អេស្ប៉ាញបំបែកសម្បុកអាល់កៃដាដែលជាអ្នកបញ្ចូនក្រុមភេរវករអត្តឃាតទៅស៊ីរី
នៅក្នុងសប្តាហ៍នេះ អាជ្ញាធរអេស្ប៉ាញបានវាយបំបែកសម្បុករបស់ក្រុមអាល់កៃដា នៅទីក្រុងCeuta របស់អេស្ប៉ាញដែលស្ថិតនៅក្នុងទឹកដីប្រទេសម៉ារ៉ុក។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់អេស្ប៉ាញបានបង្ហាញ កាលពីថ្ងៃម្សិលមិញ នូវឯកសារវីដេអូ ដែលបង្ហាញថា ក្រុមអាល់កៃដា បានរើសក្រុមជីហាត ដើម្បីទៅបំផ្ទុះភេរវកម្មអត្តឃាត នៅក្នុងប្រទេសស៊ីរី។ នៅថ្ងៃអាទិត្យទី ២៣ មិថុនា នៅស៊ីរី ភេរវកម្មអត្តឃាតបានកើតឡើង ជាថ្មី នៅភាគខាងជើងទីក្រុងដាម៉ាស និងដែលបានបណ្តាលឲ្យមានមនុស្សរបួសជាច្រើននាក់។
ក្រសួងមហាផ្ទៃ អេស្ប៉ាញបានបង្ហាញវីដេអូ ដែលគេរឹបអូសបាន នៅក្នុងសប្តាហ៍នេះ ពីសម្បុកក្រុមអាល់កៃដា នៅក្នុងទីក្រុងCeuta។ ក្នុងវីដេអូ ដែលក្រុមអាល់កៃដា បានថតទុក គេឃើញ និងឮសំដីចុង ក្រោយរបស់អ្នករត់តាក់ស៊ីម្នាក់ ដែលបានចាកចោលប្រពន្ធ និងកូន ដើម្បីស្ម័គ្រចិត្ត ទៅធ្វើភេរវកម្មអត្តឃាត ក្នុងប្រទេសស៊ីរី។
នៅក្នុងវីដេអូ ដែលក្រុមអាល់កៃដាជាអ្នកបានថតដោយផ្ទាល់ កាលពីឆ្នាំ ២០១២ បុរសរត់តាក់ស៊ី បានដុតខ្លួន នៅក្នុងភេរវកម្មអត្តឃាតមួយ ដែលបានសម្លាប់មនុស្ស ១៣០នាក់។ គឺរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានផ្តល់តួលេខ និងព័ត៌មានលម្អិត កាលពីថ្ងៃសៅរ៍ នៅក្នុងសន្និសីទកាសែត។
បើតាមរដ្ឋមន្រ្តី ដដែល ដូចជាអ្នករត់តាក់ស៊ី ភេរវករភាគច្រើនត្រូវក្រុមអាល់កៃដារើសបញ្ចូលពី ប្រទេសម៉ារ៉ុក និងពីទីក្រុងCeuta ដើម្បីបង្កអំពើភេរវកម្មអត្តឃាត នៅស៊ីរី ពោល គឺគេមិនបានរើសទាហាន ដើម្បី ទៅតស៊ូប្រយុទ្ធជាមួយពួកឧទ្ទាមស៊ីរី ប្រឆាំងនឹងរដ្ឋាភិបាលលោកBachar Al Assadទេ ប៉ុន្តែ ក្រុមអាល់កៃ ដា បានរើសក្រុមជីហាតដើម្បីទៅធ្វើភេរវកម្មអត្តឃាតតែម្តង។
តាម អាជ្ញាធរអេស្ប៉ាញ ពេលនេះ គេចាប់បាននិងបំបែក បណ្តាញក្រុមអាល់កៃដា នេះបានទាំងស្រុង។ មនុស្សទាំង៨នាក់ដែលគេចាប់បានក្នុងបទសង្ស័យ ជាប់ទាក់ទងនឹងក្រុមអាល់កៃដា ត្រូវបានគេចាប់ បញ្ជូន យ៉ាងស្ងៀមស្ងាត់ ទៅទីក្រុងម៉ាដ្រីឌ ដែលនៅទីនោះ គេត្រូវប្រឈមមុខ នឹងតុលាការអេស្ប៉ាញ នៅដើម សប្តាហ៍ក្រោយនេះ។
នៅស៊ីរី អំពើភេរវកម្មអត្តឃាតបានកើត នៅថ្ងៃអាទិត្យនេះ នៅមុខប៉ុស្តប៉ូលិសក្នុងទីក្រុងដាម៉ាស។ តាមអង្គការតាមដានសិទ្ធិមនុស្ស នៅស៊ីរី ដែលមានមូលដ្ឋាន ក្នុងទីក្រុងឡុងដ៍ មានមនុស្សយ៉ាងតិច ២នាក់ស្លាប់ និងមានអ្នករបួសផ្សេងទៀត ដែលជាប៉ូលិស និងប្រជាជនស៊ីវិល។ អំពើភេរវកម្មអត្តឃាត បានកើតឡើង នៅមួយថ្ងៃក្រោយ ក្រុមប្រទេសមិត្តស៊ីរី ដែលមានប្រទេសបណ្តាប្រទេសអារ៉ាប់ និងអឺរ៉ុប បានសម្រេច កាលពីថ្ងៃសៅរ៍ម្សិលមិញ ផ្តល់សព្វាវុធដល់ក្រុមប្រឆាំងស៊ីរី។ គេនឹងផ្តល់អាវុធដោយផ្ទាល់ ទៅឲ្យចលនាទាហានស៊ីរីសេរី ដើម្បី ជៀសវាងកុំឲ្យអាវុធធ្លាក់ទៅក្នុងដៃរបស់ក្រុមអ៊ីស្លាមជ្រុលនិយម ដែលគេជឿថា កំពុងធ្វើសកម្មភាពប្រយុទ្ធតបនឹងរដ្ឋាភិបាលស៊ីរីដែរ៕ដោយ ឈាង បុប្ផា (RFI)