ឧត្តមសេនីយ៍ភូមាម្នាក់ទទួលទណ្ឌកម្មពីអាមេរិក
សហរដ្ឋ អាមេរិកបានសម្រេចដាក់ទណ្ឌកម្ម លើឧត្តមសេនីយ៍ភូមាម្នាក់ ឈ្មោះ ថេន ហ្តាយ (Thein Htay) ពីបទមានជាប់ពាក់ព័ន្ធរកស៊ីជួញដូរអាវុធជាមួយនឹងកូរ៉េខាងជើង។ នេះប្រភពព័ត៌មានក្រសួងហិរញ្ញវត្ថុអាមេរិក។ សេចក្តីសម្រេចចិត្តរបស់អាមេរិកនេះ ត្រូវបានរដ្ឋាភិបាលភូមា បដិសេធ មិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់។
ជាទណ្ឌកម្មដែលសំដៅចំលើតែបុគ្គលម្នាក់ ជាឧត្តមសេនីយ៍នៅភូមា ដែលរកស៊ីជួញដូរអាវុធដោយខុសច្បាប់ជាមួយនឹងកូរ៉េខាងជើង។ មិនពាក់ព័ន្ធនឹងរដ្ឋាភិបាលភូមា ដែលបាននិងកំពុងបន្តខិតខំកាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយរបប កុម្មុយនិស្តព្យុងយ៉ាង ! នេះជាការគូសបញ្ជាក់ច្បាស់ៗក្នុងសេចក្តីប្រកាសព័ត៌មានរបស់ អាមេរិក។
ថេន ហ្តាយ ជាឧត្តមសេនីយ៍ ដឹកនាំការិយាល័យរដ្ឋាភិបាលទទួលបន្ទុកឧស្សាហកម្មយោធា ដែលមិនបានគោរពកាតព្វកិច្ចស្របតាមច្បាប់អន្តរជាតិ នៅតែចចេសបន្តទិញសម្ភារៈយោធាពីកូរ៉េខាងជើង នឹងត្រូវអាមេរិកបិទខ្ទប់ទ្រព្យទាំងឡាយនៅបរទេស និងមិនអាចទាក់ទងរកស៊ីអ្វី ជាមួយពលរដ្ឋអាមេរិកណាម្នាក់បានឡើយ។
រដ្ឋាភិបាលភូមា មិនបានធ្វើអត្ថាធិប្បាយអ្វី ជុំវិញសំណុំរឿងនេះ។ អ្នកនាំពាក្យរដ្ឋាភិបាល បានត្រឹមគូសបញ្ជាក់ថា ភូមាមិនបានទទួលព័ត៌មានលម្អិតអ្វីពីអាមេរិកទេ។ សូមបញ្ជាក់ថា តាំងពីខែវិច្ឆិកា ២០១២ មករដ្ឋាភិបាលភូមាបានប្រកាសគោរពតាមសេចក្តីសម្រេចចិត្តរបស់អង្គការ សហប្រជាជាតិលេខ ១៨៧៤ ដែលហាមឃាត់ដាច់ខាតមិនឱ្យមានទិញដូរវត្ថុនិងសម្ភារៈយោធាពី កូរ៉េខាងជើង ដើម្បីបង្អត់ថវិកាក្រុងព្យុងយ៉ាងកុំឱ្យមានលទ្ធភាពពង្រីក សកម្មភាពរីកសាយភាយយោធា។
អាមេរិកក៏បានទទួលស្គាល់ការខិតខំរបស់រដ្ឋាភិបាលក្រុងណៃពិដោ ក្នុងការដកខ្លួនឱ្យឃ្លាតឆ្ងាយពីកូរ៉េខាងជើង។ ការសរសើរនេះធ្វើឡើងនាឱកាសទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នៅភូមា កាលពីចុងឆ្នាំ២០១២៕ដោយ អៀង សុខម៉ិញ (RFI)