ប្រជាជន​ប្រេស៊ីល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល

កាលពី​យប់​ថ្ងៃ​ចន្ទ​ទី ១៧ មិថុនា នៅ​តាម​ទីក្រុង​ធំៗ​របស់​ប្រទេស​ប្រេស៊ីល ប្រជាជន​ជាង​២​​សែន​នាក់​បាន​នាំ​គ្នាធ្វើ​បាតុកម្ម ប្រឆាំង​នឹង​ការដំឡើងថ្លៃ​លើ​មធ្យោបាយ​ធ្វើដំណើរ។ ពួកគេ​ថ្កោលទោស​ផងដែរ ពី​អំពើ​ហិង្សា​របស់​ប៉ូលិស និង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល។ បាតុកម្ម​ដ៏​កម្រ​នឹង​មាន​របស់​ប្រជាជន​ប្រេស៊ីល បាន​ធ្វើ​ឡើង នៅ​ខណៈ​ដែល​ប្រេស៊ីល​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​បាល់ទាត់​ ពិភពលោក នៅឆ្នាំ​ក្រោយ ឆ្នាំ២០១៤។

បាតុកម្ម ​បាន​ផ្ទុះ​ឡើង ស្ទើរ​នៅគ្រប់ទីកន្លែង​ក្នុង​ប្រទេស​ប្រេស៊ីល។ នៅទីក្រុង​​Rio de Janeiro បាតុកម្ម​សន្តិភាព​បាន​ប្រែក្លាយ​ទៅ​ជា​ហិង្សា នៅ​ពេល​ដែល​ក្រុម​យុវជន​បាន​គប់​ដបសាំង ផ្លែដូង​ទៅលើ​ប៉ូលិស​ដែល​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ដើម្បី​រារាំង​បាតុករ​​មិន​ឲ្យ​ចូល​ទៅ​លុកលុយ នៅ​ក្នុង​វិមាន​រដ្ឋាភិបាល។ ក៏មានដែរ ការប្រឈមមុខ​ដាក់គ្នា នៅរដ្ឋធានី​Brasilia ជាទី​ដែល​បាតុករ​បាន​ព្យាយាម​សម្រុក​ចូល​វិមាន​ប្រធានាធិបតី។

ចលនា​តវ៉ា​ប្រឆាំង​បាន​កើតមាន​ជាង​មួយ​សប្តាហ៍​មក​ហើយ នៅ​Sao Paulo ដែល​ជា​ទីក្រុង​សេដ្ឋកិច្ច​របស់​ប្រេស៊ីល បន្ទាប់ពី រដ្ឋ​បាន​សម្រេច​ដំឡើង​តម្លៃ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ ប្រមាណ​៧ភាគរយ​បន្ថែមទៀត។ ចលនា​តវ៉ា​បាន​រីកធំឡើងៗ និង​បាន​ប្រែក្លាយ​ជា​បាតុកម្ម​តវ៉ានៅទូទាំង​ប្រទេស ដើម្បី​ប្រឆាំង​នឹង​ អំពើពុករលួយ​របស់​រដ្ឋាភិបាល។

នៅប្រេស៊ីល គេ​មិន​ដែល​ឃើញ​បាតុកម្ម​ទ្រង់ទ្រាយ​ធំបែបនេះ​ទេ​ពីមុនមក។ អាជ្ញាធរ​កំពុង​បារម្ភ​ពី​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព ព្រោះថា បាតុកម្ម​បាន​ផ្ទុះ​នៅ​ចំ​ពេល​ដែល​គេ​កំពុង​រៀបចំ​ការប្រកួត​បាត់ទាត់​ សហព័ន្ធ​ប្រេស៊ីល នៅ​ក្នុង​រយៈពេល​ពីរសប្តាហ៍​នេះ។ ការប្រកួត​ដែល​ដូចជា​ការហាត់​សម ត្រៀម​ចូល​រួម​ប្រកួត​បាល់ទាត់​ពិភពលោក ដែល​រដ្ឋធានី​ Rio de Janeiro ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ នៅឆ្នាំ​ក្រោយនេះ។

ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយនេះ ប្រេស៊ីល​បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច រហូត​ត្រូវ​បាន​ចូល​ក្នុង​ក្រុម​ប្រទេស​ទើប​មាន​សេដ្ឋកិច្ច​ទើបរីក​លូតលាស់​ ថ្មី។ ប៉ុន្តែ ប្រេស៊ីល​ក្រោម​ការដឹកនាំ​របស់​លោកស្រី​ប្រធានាធិបតី Dilma Rousseff ពេលនេះ កំពុង​ជួប​សេដ្ឋកិច្ច​នៅទ្រឹង និង​តម្លៃ​ទំនិញ ដែល​ចេះ​តែ​ឡើង ជារៀងរាល់ថ្ងៃ។ ក្រុមបាតុករ​មួយចំនួន​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លះបង់​ចោល​កម្មវិធី​រៀបចំ​ ការប្រកួត​បាល់ទាត់​ពិភពលោក​ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋ​ចំណាយ​ថវិកា​ច្រើន។ តាម​ប្រជាជន រដ្ឋាភិបាល​គួរ​ផ្តោត​ថវិកា​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ផ្តល់​ការងារ​ធ្វើ​ដល់​ប្រជាជន៕ ដោយ ឈាង បុប្ (RFI)

Related Articles

Back to top button
Close
Close