ចិន​ជម្លៀស​មនុស្ស​កន្លះ​លាន​នាក់​ពី​គ្រោះ​ព្យុះ​សង្ឃរា​ស៊ូលិក

ទោះ​បី​ ជា​មានឥទ្ធិពល​ធ្លាក់​ខ្សោយ​បន្តិចក្តី​ ក៏​នៅ​ថ្ងៃ​អាទិត្យ​នេះ អាជ្ញាធរ​ចិន បាន​ជម្លៀស​បណ្តាជន​ប្រមាណ​កន្លះ​នាក់​ រស់​នៅ​ភាគ​ខាង​កើត​ប្រទេស ដើម្បី​គេច​នឹង​ព្យុះ​សង្ឃរា ស៊ូលិក (Soulik)។​ ព្យុះ​ស៊ូលិក ​នឹង​វាយបោក​បក់​ ពាំ​នាំ​យក​ទឹក​ភ្លៀង​យ៉ាង​ច្រើន ដែល ​​អាច​បង្ក​ជា​ទឹក​ជំនន់ និង​ការ​ហូរ​បាក់​ដីភក់ផង។

ព្យុះ​ ស៊ូលីក បាន​បោក​បក់​មក​ដល់​ឆ្នេរ​​Fujian របស់​ចិន ក្នុង​ល្បឿន​១២០គ.ម.ក្នុង​ម៉ោង មុន​បន្ថយ​ឥទ្ធិពល​មក​ត្រឹម​​ជា​ព្យុះ​រដូវ​វស្សា។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី បណ្តា​ជន​ជាង​កន្លះ​លាន​នាក់​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីមាន​សុវត្ថិភាព​ កង​កម្លាំង​ទាហាន​ប្រមាណ​ជាង​៥៥០០​នាក់ បាន​ប្រមូល​ផ្តុំ​ដើម្បី​ជួយ​សង្គ្រោះ។ ព្រោះ​ក្នុង​រយៈ​ពេល​តែ​មួយ​យប់​ថ្ងៃ​សៅរ៍​ឆ្លង​មក​ថ្ងៃអាទិត្យ​នេះ កំពង់​ផែ​សមុទ្ទ​របស់​ក្រុង​បាន​លិច​លង់​ ទឹក​ស្ទឹង​​បាន​ជោរ​ឡើង​ហួស​កំរិត​ប្រកាស​អាសន្ន​ និង​មាន​រលក​ ​កម្ពស់​ជាង​១០​ម៉ែត្រ​ កំពុង​វាយ​បោកគំរាម​ទំនប់​Ningde។

បើ​តាម​សារព័ត៌មាន​ផ្លូវការ​ចិន ស៊ីនហួ នាវា​គ្រប់ប្រភេទ​ប្រមាណជិត ៣១០០០​ទូក​បាន​ចូល​ចត​ក្នុង​កំពង់​របស់​តំបន់។ មុន​នឹង​មក​ដល់​ចិន ព្យុះ​ស៊ូលិក បាន​ពន្លិច​ភូមិដ្ឋាន​ភាគ​ខាង​ជើង​តៃវ៉ាន់ ព្រម​ទាំង​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង​ ព្រៃ​ព្រឹក្សា​ ជាមួយ​ល្បឿន​ខ្យល់​២២០គ.ម.ក្នុង​មួយ​ម៉ោង និង​ផ្តាច់​ជីវិត​មនុស្ស​អស់​ពីរ​នាក់ បាត់​ខ្លួន​ម្នាក់ របួស​ជាង​១០០​នាក់។

សូម​បញ្ជាក់​ថា ក្នុង​មួយ​សប្តាហ៍​នេះ ប្រទេស​ចិន​មួយ​ភាគ​ធំ​ ពី​ទិស​ខាងកើត ដល់​ភាគ​និរតី​ រងគ្រោះ​ព្យុះ​ភ្លៀង​រដូវ​វស្សា យ៉ាង​ធ្ងន់ធ្ងរ ជា​ពិសេស​នៅ​ខេត្ត ស៊ីឈ័ន​ មនុស្ស​ជាង​ពីរ​នាក់​បាន​ស្លាប់​និង​បាត់​ខ្លួន ក្នុងគ្រោះ​បាក់​ដី​ហូរ​ភក់​ បង្ក​ឡើង​ដោយ​ទឹក​ភ្លៀង​ ដែល​ធ្លាក់​ឥត​ឈប់​តាំង​ពី ថ្ងៃ​អាទិត្យ​មុន​មក៕​ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close