បក្សប្រឆាំង​ស៊ីរី​បដិសេធ​ការ​ចោទប្រកាន់​របស់​រុស្ស៊ី​ថា​ខ្លួន​ប្រើ​អាវុធ​ជាតិពុល​

នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​​នេះ ​​សម្ព័ន្ធ​ជាតិ​ស៊ីរី​ដែល​មាន​សមាសភាពភាគច្រើន​មក​ពីគណបក្ស​​ប្រឆាំង​នោះ ​បាន​ច្រាលចោល​ការ​ចោទប្រកាន់​របស់​រុស្ស៊ី​ ដែល​​ថា​​ក្រុមឧទ្ទាម​​​​បាន​ប្រើប្រាស់​អាវុធ​ជាតិ​ពុល​​ក្នុង​ការ​ វាយ ប្រហារ​​​នៅ​​ជិត​ក្រុង​អាឡេប ខាង​ជើង​ស៊ីរី​ កាល​ពី​ថ្ងៃ​១៩​មិនា កន្លង​ទៅ។ សម្ព័ន្ធ​​ប្រឆាំង​បាន​ចោទ​ទៅ​ក្រុង​ម៉ូស្គូ​វិញ​ថា​មាន​បំណង​​បិទបាំង​អំពើ ​ឧក្រិដ្ឋ​របស់​រដ្ឋា​ភិបាល​លោក​​​អាសាដ។ ដោយឡែក​ ​អ្នក​ស៊ើបអង្កេត​អង្គការ​សហប្រជាជាតិ​​ពីរ​រូប​បាន​យល់ព្រម​ចុះ​ទៅ​ក្រុង​ ដាម៉ាសតាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​លោក​អាសាដ ដើម្បី​​ពិភាក្សាអំពី​ការ​ប្រើប្រាស់​​ជាយថាហេតុ​នូវ​អាវុធ​មាន​ជាតិគីមី​​ ក្នុង​ការ​វាយប្រហារ​​ក្នុង​ប្រទេស​​កន្លងមក។

នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ សម្ព័ន្ធ​ជាតិ​ស៊ីរី​ដែល​មាន​សមាសភាព​សមាជិក​ភាគច្រើន​មក​ពី​បក្ស​ប្រឆាំង​ នោះ ​​​បាន​បដិសេធ​យ៉ាង​ដាច់​អហង្កា​នូវ​ការ​ចោទ​ប្រកាន់​របស់​​​រុស្ស៊ី ដែល​ថាក្រុម​ឧទ្ទាម​​បាន​ប្រើអាវុធ​ជាតិពុល​​​ក្នុង​ការ​វាយប្រហារ​​​មួយ​នៅ ខាន់ អាល់អាសាល់​ ​ជិត​ក្រុង​អាឡេប​ ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី​កន្លង​មក។ គួរ​រំលឹក​ថា កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ ក្រុង​ម៉ូស្គូ​បាន​ប្រកាស​ថា ខ្លួន​មាន​ភស្តុតាង​ថា​​ក្រុម​ឧទ្ទាម​បាន​ប្រើប្រាស់​​ឧស្ម័ន​សារ៉ាំង​ដែល​ ជា​ឧស្ម័ន​បង្កប់​ដោយ​ជាតិ​ពុល។ បក្សប្រឆាំង​ស៊ីរី​​បាន​ចោទ​ទៅវិញថា​ រុស្ស៊ី​មាន​បំណង​បិទបាំង​អំពើ​ឧក្រិដ្ឋ​របស់​រដ្ឋាភិបាល​លោក​អាសាដ។ បក្សប្រឆាំង​​​​បន្ថែម​ថា មាន​តែ​រដ្ឋាភិបាល​​លោក​អាសាដ​ប៉ុណ្ណោះ​​ដែល​មាន​បច្ចេកទេស​ប្រើអាវុធ​ គីមីបែបនេះ។

ទាក់ទង​នឹង​ការ​ប្រើប្រាស់​អាវុធ​ជាតិ​គីមី​នេះដែរ​​ ​អ្នកស៊ើបអង្កេត​អង្គការ​សហប្រជាជាតិ​ពីររូប​បាន​យល់ព្រម​ទៅ​តាម​ការ​អញ្ជើញ ​របស់​រដ្ឋាភិបាល​​លោក​អាសាដ ​ចុះ​ទៅ​ក្រុង​ដាម៉ាសពិភាក្សា​គ្នា​​។ ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​ពី​ពេល​វេលា​ពិតប្រាកដ​នៃ​ការ​ពិភាក្សា​នេះ​ នៅឡើយ​ទេ។ រដ្ឋាភិបាល​​​ស៊ីរី​​ទទូចអ្នកជំនាញ​​​​អង្គការ​សហប្រជាជាតិ​អោយ​ផ្តោត​ សំខាន់​ទៅ​លើ​​ប្រការ​ដែល​ថា ក្រុម​ឧទ្ទាម​អាច​នឹង​ប្រើ​អាវុធ​ជាតិគីមី​វាយប្រហារ​នៅ​​ជិត​ក្រុង​​អាឡេប។ ដោយឡែក​ អង្គការ​សហប្រជាជាតិ​​បាន​រំលឹក​ឡើងវិញ​ថា ក្រុម​ស៊ើបអង្កេត​ខ្លួន​ចង់​ចូល​​អោយ​បាន​ទូលំទូលាយ​​ក្នុង​តំបន់​​​ស្ថិត​ ក្នុង​ការ​ចោទ​ប្រកាន់​​ថា​មាន​ប្រើ​អាវុធ​គីមី​នោះ។ ​

នៅ​ក្នុង​​ឧកាស​ប្រារព្ធ​បុណ្យ​សាសនា​រ៉ាម៉ាដង់​នៅ​ពេល​នេះ​​ សម្ព័ន្ធ​ប្រឆាំង​​បាន​​សុំអោយ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​​លើ​ រដ្ឋាភិបាល​លោក​អាសាដ អោយ​បញ្ឈប់​ការ​បាញ់គ្នា​​​នៅ​ក្រុង​ហូម​ ជាបណ្តោះ​អាសន្ន​សិន។ នៅ​ទីនោះ កងទ័ព​ស៊ីរី​បាន​វាយប្រហារ​​​អស់​រយៈ​ពេល​​​​​​ជិត​ពីរ​សប្តាហ៍​មកហើយ។ ហើយ​​បុណ្យ​រ៉ាម៉ាដង់​នេះ​ដែរ គឺមកដល់​​ចំពេល​ដែល​​ប្រជាជន​​​​កំពុង​តែ​​​ខ្វះខាត​ស្បៀង​អាហារ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close