ការរើសអើងនៅក្នុងគ្រួសារនាំឲ្យអ្នកផ្ទុកមេរោគអេដស៍អស់សង្ឃឹម
Cambodia News/
ភ្នំពេញ៖ អង្គុយនៅលើបង់ថ្មដោយមានទឹកមុខស្រពាប់ស្រពោន យុវជនម្នាក់បានរំលឹកពីរឿងអតីតកាលដែលគួរឲ្យឈឺចាប់ ហើយបានបន្សល់ទុកនូវការលំបាកមកដល់សព្វថ្ងៃ។
ស្ថិតក្នុងវ័យទើប ២១ ឆ្នាំ សុដា បានកំព្រាឳពុកម្តាយតាំងពីតូច ហើយរូបគេកំពុងរស់នៅជាមួយមេរោគអេដស៍ (ផ្ទុកមេរោគអេដស៍) រួចទៅហើយ។ សុដា បានដឹងថា ខ្លួនមានមេរោគអេដស៍នៅឆ្នាំ ២០០៦ ដោយអះអាងថា ខ្លួនបានឆ្លងនេះតាមរយៈការប្រើប្រាស់ម្ជុលចាក់សាក់។
បន្ទាប់ពីដឹងថា ខ្លួនមានផ្ទុកមេរោគអេដស៍មក សុដា ទទួលរងនូវការរើសអើងយ៉ាងខ្លាំងពីក្រុមគ្រួសារដែលមានបងប្អូនចំនួន៦នាក់ ដោយការរើសអើងនេះបានធ្វើឲ្យខ្លួនគេអស់សង្ឃឹម។
មានទឹកភ្នែករលីងរលោង សុដា បាននិយាយមួយៗថា “ជីវិតរបស់ខ្ញុំរសាត់តែលតោល ស្ទើរតែមិនហ៊ានចូលផ្ទះ ព្រោះសមាជិកគ្រួសារមានការើសអើង តាំងពីការរស់នៅហូបចុក ស្លៀកពាក់ និងការប្រើប្រាស់របស់របរផ្សេងៗទៀត។ ពេលខ្លះ បងប្អូនបានស្ដីបន្ទោសខ្លាំងៗទៀតផង ដោយពេលខ្លះខ្ញុំបានបង្ខំចិត្តយកសំឡីមកញុកក្នុងត្រចៀកទាំងសងខាងធ្វើជាមិនដឹងមិនឮអ្វីទាំងអស់”។
“ខ្ញុំមានអារម្មណ៍តូចចិត្តណាស់ ព្រោះអត់មានការយកចិត្តទុកដាក់ពីក្រុមគ្រួសារ។ ពួកគេអត់មើលខ្ញុំទេ ហើយខ្ញុំមានអារម្មណ៍ថា ជីវិតខុសពីអ្នកដទៃ” នេះជាសំដីរបស់ សុដា ដោយរូបគេបានបញ្ជាក់ថា ខ្លួនបានប៉ុនប៉ងលោតពីលើស្ពានដើម្បីធ្វើអត្តឃាតជាច្រើនលើករួចមកហើយ តែត្រូវបានគេជួយសង្គ្រោះ។
សុដា ដែលសព្វថ្ងៃរស់នៅម្តុំច្បារអំពៅក្នុងរាជធានីភ្នំពេញ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ម៉ឺននាក់ដែលកំពុងរស់នៅជាមួយមេរោគអេដស៍។ បើតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសកម្ពុជានៅចុងឆ្នាំ ២០១១ មានអ្នកផ្ទុកមេរោគអេដស៍ចាប់ពីអាយុ ១៥ ឆ្នាំឡើងប្រមាណជា ៧៥.៣៤៤ នាក់ ដែលក្នុងនោះមានចំនួន ៤៦.៤៨១ នាក់កំពុងព្យាបាលដោយប្រើថ្នាំប្រឆាំងមេរោគអេដស៍ ឬថ្នាំពន្យាជីវិត ខណៈដែល ៥៣.១៦៦ នាក់ត្រូវការព្យាបាលថ្នាំប្រភេទនេះ។
