបានលើកឡើងអំពីទំនាក់ទំនង ដែលអង់គ្លេស និងភូមា ចង់ធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា មានជាអាទិ៍ការពង្រឹងចំណងការទូត ពាណិជ្ជកម្ម វិនិយោគ និង ជំនួយអភិវឌ្ឍន៍ ដោយមិនភ្លេចឡើយវិស័យយោធា។
សូមបញ្ជាក់ថា តាំងពីឆ្នាំ២០១១មក ភូមាបានជ្រើសរើសមាគ៌ាប្រជាធិបតេយ្យ ធ្វើកំណែទម្រង់នយោបាយគួរជាទីភ្ញាក់ផ្អើល ដោយបានទទួលមកវិញនូវការស្វាគមន៍ និងទទួលស្គាល់ពីអន្តរជាតិ។លោក ថេន សេន អញ្ជើញទៅបរទេសជាញឹកញាប់ ដើម្បីស្វែងរកការគាំទ្រ។ បន្ទាប់ពីប្រទេសអង់គ្លេស លោកប្រធានាធិបតីនឹងបន្តដំណើរមកប្រទេសបារាំងទៀត ក្នុងសប្តាហ៍នេះ៕ដោយ អៀង សុខម៉ិញ (RFI)