អង្គការតម្លាភាពកម្ពុជា រៀបចំឲ្យគណបក្សនយោបាយបង្ហាញពីឆន្ទៈប្រឆាំងអំពើពុករលួយ
Cambodia News
ភ្នំពេញ៖ កាលពីថ្ងៃទី១២ មិថុនា បន្ទាប់ពីពិធីចុះហត្ថលេខាដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ គណបក្សនយោបាយដែលនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាខែ កក្កដាខាងមុខអង្គការតម្លាភាពកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ មួយដោយលើកឡើងថា គណបក្សនយោបាយអំពាវនាវឲ្យមានការបញ្ចប់នូវបក្ខពួកនិយម ការរំលោភអំណាចសាធារណៈ និងការខ្វះចន្លោះនៃការគោរពគោលការណ៍នីតិរដ្ឋ។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ឲ្យដឹងថា អត្ថន័យជារួមនៅក្នុងសេចក្តីថ្លែងការណ៍ពីតំណាងគណបក្សនីមួយៗបានលើក ឡើងពីការជំរុញឲ្យមានការដាក់វិធានការប្រកាសទ្រព្យសម្បត្តិ និងសិទ្ធិទទួលបានព័ត៌មានជាសាធារណៈ ដើម្បីលាតត្រដាងអំពើពុករលួយ និងដើម្បីអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព។
សេចក្តី ថ្លែងការណ៍នេះក៏បានបង្ហាញផងដែរថាបក្ខពួកនិយម ប្រាក់បៀវត្សរបស់មន្ត្រីរាជការមានកម្រិតទាប និងការស៊ីសំណូកសូកប៉ាន់នៅក្នុងវិស័យអប់រំក៏ដូចជាការសូកប៉ាន់ នៅក្នុងការដំឡើងឋានន្តរស័ក តួនាទីនៅក្នុងជួររដ្ឋាភិបាលគឺជាការព្រួយបារម្ភដ៏ចម្បងរបស់ គណបក្សទាំងនេះ៕