របាយការណ៍បានឲ្យដឹងថា នៅឆ្នាំ ២០១៥ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧០.៨៨៥ ហើយមាន ៥៧.៩៧១ នាក់ត្រូវការព្យាបាលថ្នាំប្រឆាំងមេរោគអេដស៍។
ក្រសួងសុខាភិបាល អង្គការសង្គមស៊ីវិល និងម្ចាស់ជំនួយដែលពាក់ព័ន្ធនឹងការងារប្រយុទ្ធនឹងជំងឺអេដស៍បានស្វែងរកគំនិតថ្មីៗធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាមិនមានការឆ្លងថ្មីនៃមេរោគអេដស៍នៅឆ្នាំ ២០២០។ ស្ថាប័នទាងនោះបានរួមគ្នាជួយកាត់បន្ថយការមាក់ងាយ និងការរើសអើងដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមគោលដៅងាយរងគ្រោះឯទៀតៗ ដូចជាបុរសស្រឡាញ់បុរស និងអ្នកប្រើប្រាស់គ្រឿងញៀន ដើម្បីធ្វឲ្យពួកគេបានទទួលសេវា សេវាព្យាបាល ថែទាំ សេវាសុខភាព និងសេវាសង្គមផ្សេងៗទៀតបានស្មើភាពនៅក្នុងសង្គម។
ចំពោះ សុដា វិញ បច្ចុប្បន្ន បានទទួលការអប់រំផ្ដល់កម្លាំងចិត្តទាំងផ្លូវចិត្តស្មារតី និងផ្ដល់ថ្នាំប្រឆាំងមេរោគអេដស៍ (ថ្នាំពន្យាជីវិត) ពីអង្គការខាណា។ បន្ទាប់ពីទទួលបានសេវាអប់រំពីខាណាមក សុដា មានការយល់ដឹងចេះពិចារណាពីតម្លៃជីវិតរបស់ខ្លួននិងទទួលយកនូវពាក្យអប់រំថា ការគិតខ្លីគឺជារឿងមិនល្អឡើយ ពិសេសការចង់សម្លាប់ខ្លួននេះ។
គួរបញ្ជា្កក់ថា អត្ថបទនេះផលិតឡើងក្រោមជំនួយសប្បុរសធម៌ពីប្រជាជនអាមេរិកតាមរយៈ USAID។ រាល់ខ្លឹមសារដែលមានក្នុងអត្ថបទនេះគឺជាការទទួលខុសត្រូវរបស់អង្គការខាណា និងមិនបានឆ្លុះបញ្ចាំងទស្សនៈរបស់ USAID ឬរដ្ឋាភិបាលអាមេរិកឡើយ។
សុដា បានបញ្ជាក់ថា “គេ [មន្រ្តីអង្កការខាណា] ប្រាប់ខ្ញុំថា កុំឲ្យគិតច្រើន និងត្រូវរស់នៅដូចគេដូចឯង ហើយចាំគេឲ្យថ្នាំពន្យាជីវិតលេប និងត្រូវតែមានក្តីសង្ឃឹម”។
ដោយបង្ហាញពីបំណងចង់រៀនជួសជុលទូរស័ព្ទ ដើម្បីមានឱកាសនៅរស់ប្រកបរបរចញ្ចឹមជីវិតនៅក្នុងសង្គម សុដា ចាប់ផ្តើមមានអារម្មណ៍រីករាយ និងមានទឹកចិត្តចង់បន្តរស់នៅ ព្រមទាំងអំពាវនាវដល់អ្នករស់នៅជាមួយមេរោគអេដស៍ទាំងអស់មិនត្រូវអស់សង្ឃឹមឡើយ ហើយត្រូវការពារមិនឲ្យមេរោគអេដស៍ឆ្លងទៅអ្នកដទៃ។
បន្ថែមពីលើនេះ សុដា ក៏បានអំពាវនាវដល់សាធារណជនកុំឲ្យមានការរើសអើងអ្នកផ្ទុកមេរោគអេដស៍ ព្រោះពួកគេក៏ជាជនរងគ្រោះ៕ ដោយ លី បេឡា