អាមេរិក៖ ចិន និង​ឥណ្ឌា​ ​នៅ​តែ​ទិញ​ប្រេង​ពីអ៊ី​រ៉ង់​ដែល​ផ្គើន​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ

អាមេរិក​បញ្ជាក់​សា​ជា​ថ្មី​ថា ក្រុងប៉េកាំង និង ញូដែលី នៅ​តែ​ទទួល​ទិញ​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់​ដដែល បើ​ទោះ​បី​ជា​សហគមន៍​អន្តរជាតិ​កំពុង​ដាក់​គំនាប​ដល់​រដ្ឋាភិបាល​អ៊ីស្លាម​នេះ ក្នុង​លក្ខខណ្ឌ​បញ្ឈប់​ផលិត​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ។

ចិននិងឥណ្ឌា កាលពី​ថ្ងៃពុធ​បាន​ប្រឆាំង​នឹង​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិកដែល​រារាំង​ការ​នាំប្រេង ​ចេញ​របស់​ប្រទេស​អ៊ីរ៉ង់​ទៅ​កាន់​ប្រទេស​ខ្លួន បន្ទាប់ពី​ប្រទេស​ទាំងនេះ បាន​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​ប្រេង​ឆៅ​ពី​រដ្ឋាភិបាល​អ៊ីស្លាម​មួយ​នេះ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ចន ឃែរី កាលពី​ម្សិលមិញ។

លោក ចន ឃែរី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក និង​សហគមន៍​អន្តរជាតិ បាន​គៀក​ស្មា​គ្នា ដាក់​សម្ពាធ​ដល់​របប​ក្រុង​តេអេរ៉ង់ រហូត​ដល់​ប្រទេស​នេះ បាន​បង្ហាញឱ្យ​ពិភពលោក ដឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។ លោក​បន្ត​ថា ក្រុង​ប៉េកាំង និង​ញូវដឺលី គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​២០ ដែល​មិន​ទទួល​យក​ទណ្ឌកម្ម​ដែល​សហគមន៍​អន្តរជាតិ​ដាក់​លើ​ប្រទេស​អ៊ីរ៉ង់។ គួរ​បញ្ជាក់ថា ក្រៅពី​ប្រទេស​ទាំង​ខាង​លើ ដែល​មិន​ទទួល​ស្គាល់​ទណ្ឌកម្ម បញ្ឈប់​ការទិញ​ប្រេង​ពី​អ៊ីរ៉ង់ មាន​ប្រទេស​មួយ​ចំនួន​ដូចជា ម៉ាឡេស៊ី កូរ៉េ​ខាង​ត្បូង សិង្ហបូរី អាមេរិក​ខាង​ត្បូង ស្រីលង្កា តួកគី និងកោះតៃវ៉ាន់ និង​ប្រទេស​មួយ​ចំនួន​មក​ពី​អឺរ៉ុប​ផង​ដែរ។

រដ្ឋាភិបាល​អាមេរិក បាន​ដាក់​កំហិត​ទណ្ឌកម្ម​យ៉ាង​ដូច្នេះ គឺ​ដើម្បី​ឱ្យ​ក្រុង​តេអេរ៉ង បញ្ចប់​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ ហើយ​អាមេរិក​បាន​បញ្ជាក់​ថា ប្រសិន​បើ​រឹង​ទទឹង​ទៀត ក្រុង​តេអេរ៉ង់ អាច​នឹង​ប្រឈម​ភាព​ឯកោ និង សម្ពាធ​កាន់​តែ​ខ្លាំង។ តែទោះ​ជា​យ៉ាង​ណា ទណ្ឌ កម្ម​របស់​សហរដ្ឋ​អាមេរិកនិង​ពិនិត្យ​ឡើង​វិញក្នុង​រយៈពេល​៦​ខែ​ម្តង​ចំពោះ​ក្រុង​តេអេរ៉ង់។ទាក់ទិន ​បញ្ហា​នៃ​ទណ្ឌកម្ម​របស់​អាមេរិក​នេះ​ដែរ កាលពី​ឆ្នាំ​មុន អាមេរិក​បាន​ប្រាប់​វិទ្យាស្ថាន​ហិរញ្ញ វត្ថុ​អន្តរជាតិ មិនឱ្យ​ធ្វើការ​ទាក់ទង​ជាមួយ​ក្រុង​តេអេរ៉ង់​ទៀត​ផង។

បើទោះបីជាអាមេរិក ហាម​មិន​ឱ្យ​ប្រទេស​មួយ​ចំនួន​បញ្ឈប់​ការទិញ​ប្រេង​ពី​រដ្ឋាភិបាល​ក្រុង​ តេហេរ៉ង់​យ៉ាង​ណា​ក៏​ដោយ ក៏​ប្រទេស​ទាំងនោះ​នៅ​តែ​ជំនះ​ចំពោះ​ទណ្ឌកម្ម​នេះ ដោយសារ​ហេតុផល​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​ចាំបាច់​ត្រូវការ​ប្រេង​របស់​ អ៊ីរ៉ង់​ ដើម្បី​ផ្តល់​សន្ទុះ​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន៕(RFI)

Related Articles

Back to top button
Close
Close