ហង្ស ពិសី និង ស៊ិន សុម៉ាលី គេចខ្លួនមិនវិលត្រឡប់មកកម្ពុជាវិញក្រោយការចេញទៅសម្តែងនៅអាមេរិក
Cambodia News
ព័ត៌មានកម្សាន្ត
ភ្នំពេញ៖ បន្ទាប់ពីបេសកម្មចេញទៅសម្តែងនៅក្នុងទឹកដីសហរដ្ឋអាមេរិក ដែលមានរយះពេល ៣ខែតារាចម្រៀង២រូបគឺនាង ហង្ស ពិសី និងនាង ស៊ិន សុម៉ាលី មិនបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញឡើយ បើទោះបីជាតារា ដែលបានចេញសម្តែងជាមួយអ្នកទាំងពីរនាក់ដូចជាលោក សុះ ម៉ាច និងលោកណូយ វ៉ាន់ណេត បានវិលត្រឡប់តាមការកំណត់ហើយនោះ។
តារាចម្រៀងទាំងពីរដួងខាងលើនេះមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការសម្តែងនៅទីនោះបានចប់សព្វគ្រប់ឡើយ បន្ទាប់ពីពួកគេបានលបលួចរៀបការជាមួយបុរសនៅទីនោះដើម្បីមានឱកាសបានសិទ្ធជ្រកកោននៅក្នុងទឹកដីដ៏ធំទូលាយមួយនេះ។
ទោះជាយ៉ាងសមាគមសិល្បះខ្មែរនៅសហរដ្ឋអាមេរិកបានត្រៀមរៀបចំឯកសារមួយចំនួនដាក់នៅតាមស្ថានទូតនានានិងបានប្តឹងសមត្ថកិច្ចនៅទីនោះ ដើម្បីស្វែងរកការចាប់ខ្លួនតារាចម្រៀងទាំងពីរនាក់បញ្ជូនមកប្រទេសកម្ពុជាវិញ។
លោក សុះ ម៉ាច ប្រធានសមាគមសិល្បះករខ្មែរ និងជាអ្នករួមដំណើរចេញទៅសម្តែងនៅសហរដ្ឋអាមេរិកជាមួយតារាចម្រៀងទាំងដូងនេះបានអះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៣នេះថា សមាគមខ្មែរនៅសហរដ្ឋអាមេរិកបានផ្តល់ដំណឹងពីការគេចខ្លួនរបស់តារាចម្រៀងទាំងពីរនាក់នេះ និងបានសហជាមួយនឹងរូបលោកដើម្បីចាត់ការទៅលើរឿងនេះ។ លោកបញ្ជាក់ថា ការរត់គេចមិនព្រមត្រឡប់មកប្រទេសកម្ពុជាវិញតាមការកំណត់ និងបានលួចរៀបការដោយស្ងាត់ៗរបស់តារាចម្រៀងទាំងពីរនាក់នេះគឺជាករណីរំលោភច្បាប់ និងរំលោភលើកិច្ចសន្យា ដែលតាមច្បាប់អ្នកទាំងពីរត្រូវសងប្រាក់ទៅសមាគមខ្មែរនៅសហរដ្ឋអាមេរិកក្នុងម្នាក់ចំនួន៥ម៉ឺនដុល្លារ ដែលសំណងនេះជាថ្លៃជំងឺចិត្តចំពោះតារាចម្រៀងទាំងពីរដែលបានគេចមិនសម្តែងតាមការកំណត់។លោកបន្ថែមថា បច្ចុប្បន្នលោកនិងសមាគមខ្មែរនៅរដ្ឋឡូវែលសហរដ្ឋអាមេរិកកំពុងតែពិភាក្សាគ្នាចាត់ការណ៍នៅក្នុងរឿងខាងលើនេះ ហើយសមាគមសិល្បះករខ្មែរនឹងចេញសេចក្តីប្រកាសដកតារាទាំងពីរនាក់នេះចេញពីសមាជិករបស់សមាគមផងដែរ។
