ប៉ូលិសតួកគីវាយបំបែកហ្វូងបាតុករប្រឆាំងនាយករដ្ឋមន្រ្តី
ក្រុមប៉ូលិសតួកគីប្រដាប់ដោយខែល ដំបង ព្រមទាំងរថពាសដែក និងឡានទឹកផង បានបើកប្រតិបត្តិកាវាយបំបែកហ្វូងបាតុករប្រឆាំង ដែលប្រមូលផ្តុំគ្នា នៅទីលាន Taksim កាលពីព្រឹកថ្ងៃអង្គារនេះ។ មកដល់ថ្ងៃនេះ វាមានរយៈពេលជិត២សប្តាហ៍ហើយ ដែលក្រុមបាតុករប្រឆាំងទាមទារឲ្យនាយក រដ្ឋមន្រ្តីតួកគីបច្ចុប្បន្ន ចុះចេញពីតំណែង។
កាលពីព្រឹកថ្ងៃ អង្គារ៍ ទី១១ មិថុនា ក្រុមប៉ូលិសតួកគី ដែលបំពាក់ដោយ ខែល ដំបង រថពាសដែក និងរថយន្តបាញ់ទឹកផងនោះ បានបង្រ្កាប ក្រុមបាតុករឲ្យចេញពីទីលាន Taksim នៅទីក្រុង Istanbul។ ដោយសារតែកាល ពីយប់ម្សិលមិញនេះ ក្រុមបាតុករប្រមាណជាង១០០នាក់ បាននាំគ្នាប្រើកាំភ្លើងបាញ់ទឹក គ្រាប់បែកផ្សែង និងចោលដំថ្មជាបន្តបន្ទាប់ ពាសពេញទីលាន។ ពួកគេទាមទារឲ្យនាយករដ្ឋមន្រ្តី Recep Tayyip Erdogan ចុះចេញពីតំណែង។
ជិតពីរសប្តាហ៍មកហើយ នៅរៀងរាល់ល្ងាច ក្រុមបាតុករប្រមាណជាង១ម៉ឺននាក់តែងតែប្រមូល ផ្តុំគ្នា នៅក្នុងឧទ្យានជាតិ កណ្តាលទីក្រុង Istanbul ។ គោលបំណង ដើម្បីសុំឲ្យនាយក រដ្ឋមន្រ្តីចុះចេញពីតំណែង។ ក្នុងរយៈពេលនោះដែរពួកគេបាននាំគ្នា ដកដើមឈើ ក្នុងឧទ្យានអស់ប្រមាណជាង៦០០ដើម ដើម្បីសំដែងការមិនពេញចិត្ត។
ពួកគេអះអាងថា នាយករដ្ឋមន្រ្តីបច្ចុប្បន្ន ជាមនុស្សផ្តាច់ការ ដែលចង់ឲ្យតួកគីទាំងមូលក្លាយជាសង្គមអ៊ីស្លាមតឹងរ៉ឹង ជាងមុន។
សូមបញ្ជាក់ថា ក្នុងការបង្រ្កាបខាងលើនេះក្រុមអាជ្ញាធរ បានប្រកាសតាម ប្រដាប់បំពងសម្លេង ដល់ក្រុមបាតុករផ្សេងទៀត កុំឲ្យជ្រួលច្របល់ឲ្យសោះ ព្រោះគេបង្រ្កាបតែក្រុមបាតុករ ដែលបង្កើតចលាចល នៅក្នុងទីលាន Taksim ប៉ុណ្ណោះ។ បាតុករទាំងនោះ អាចតវ៉ាដោយ ស្ងៀមស្ងាត់បាន ដោយរង់ចាំការចចាណាមួយ។
បើតាមអ្នកនាំពាក្យ របស់រដ្ឋភិបាលបានបញ្ជាក់ថា នាយករដ្ឋមន្រ្តី បានណាត់ជួប ជាមួយតំណាងរបស់ក្រុមប្រឆាំងមួយចំនួន នៅថ្ងៃពុធស្អែកនេះ ដើម្បីរកដំណោះស្រាយ។ ហើយនាយករដ្ឋមន្រ្តីបានសន្យាថា ប្រើពេលវេលាដើម្បីស្តាប់នូវ ការទាមទារ ដែលក្រុមបាតុករចង់លើកឡើង។
ក្នុងរឿងនេះ គេមិនរំពឹងថាលោក នាយករដ្ឋមន្រ្តី Erdogan នឹងបន្ទន់ឥរិយាយបទ ចំពោះក្រុម អ្នកប្រឆាំងនោះទេ ដោយលោក សំអាងថា ប្រជាជនភាគច្រើនគាំទ្រនូវនយោបាយរបស់លោក។ ដោយកាលពីប៉ុន្មានថ្ងៃមុន លោក បញ្ជាក់ថាបើក្រុមប្រឆាំងចង់តវ៉ា គេគួរតែរង់ចាំធ្វើវា នៅក្នុងការបោះឆ្នោតសម្រាប់អាណត្តិ ២០១៤ ខាងមុខនេះទៅ។
ហើយកាលពីល្ងាចថ្ងៃដដែលនេះ លោក នាយករដ្ឋមន្រ្តី តួកគី Erdogan បានប្រកាសថាក្រុម បាតុករ មានចេតនាធ្វើឲ្យមានការខូចខាតដល់សេដ្ឋកិច្ច តួកគី។ ដោយលោកសូមឲ្យបាតុករទាំងអស់ បំបែកគ្នាជាបន្ទាន់។ នៅក្នុងបាតុកម្មខាងលើនេះបានបណ្តាលឲ្យមនុស្ស ចំនួន៤នាក់ស្លាប់ ក្នុងនោះមានម្នាក់ជាមន្រ្តីប៉ូលិស៕ដោយ ជា ប៊ុនធឿន (RFI)