កូដកម្ម២៤ម៉ោងនៅប្រទេសក្រិក ប្រឆាំងនឹងការបិទស្ថានីយផ្សព្វផ្សាយ
សហជីពកម្មករដ៏ធំពីរក្នុង ប្រទេសក្រិក បានអំពាវនាវឲ្យមានកូដកម្មរយៈពេល២៤ម៉ោងមួយ ដើម្បីជាការប្រឆាំងទៅនឹងការបិទបញ្ឈប់ភ្លាមៗនូវស្ថានីយផ្សព្វ ផ្សាយរបស់រដ្ឋឈ្មោះ E-R-T ។
អ្នក សារព័ត៌មានរបស់ស្ថានីយផ្សព្វផ្សាយ E-R-T កំពុងព្យាយាមប្រើប្រាស់ប៉ុស្តិ៍ analogue និងអ៊ិនធើរណិត ដើម្បីបន្តឲ្យមានកម្មវិធីផ្សាយតទៅទៀត បន្ទាប់ពីមានការបិទការផ្សាយប៉ុស្ដិ៍ទាំងអស់របស់ស្ថាប័ននេះកាល ពីថ្ងៃអង្គារ។
សហជីពកម្មករទាំងឡាយ បានឆ្លើយតបដោយអំពាវនាវឲ្យមានការធ្វើកូដកម្ម។ រីឯស្ថានីយព័ត៌មានឯកជនមួយចំនួនបានបង្ហាញនូវសាមគ្គីភាព ដោយធ្វើការចាក់ផ្សាយរឿងភាគផ្សេងៗ ជំនួសព័ត៌មាន។
គណៈកម្មការសហភាពអឺរ៉ុបនិយាយថា ខ្លួនមិនបានស្នើឲ្យមានការបិទស្ថានីយផ្សព្វផ្សាយនោះទេ។ ចំណែកសមាជិកមួយចំនួននៃបក្សកាន់អំណាច និយាយថាពួកគេមានការខឹងសម្បាយ៉ាងខ្លាំងនឹងការសម្រេចចិត្ត នោះ៕ (Radio Australia)