សមាគមសិល្បះករខ្មែររូបនេះបានចាត់ទុកទង្វើរបស់តារាទាំងពីរនាក់នេះជាការខុសឆ្គងបំផុត និងជាអំពើដែលខុសច្បាប់ ដែលវាអាចជះឥទ្ធិពលអាក្រក់ដល់សិល្បះករខ្មែរដ៏ទៃទៀតដែលមានបំណងចេញទៅសម្តែងនៅសហរដ្ឋអាមេរិក។លោកបានសម្តែងការសោកស្តាយនិងបានព្រមានមិនអាចអត់ឱនបាននូវទង្វើ ដែលតារាទាំងពីរនាក់នេះបានប្រព្រឹត្តនៅពេលនេះឡើយ។
លោកនិយាយថា នៅក្នុងពេលដែលតារាទាំងពីរនាក់នេះបានសម្តែងនៅសហរដ្ឋអាមេរិកជាមួយលោកនោះគឺពួកគេបានបង្ហាញខ្លួនតែប៉ុណ្ណោះShow ប៉ុណ្ណោះ ហើយនៅពេលដល់ថ្ងៃកំណត់រូបលោកបានវិលមកកាន់ប្រទេសកម្ពុជាមុន ខណះពេលតារាទាំងពីរនាក់ខាងលើនេះនៅបន្តវីសាសម្តែងនៅទីនោះរយះពេល១ខែទៀត។ ទោះជាយ៉ាងណានៅក្នុងខណះពេលនោះពួកគេមិនបានធ្វើតាមកិច្ចសន្យាឡើយ ដោយបានរត់គេចទៅរៀបការដោយលួចលាក់ ក្នុងគោលបំណងបានសិទ្ធរស់នៅទីនោះ។
លោក សុះ ម៉ាច បញ្ជាក់ថា ការរស់នៅមិនស្របច្បាប់របស់តារាចម្រៀងទាំពីរនាក់នៅក្នុងសហរដ្ឋអាមេរិកគឺមិនអាចគេចផុតពីសំណាញ់ច្បាប់នៅក្នុងប្រទេសនេះឡើយ ពោលពួកគេនិងត្រូវបានបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញដោយស្វ័យប្រវត្តិ ប្រសិនបើFBI បានស្វែងរកឃើញកន្លែងដែលពួកគេកំពុងលាក់ខ្លួននោះ ហើយពួកគេនិងត្រូវបានដកសិទ្ធមិនឲ្យចេញទៅអាមេរិកជារៀងរហូត។
លោកនិយាយថា យើងបានព្យាយាមពន្យល់ពួកគេឲ្យវិលត្រឡប់មកស្រុកខ្មែរសិន តែពួកគេមិនបានស្តាប់យើងឡើយ ហេតុនេះយើងមិនអាចអនុគ្រោះបានឡើយនូវទង្វើដែលពួកគេបានធ្វើនេះ។ ប្រសិនបើយើងអនុគ្រោះដល់ពួកគេគឺវាអាចជះឥទ្ធិពលមិនល្អដល់សិល្បះករខ្មែរដ៏ទៃទៀតដែលត្រូវចេញទៅសម្តែងនៅអាមេរិក ដោយសារគេអាចនឹងពិបាកចេញលិខិតឆ្លងដែនឲ្យយើង។
ក្នុងនាមប្រធានសិល្បះករខ្មែរ លោក សុះ ម៉ាច បានអំពាវនាវដល់តារាទាំងពីរនាក់ខាងលើនេះវិលមកកាន់ប្រទេសកម្ពុជាវិញ នៅមុនពេលដែលលិខិតឆ្លងដែនរបស់ពួកគេមិនទាន់ផុតកំណត់។ប្រសិនបើពួកគេមិនវិលត្រឡប់មកប្រទេសកម្ពុជាវិញទេនោះ ពួកគេនិងប្រឈមមុខពីការប្តឹងក្នុងការរស់នៅសហរដ្ឋអាមេរិកដោយមិនស្របច្បាប់ ដែលអាចនឹងមានទោសដោយត្រូវគេចាប់បញ្ជូនមកស្រុកខ្មែរវិញ ហើយពួកគេនឹងគ្មានឱកាសនិងបានវិលត្រឡប់ទៅរស់នៅជាមួយស្វាមីនៅទីនោះបន្តទៀតឡើយ។លោកក៍បានធ្វើការអំពាវនាវដល់ក្រុមគ្រួសាររបស់តារាទាំងពីរនាក់នេះឲ្យជួយពន្យល់ និងបញ្ចុះបញ្ចូលឲ្យពួកគេត្រឡប់មកកម្ពុជាវិញ ហើយត្រូវធ្វើលិខិតឲ្យបានត្រឹមត្រូវតាមច្បាប់ប្រសិនបើពួកគេមានបំណងចង់រស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់នោះ៕ ស.រ