ឈូក បណ្ឌិត ត្រូវបានចាប់ខ្លួននាព្រឹកថ្ងៃពុធនេះ
Cambodia News
ស្វាយរៀង៖ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃពុធនេះ នៅខេត្តមណ្ឌលគិរី នេះបើតាមមន្ត្រីតុលាការខេត្តស្វាយរៀង។
អតីតអភិបាលក្រុង បាវិត លោក ឈូក បណ្ឌិត ត្រូវបានតុលាការសាលាដំបូងខេត្តស្វាយរៀង បានសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ១ឆ្នាំ៦ខែ គិតចាប់ពីថ្ងៃចាប់ខ្លួន តាមអំណាចសាលក្រមលេខ១០ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ដែលបានចោទប្រកាន់តាមមាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ ពីបទបង្កឲ្យមានរបួសដោយអចេតនា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។
តុលាការ សាលាដំបូងខេត្តស្វាយរៀង ក៏បានសម្រេចផ្តន្ទាទោសលោក ឈូក បណ្ឌិត តាមមាត្រា២៣៦ នៃក្រមព្រហ្មទណ្ឌ ដោយតម្រូវឲ្យសងជំងឺចិត្ត គិតជាទឹកប្រាក់២០លានរៀល ទៅឲ្យជនរងគ្រោះ ឈ្មោះប៊ុន ចិន្តា និងសងជំងឺចិត្ត គិតជាទឹកប្រាក់១០លានរៀល ទៅឲ្យជនរងគ្រោះ ឈ្មោះនុត សាខន និងសងជំងឺចិត្ត ទៅឲ្យជនរងគ្រោះ ឈ្មោះកែវ នា ចំនួន៨លានរៀល។
ក្នុងសំនុំរឿងក្តីនោះ កាលពីថ្ងៃទី២៥មិថុនា ឆ្នាំ២០១៣ ចៅក្រមក៏បានសម្រេចផ្តន្ទាទោសលោក ស ចន្ថា នាយផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាវិត ត្រូវបានចៅក្រមសម្រេចឲ្យរួចផុតពីបទបង្ករបួសស្នាម ដោយអចេតនា ប៉ុន្តែផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈ៦ខែ និងពិន័យជាប្រាក់ ១លានរៀល ហើយប្រាក់ ១ លានរៀលនោះ ដាក់ចូលជាថវិការបស់រដ្ឋ ពីបទល្មើសតាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ គ្រាប់រំសេវ ហើយប្រើប្រាស់អាវុធខុសច្បាប់៕