អង់គ្លេសបញ្ជួនជនអ៊ីស្លាមនិយម Abou Qatada ទៅអោយហ្សកដានីកាត់ទោស
នៅថ្ងៃអាទិត្យនេះ អង់គ្លេសបញ្ជួនជនអ៊ីស្លាមនិយមAbou Qatada អោយទៅប្រទេសហ្សកដានី ដើម្បីធ្វើការកាត់ទោសពីបទភេរវកម្ម។ Abou Qatada អាយុ៥៣ឆ្នាំ ដែលមានដើមកំណើតនៅហ្សកដានី ជាប់ចោទពីបទរៀបចំភេរវកម្មកំទេចសាលារៀនអាមេរិកមួយកន្លែងនៅក្រុង អាម៉ាន់។ នៅអឺរ៉ុប Qatada ត្រូវបានគេចាត់ទុកថា ជាអ្នកការទូតតំណាងអោយមេភេរវកម្មBen Laden។ ការបញ្ជូនជនអ៊ីស្លាមនិយមរូបនេះទៅអោយហ្សកដានីវិញ ធ្វើឡើងបន្ទាប់ពីអង់គ្លេសនិងហ្សកដានីបានអនុម័តរួមគ្នានូវសន្ធិសញ្ញាមួយដាក់កំហិតថា ហ្សកដានីនឹងមិនប្រើទារុណកម្មទៅលើរូបជនសង្ស័យដើម្បីស្វែងរក ភស្តុតាងនោះទេ។
នៅថ្ងៃអាទិត្យ នេះ យន្តហោះបានដឹក Abou Qatada ដែលជាជនជាប់ចោទពីបទភេរវកម្ម ធ្វើដំណើរពីភាគខាងលិចទីក្រុងឡុងដ៍ ឆ្ពោះទៅកាន់ទីក្រុងអាម៉ាន់ ប្រទេសហ្សកដានី។ នៅទីនោះ ផ្នែកយុត្តិធម៌យោធាហ្សកដានីត្រូវទទួលខ្លួនជនជាប់ចោទ។
នេះ ជាកិច្ចសហប្រតិបត្តិការរវាងអង់គ្លេសនិងហ្សកដានី បង្ហាញអោយជនដៃដល់ភេវកម្មផ្សេងទៀតយល់ថា ខ្លួនត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ចៀសមិនរួច។ Abou Qatada មានឈ្មោះដើមថា Omar Mahmoud Mohammed Othman អាយុ៥៣ឆ្នាំ ត្រូវបានតុលាការហ្សកដានីដាក់ទោសប្រហារជីវិតដោយកំបាំងមុខ ក្នុងឆ្នាំ ១៩៩៩ ពីបទរៀបចំភេរវកម្មប្រហារសាលារៀនអាមេរិកមួយកន្លែងនៅក្រុង អាម៉ាន់។ បន្ទាប់មក ទោសនេះបានបន្ថយមកនៅត្រឹមជាប់ពន្ធនាគារមួយជីវិតវិញ។ នៅឆ្នាំ២០០០ តុលាការការបានកាត់ទោសអោយ Abou Qatada ជាប់គុក១៥ឆ្នាំ ពីបទរៀបចំភេរវកម្មមួយផ្សេងទៀត។ នៅពេលនេះ តុលាការហ្សកដានីត្រូវធ្វើការកាត់ទោសសារជាថ្មីឡើងវិញ។
Abou Qatada បានមកដល់អង់គ្លេសក្នុងឆ្នាំ១៩៩៣ ដើម្បីសុំសិទ្ធិជ្រកកោន។ នៅអង់គ្លេស Qatada បានបង្ហាញពីទស្សនៈប្រឆាំងបស្ចិមប្រទេស ប្រឆាំងអាមេរិកព្រមទាំងជនជាតិហ្ស៊ីហ្វ ហើយតែងតែជាប់ពន្ធនាគារញឹកញយ ដោយសារតែធ្វើសកម្មភាពខុសច្បាប់អង់គ្លេស។
អស់រយៈពេលច្រើនឆ្នាំនេះ នៅចំពោះមុខតុលាការអង់គ្លេសនិងតុលាការអឺរ៉ុប Qatada បានព្យាយាមការពារខ្លួនអោយរួចផុតពីការបណ្តេញចេញពីទឹកដី អង់គ្លេស។ ប៉ុន្តែ នៅខែឧសភាកន្លងមក ជនជាប់ចោទរូបនេះសុខចិត្តត្រលប់ទៅហ្សកដានីវិញ ក្នុងល័ក្ខខ័ណ្ឌអោយមានការកាត់ទោសដោយយុត្តិធម៌។ ប៉ុន្មានសប្តាហ៍មុននេះ ស្របតាមល័ក្ខខ័ណ្ឌតុលាការអឺរ៉ុប អង់គ្លេសនិងហ្សកដានីបានអនុម័តរួមគ្នានូវសន្ធិសញ្ញាមួយ តំរូវអោយហ្សកដានីចៀសវាងប្រើទារុណកម្មលើរូប Qatada។ បើមិនដូច្នេះទេ ជនជាប់ចោទរូបនេះមិនអាចចាកចេញពីអង់គ្លេសបានឡើយ៕ដោយ ព្រំ សឿន សូលីណា (RFI)