អូបាម៉ា ព្រមានទីក្រុងប៉េកាំង ទាក់ទងនឹងចោរលួចព័ត៌មានវិទ្យា
ភាពតានតឹងរវាង សហរដ្ឋអាមេរិកនិងចិនមិនបានធូរស្បើយឡើយ ក្នុងរយៈពេលចុងក្រោយនេះ តែផ្ទុយទៅវិញ វាកាន់តែឡើងកម្ដៅខ្លាំងជាមុនទៀត។ គឺពាក់ព័ន្ធនឹងការវាយប្រហារ និងការលួចយកព័ត៌មានតាមប្រព័ន្ធអ៊ីនធែនែត។ លោក បារ៉ាក់ អូបាម៉ា បានធ្វើការវាយប្រហារជាពាក្យសំដីចំៗតែម្តង ទៅលើប្រទេសចិនថាកំពុងតែធ្វើឱ្យចំណងរវាងប្រទេសទាំងពីរ ប្រេះឆា។
លោក ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានបង្ហាញពីជំហររបស់ខ្លួនថា ចិនពិតជាបានយល់ច្បាស់ណាស់ អំពីការពិភាក្សាគ្នា រវាងអាមេរិក-ចិន ទាក់ទងនឹងសំណុំរឿងចោរលួចព័ត៌មានវិទ្យា។ ហើយប្រសិនចិននៅតែមានចេតនា មិនយល់អំពីបញ្ហានេះ វានឹងធ្វើឱ្យ ទំនាក់ទំនងរវាង ប្រទេសទាំងពីរ នឹងកាន់តែធ្លាក់ចុះដុនដាបទៅៗ។ នេះបើតាម ប្រកាសរបស់លោក តាមទូរទស្សន៍រដ្ឋមួយ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ។
នៅក្នុងការប្រកាសនោះលោក អូបាម៉ាបានរម្លឹកឡើងវិញអំពី ប្រធានបទ ខាងលើដែលរូបលោក បានពិភាក្សាផ្ទាល់ ជាមួយថ្នាក់នាំចិន កាលពីដើមខែ មិថុនា។ ដែលកាលនោះលោក ស៊ី ជីងពីងបានអះអាងថា ចិន ក៏ជាជនរង់គ្រោះមួយរូបដែរ។
ដោយមិនបង្អង់យូរលោក អូបាម៉ា បាននិយាយដោយចំៗថា អាមេរិករង់ចាំមើល ចិនសារភាព នូវអ្វីដែលចិនខ្លួនឯងបានប៉ុនប៉ង់មកលើក្រុមហ៊ុន Apple។ លោកបន្ថែមការវាយប្រហារខ្លាំងៗថា ចិនកំពុងតែប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ដោយហួសព្រំដែនកំណត់។ គឺចិនថែមទាំងបានប៉ុនប៉ង់រហូតដល់ចង់លួចស្តាប់ ការពិភាក្សានានារបស់ អាមេរិកនិងជប៉ុនផងដែរ។
លោក អូបាម៉ាបន្តលើកឡើងថា ថ្មីៗនេះ អាមេរិក បានរកឃើញ មានចោរព័ត៌មានវិទ្យា ដែលមានប្រភពចេញពីរដ្ឋាភិបាល និងក្រុមយោធាររបស់ចិនផ្ទាល់ កំពុងតែ ចូលទៅ ក្នុងប្រព័ន្ធកំព្យុទ័រមេរបស់ក្រុមហ៊ុន Apple ដោយព្យាយាមរកមើល នូវបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុនខាងលើ។ នេះជាអ្វីដែល ថ្នាក់ដឹកនាំអាមេរិកថាជាចោរពិតប្រាកដ ដែលជាទង្វើមួយមិនអាចលើកលែងបាន។
នៅក្នុងរបាយការណ៍មួយដែលបានចេញដោយរដ្ឋាភិបាលអាមេរិក កាលពីថ្មីៗនេះ បញ្ជាក់ថា ចិនបានចូលលួច ស្នាដែកម្មសិទ្ធិបញ្ញាផ្សេងៗ ជាច្រើនរបស់អាមេរិក។ បើគិតជាទឹកប្រាក់ គឺបានធ្វើឱ្យអាមេរិកខាតបង់រហូតដល់រាប់សិបពាន់លានដុល្លាអាមេរិក ក្នុង១ឆ្នាំៗ។
បើតាមការអះអាងរបស់មន្ទីរបញ្ចកោណ ក្រុមចោរព័ត៌មានវិទ្យារបស់ចិន លួចចូលបានសម្រេចម្តងទៅហើយ ក្នុងប្រព័ទ្ធផ្ទុកទិន្នន័យរបស់ក្រុមយោធារអាមេរិក៕ ដោយ ជា ប៊ុនធឿន (RFI)